
អ្នកចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្តិភាពម្ហូបអាហារនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ កញ្ញា។ រូបថត CCF
កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផលិតស្រាសប្រកបដោយសុវត្ថិភាព ខណៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសដាក់ចេញជាយុទ្ធនាការ ដើម្បីផ្សព្វផ្សាយទៅក្នុងខេត្តគោលដៅចំនួន ៨ ផ្សេងទៀតរហូតដល់ដំណាច់ឆ្នាំនេះ។
កាលពីថ្ងៃទី ១២ កញ្ញា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីរួមគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព ដែលមានអ្នកចូលរួមចំនួន ២៨០ នាក់។
លោក ប្រាក់ ករុណា ប្រធានសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ កញ្ញាថា អគ្គនាយកដ្ឋាន ក.ប.ប. បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ និងការផលិតស្រា ប្រកបដោយសុវត្ថិភាព ដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ។ ក្រៅពីប្រតិបត្តិករអាជីវកម្មម្ហូបអាហារ សិក្ខាសាលានេះ ក៏បានផ្សព្វផ្សាយទៅដល់ស្ថាប័នអនុវត្តន៍ច្បាប់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកផងដែរ។
លោកបញ្ជាក់ថា៖ «កន្លងមក ក.ប.ប យើង បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ជុំវិញការផលិតស្រាស ស្រាថ្នាំនៅក្នុងខេត្ត។ គ្រាន់តែលើកនេះ យើងបានផ្សព្វផ្សាយពីបញ្ហានេះដោយបញ្ជ្រាបបន្ថែម នូវច្បាប់ស្តីពីម្ហូបអាហារ និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ព្រោះច្បាប់ទាំង ២ នេះ ទើបតែត្រូវបានប្រកាសឱ្យប្រើ ដើម្បីយើងទាញភ្ជាប់ទៅនឹងការណែនាំ និងគោលការណ៍មួយចំនួន ដែលទាក់ទងនឹងការផលិតស្រាដែលមិនប្រកបដោយសុវត្ថិភាព»។
តាមការអង្កេតផ្ទាល់ ក្នុងនាមប្រធានសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង លោក ប្រាក់ ករុណា បានអះអាងថា ស្ថានភាពគ្រោះថ្នាក់ពីការពុលស្រានៅក្នុងខេត្ត មានលក្ខណៈល្អប្រសើរ និងថយចុះ។ ប៉ុន្តែយ៉ាងណាក្តី លោក អះអាងថា ការផលិតស្រា ដែលមិនត្រឹមត្រូវ និងប្រកបតាមបទដ្ឋានបច្ចេកទេស នៅតែបន្តមាន ដែលទាមទារឱ្យមានការផ្សព្វផ្សាយ ទន្ទឹមនឹងការចុះអនុវត្តច្បាប់នៅពេលមានឧបទ្ទវហេតុពុលស្រាបានកើតឡើង។
លោកបន្តថា ក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ ករណីពុលស្រានៅក្នុងខេត្តកំពង់ឆ្នាំង បានថយចុះ និងមិនទាន់មានករណីណាមួយដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតថ្មីនៅឡើយដែរ បន្ទាប់ពីខេត្តកំពង់ឆ្នាំង បានកើតមានករណីពុលស្រាទ្រង់ទ្រាយធំកាលពីអំឡុង ២០២០ ដែលសមត្ថកិច្ចខេត្តបានបិទកន្លែងផលិតស្រាចំនួន ៩ទីតាំង និងបានធ្វើការឃាត់ខ្លួនមនុស្សដែលមានការពាក់ព័ន្ធនឹងករណីពុលស្រាសនេះ។
លោកបានបន្ថែមថា៖ «មានអ្នកផលិតយើងខ្លះ យើងថាខូចចុះ ហើយក៏មានអ្នកផលិតយើងមួយចំនួន គាត់នៅតែមិនទាន់យល់ច្បាស់ពីដំណើរការនៃការផលិតស្រា ហើយនៅតែមានការយល់ច្រឡំ ហើយច្នៃចុះ ច្នៃឡើង ហើយពួកគាត់យកមេតាណុលមកដាក់ក្នុងស្រា ដែលធ្វើឱ្យគ្រោះថ្នាក់ដល់អ្នកហូប។ ក្នុងពេលបច្ចុប្បន្ននេះយើងមានករណីពុលស្រា ១ ទៅ ២ ករណី ដែលពាក់ព័ន្ធនឹងស្រាស ហើយយើងបានពិនិត្យទៅ គឺឃើញថា ពួកគាត់ពុលអាហារ ប៉ុន្តែមិនដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតទេ»។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយស្តីពីការផលិតស្រាសប្រកបដោយសុវត្ថិភាពនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប បានថ្លែងថា អគ្គនាយកដ្ឋាន ក.ប.ប បានដាក់ចេញផែនការសកម្មភាពការងារ រហូតដល់ចុងឆ្នាំ ២០២៣ នេះ ដើម្បីធ្វើការចុះផ្សព្វផ្សាយអំពីច្បាប់ និងការយល់ដឹងអំពីស្រា និងការផលិតស្រា និងទោសប្បញ្ញត្តិ ដែលចែងក្នុងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ដែលបង្កឱ្យប៉ះពាល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់។
លោកបន្តថា តាមផែនការ យុទ្ធនាការនេះ រៀបចំសិក្ខាសាលាដែលចាប់ផ្តើមនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ខណៈអគ្គនាយកដ្ឋាន ក.ប.ប នឹងបន្តរៀបចំនៅបណ្តាខេត្តគោលដៅ ចំនួន៨ផ្សេងទៀត ដើម្បីធានាបាននូវការកាត់បន្ថយការពុលស្រាស និងស្រាថ្នាំ ដែលនាំឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលធ្លាប់មានករណីពុលស្រាកើតមាននាពេលកន្លងមក។
លោកបញ្ជាក់ថា៖ «ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នឹងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (PS1) និងដោយមានការដាក់ចេញផែនការសកម្មភាព និងការចង្អុលបង្ហាញពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការពង្រឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារសិទ្ធិរបស់អ្នកប្រើប្រាស់»។
លោក ផាន អូន បន្ថែមថា៖ «នៅតាមបណ្តាខេត្តមួយចំនួន បានកើតឡើងករណីពុលស្រាជាញឹកញាប់ ដែលបានបង្កឱ្យមានការប៉ះពាល់ដល់សុខភាព ហើយពេលខ្លះរហូតដល់បាត់បង់អាយុជីវិតប្រជាពលរដ្ឋថែមទៀតផង ដែលមូលហេតុចម្បង បណ្តាលមកពីប្រតិបត្តិករអាជីវកម្មម្ហូបអាហារ (ផលិតកែច្នៃស្រាស និងស្រាថ្នាំ) ពុំទាន់មានចំណេះដឹងគ្រប់គ្រាន់អំពីការផលិតស្រា គឺផលិតតាមការចេះដឹងតៗគ្នា ពុំមានបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះទៅទៀត ផលិតករ ឬអាជីវករមួយចំនួន បានយកសារធាតុមេតាណុល មកលាយជាមួយស្រា ដែលធ្វើឱ្យប៉ះពាល់សុខភាព និងឈានដល់ការបាត់បង់អាយុជីវិតក្នុងករណីហូបច្រើនលើសកម្រិត»៕