ភ្នំពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក ​អ៊ាង សុផល្លែត ​បាន​លើក​ឡើង​ថា កា​រអនុវត្ត​អេកូ​ទេស​ចរណ៍​គឺជា​ទិស​ដៅ​ចម្បង ​ដែល​ក្រសួង​បរិស្ថាន ​បាន ​និង​កំពុង​អនុវត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ខណៈ​អ្នក​ជំនាញ​បាន​បង្ហាញ​ការ​គាំទ្រ​ ដែល​នឹង​ជួយ​ជំរុញ​វិស័យ​ទេស​ចរណ៍​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​។​

​លោក​រដ្ឋមន្ត្រី​លើក​ឡើង​បែប​នេះ​ នៅ​ក្នុង​ជំនួប​ជា​មួយ​ លោក​ Colin Poole នាយក​ប្រចាំ​តំបន់​មហា​ទន្លេ​មេគង្គ ​អាស៊ី​ខាង​ត្បូង​នៃ​អង្គការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ(WCS)នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣​។​ នេះបើយោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិស្ថាន។

​លោកអ៊ាង សុផល្លែត បានបន្ដថា ការ​អនុវត្ត​អេកូ​ទេស​ចរណ៍​ជា​ទិស​ដៅ​ចម្បង​ដែល​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​អនុវត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ពិសេស​ផ្តោត​លើ​ការ​ប្រែ​ក្លាយ​តំបន់​អេកូ​ទេស​ចរណ៍​ឱ្យទៅ​ជា​របៀង​អេកូ​ទេសច​រណ៍​ធម្មជាតិដែល​អាច​ផ្សារ​ភ្ជាប់​ពី​តំបន់​អេកូ​ទេស​ចរណ៍​មួយ​ទៅ​តំបន់​អេកូ​ទេស​ចរណ៍​មួយ​ទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ផ្តោត​ការ​អនុវត្ត​អេកូ​ទេស​ចរណ៍​នេះ​គឺ​ដើម្បី​ភាព​ទាក់​ទាញ​ពី​ភ្ញៀវ​ទេស​ចរ​ហើយ​ការ​អនុវត្ត​នេះ ​នឹង​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ព្រោះ​ប្រជា​ពលរដ្ឋ​នឹង​មិន​ចូល​ព្រៃ​កាប់​ឈើ​ទៀត​នោះ​ទេ ប្រសិន​បើ​ពួក​គាត់​រក​ចំណូល​បាន​មកពី​ការនាំ​ភ្ញៀវ​ទេស​ចរ​កម្សាន្ត ​ក្នុង​តំបន់​អេកូ​ទេស​ចរណ៍​ទាំង​នោះ​»​។​

​សូម​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ជំនួប​នេះ ភាគី​ទាំង​២​បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​ចំនួន​៤ រួមមាន​ អង្ក​រ អាយ​ប៊ិស​(IBIS rice), ការ​អភិវឌ្ឍ​សហ​គមន៍​,​កាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក ​និង​កា​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​ជា​ដើម​។​

​យ៉ាង​ណា​មិញ ​លោក ​Colin Poole នាយក​ប្រចាំ​តំបន់ ​មហា​ទន្លេ​មេគង្គ ​អាស៊ី​ខាង​ត្បូង នៃ​អង្គការ​WCS ​ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍ ​និង​គិត​គូរ ដើម្បី​គាំទ្រ​លើ​សកម្ម​ភាព​កាត់​បន្ថយ​ប្លា​ស្ទិ​ក​នេះ ​តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​ជា​បន្ត​ទៀត ដើ​ម្បី​សម្រេច​បាន​នូវ​ទិសដៅ​រួម​របស់​ក្រសួង​បរិស្ថាន​ក្នុងដំណាក់​កាល​ទី​១ នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ថែម​ទៀត​។​

​ជុំវិញ​រឿង​នេះ​ដែរ ​លោក​ស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ នៅ​ថ្ងៃទី​១៣ ​ខែកញ្ញា ឆ្នាំ​២០២៣ ​បាន​គាំទ្រ​ឱ្យ​មាន​ការ​ជំរុញ និង​រៀបចំ​ការ​អនុវត្ត​អេកូ​ទេស​ចរណ៍​នៅ​កម្ពុជា​ឱ្យបាន​ច្រើន ​ព្រោះ​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​វិស័យ​ទេស​ចរណ៍​កម្ពុជា​ខណៈ​កម្ពុ​ជាមាន​តំបន់​អេកូ​ទេស​ចរណ៍​សក្តានុ​ពល​ជា​ច្រើន​ដែល​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​។​

​លោក​ស្រី​បានបន្ត​ថា​៖ «​នៅ​ប្រទេស​កម្ពុជា​យើង​មាន​អេកូ​ទេស​ចរណ៍​ច្រើន និង​នៅ​មាន​ភាព​ដើម​ច្រើន​ជាង​គេ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ ដូច្នេះ​ខ្ញុំ​យល់​ថា ប្រសិន​បើ​មាន​ការ​ជួយជ្រោ​មជ្រែង​ឱ្យ​មាន​ការ​បង្កើត ​អភិវឌ្ឍន៍ ​ការកែច្នៃ​កន្លែង​អេកូ​ទេស​ចរណ៍​បន្ថែម​នឹង​ជួយ​ឱ្យ​មាន​ផលិត​ផល​ច្រើន ​អូស​ទាញ​ទេសចរ​ ជំរុញ​កំណើន​សេដ្ឋ​កិច្ច​មូល​ដ្ឋាន សេដ្ឋកិច្ច​ជាតិ ​ពិសេស​ជំរុញ​ឱ្យ​មាន​ការប្រើ​ប្រាស់​ធនធាន​ធម្ម​ជាតិ​ឱ្យមាន​និរន្តរ​ភាព​តាមរយៈ​សហ​គមន៍​អេកូ​ទេស​ចរណ៍​ទាំង​នោះ​»៕