
មន្ត្រី ក.ប.ប ពេលយកសំណាកស្រានៅខេត្ដពោធិ៍សាត់មកពិសោធកាលពីថ្ងៃទី៨ កញ្ញា ។ រូបថត CCF
ភ្នំពេញៈ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបង្ហាញថា គំរូសំណាកស្រាដែលបង្កឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅខេត្តពោធិ៍សាត់គឺមិនមានរកឃើញសារធាតុពុល ឬមេតាណុលទេ ខណៈខេត្តនេះ កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយពីការផលិតស្រាសប្រកបដោយសុវត្ថិភាព។
កាលពីថ្ងៃទី៧ ខែកញ្ញា សមត្ថកិច្ចជំនាញខេត្តពោធិ៍សាត់បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យ បន្ទាប់ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីមនុស្សម្នាក់ស្លាប់ក្រោយជុំគ្នាផឹកស្រាថ្នាំ។ អ្នកស្លាប់ឈ្មោះ ព័ន្ធ រិទ្ធ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ រស់នៅក្នុងភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៣ កញ្ញាថា បន្ទាប់ពីទទួលគំរូសំណាកស្រាថ្នាំដែលសង្ស័យថាបានធ្វើឱ្យបុរសម្នាក់ស្លាប់ក្រោយពិសាជាមួយអ្នកជិតខាង២នាក់ទៀតមក កាលពីថ្ងៃទី៨ កញ្ញា មន្ត្រីជំនាញ មន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបានពិនិត្យ ហើយរកមិនឃើញមានសារធាតុពុលឬមេតាណុលទេ។
លោកបានអះអាងថា៖«ករណីដែលយើងធ្វើពិសោធន៍តាមលក្ខណៈវិទ្យាសាស្ត្រនេះមិនមានរកឃើញសារធាតុមេតាណុលនៅក្នុងស្រាទេ។ករណីពុលនេះគឺអាចមានហេតុផលផ្សេងដែលយើងកំពុងបន្តតាមដានទៀត។ យ៉ាងណាតាមការស្រាវជ្រាវករណីស្លាប់នេះគឺមិនមានមូលហេតុអ្វីទេ ប៉ុន្តែភាគច្រើនមកពីអាការគាត់ហូបជាប្រចាំ ហើយគាត់បន្តហូប ដែលនាំឱ្យគាត់ខ្សោយ និងពុលបែបនេះ»។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើកោសល្យវិច័យដោយក្នុងនោះបានពិនិត្យលើសាកសពគឺគ្មានស្លាកស្នាមអ្វីទេ ហើយប្រដាប់ភេទ និងទ្វារលាមក ក៏គ្មានសញ្ញាអ្វីដែលសង្ស័យពាក់ព័ន្ធនឹងការពុលដែរ។
ប្រភពដដែលបានអះអាងថា៖«យោងតាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុនិងការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច័យខេត្តរួចយើងសន្និដ្ឋានថា សពឈ្មោះ ព័ន្ធ រិទ្ធ ភេទ ប្រុសអាយុ ៤០ ឆ្នាំ រស់នៅ ភូមិព្នៅ ឃុំ ស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់ស្លាប់អាចដោយសារគាំងបេះដូង (ខ្យល់គរ) »។
ខេត្តពោធិ៍សាត់ ជាខេត្ត ដែលមានករណីពុលស្រាបណ្តាលឱ្យមានជនរងគ្រោះ និងអ្នកស្លាប់ច្រើន ហើយកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ ខេត្តនេះមានជនរងគ្រោះ ១៣ នាក់ បានស្លាប់ និងជិត ១០០ នាក់ ត្រូវបានសង្គ្រោះ បន្ទាប់ពីពួកគាត់ជុំគ្នាពិសាស្រាក្នុងពិធីបុណ្យសព ១ កន្លែង ក្នុងស្រុកក្រគរ។
លោក ផាន អូន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មន្ត្រីសាខា ក.ប.ប ខេត្តពោធិ៍សាត់បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផលិតស្រាស ប្រកបដោយសុវត្ថិភាពទៅដល់ប្រតិបត្តិករ អាជីវកម្មម្ហូបអាហារ និងស្ថាប័នអនុវត្តច្បាប់ មន្ទីរពាក់ព័ន្ធជុំវិញខេត្តរដ្ឋបាលក្រុង ស្រុកផងដែរ។
លោកបានពន្យល់ថា សិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយអំពីច្បាប់និងការយល់ដឹងអំពីស្រានិងការផលិតស្រា និងទោសប្បញ្ញត្តិដែលចែងក្នុងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ដែលបង្កឱ្យប៉ះពាល់សុខភាពនិងអាយុជីវិតអ្នកប្រើប្រាស់។
លោកផាន អូន បានបញ្ជាក់ថា៖«ករណីពុលស្រា បានកើតឡើងជាញឹកញាប់នៅតាមបណ្តាខេត្តមួយចំនួនដែលបានបង្កឱ្យមានការប៉ះពាល់ដល់សុខភាពហើយពេលខ្លះ រហូតដល់បាត់បង់អាយុជីវិតប្រជាពលរដ្ឋថែមទៀតផង។ មូលហេតុចម្បងបណ្តាមកពីប្រតិបត្តិករអាជីវកម្មម្ហូបអាហារ (ផលិតកែច្នៃស្រាស និងស្រាថ្នាំ) ពុំទាន់មានចំណេះដឹងគ្រប់គ្រាន់អំពីការផលិតស្រាគឺផលិតតាមការចេះដឹងតៗគ្នាពុំមានបច្ចេកទេសត្រឹមត្រូវ»។
លោកបានបន្ដថា លើសពីនេះទៀតផលិតករឬអាជីវករមួយចំនួនបានយកសារធាតុមេតាណុលមកលាយជាមួយស្រាដែលធ្វើឱ្យប៉ះពាល់សុខភាព និងឈានដល់ការបាត់បង់ជីវិតក្នុងករណីហូបច្រើនលើសកម្រិត។
យោងតាមឯកសារទស្សនទានរបស់អគ្គនាយកដ្ឋានក.ប.ប បានបង្ហាញថា មេតាណុលត្រូវបានស្គាល់ឈ្មោះផ្សេងថាជាមេទីលអាល់កុលឬអាល់កុលឈើ ដោយគេសម្គាល់វាបានជាវត្ថុរាវគ្មានពណ៌ និងគ្មានក្លិនដែលមានភាពរលាយក្នុងទឹកឬមានភាពស្រដៀងគ្នាខ្លាំងជាមួយនឹងអេតាណុល ទាំងពណ៌ និងក្លិន ប៉ុន្តែសារធាតុមេតាណុល គឺមានសមាសធាតុពុលខ្ពស់។
តាមឯកសារនេះបានឱ្យដឹងថា មេតាណុលត្រូវបានផលិតឡើងដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដូចជាថ្នាំពណ៌ វិស័យវាយនភណ្ឌ ការផលិតសាច់ក្រណាត់ សម្លៀកបំពាក់ ជាវត្ថុធាតុដើមក្នុងវិស័យសំណង់ ការផលិតបន្ទះឈើប្រើប្រាស់ក្នុងការផលិតយានយន្ត និងឱសថ។
លោក ផាន អូន បានពន្យល់បន្ថែមថា កត្តាដែលធ្វើឱ្យមានសារធាតុមេតាណុលក្នុងផលិតផលស្រាគឺបណ្តាលមកពីការសម្អាតធុងផ្ទុកអង្ករមិនបានស្អាតដែលបង្កជាអ៊ីដ្រូលីសនៃ Pectin ក្នុងវត្ថុធាតុដើមរហូតដល់ដំណាក់កាលបន្ទុំ និងបិតមិនបានត្រឹមត្រូវក៏នាំឱ្យសមាសភាពទាំងនេះ បំប្លែងទៅជាអង់ស៊ីមដោយទទួលបានលទ្ធផលជាមេតាណុល ៦៥ អង្សាសេ និងអេតាណុល ៧៨ អង្សាសេ។
យ៉ាងណាក្ដី លោក ផាន អូន បានចាត់ទុកថា ស្រាដែលមានមេតាណុលចាប់ពី១០ភាគរយទៅ២០ភាគរយ គឺជាការផលិតស្រាមានគំនិតមិនសុចរិតដែលមានបំណងលាយបញ្ចូលសារធាតុមេតាណុលនេះធ្វើជាមេស្រាតែម្តង។
លោកបានបញ្ជាក់ថា៖«ភាពពុលនៃមេតាណុលអាចកើតមានឡើងតាមរយៈការលេបចូល ការជ្រាបចូលតាមស្បែកនិងការដកដង្ហើមចូល។ការពុលធ្ងន់ធ្ងរបំផុតកើតឡើងបន្ទាប់ពីការផឹក ហើយកម្រិតដូសដែលអាចឱ្យស្លាប់ចំពោះមនុស្ស គឺត្រូវបានរាយការណ៍ថាមានចាប់ពី ០,៣ ដល់ ១ ក្រាម នៅក្នុងខ្លួន»៕