ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំ​គណៈប្រភិភូ នៃរាជរដ្ឋាភិបាល​កម្ពុជា​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី នឹងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី២០ នៅទីក្រុង​ណាននីង តំបន់​ស្វយ័ត​ក្វាងស៊ី ប្រទេស​ចិន​ផងដែរ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី១២ ខែកញ្ញា​បានឱ្យដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួប​សម្តែងការ​គួរសម​ដោយឡែក​ពីគ្នា​ជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និងលោក ចាវ ឡឺជី ប្រធាន​សភា​តំណាង​ប្រជាជន​ចិន។

ជំនួបនេះ​ភាគី​ទាំង២​នឹងពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​លើប្រធាន​បទ​មួយ​ចំនួន​ដូចជា ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ក្នុង​យុគ​សម័យ​ថ្មី ការជំរុញ​បន្ថែម​នូវកិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​កម្ពុជា-ចិន ព្រមទាំង​កិច្ចការ​តំបន់​និងអន្តរ​ជាតិ ដែលផ្តល់​ផល​ប្រយោជន៍​រួម។

ក្រសួង​ការបរទេស​បានឱ្យដឹង​ថា លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹងជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក លី ឈាង និយាយ​អំពីកិច្ច សហប្រតិបត្តិការ​​ទ្វេភាគី និងពហុភាគី​រវាង​ប្រទេស​ទាំងពីរ។ ហើយ​នាយករដ្ឋ​មន្ត្រី​ទាំងពីរ​ក៏នឹងធ្វើ​ជាអធិបតី​ក្នុងពិធី​ចុះហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការ​មួយចំនួន​ផងដែរ។

ក្រៅពី​ទស្សនកិច្ច​ផ្លូវការ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ចូលរួម​ពិព័រណ៍ អាស៊ាន-ចិន លើក​ទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង​ណាននីង​តំបន់​ស្វយ័ត ជនជាតិ​ជាំង​ក្វាងស៊ី។

ក្រសួង​ការបរទេស​បញ្ជាក់​ថា៖«ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន នឹងពង្រឹង​បន្ថែមទៀត​នូវភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​នៃកិច្ចសហប្រតិបត្តិការរ​វាង​ប្រទេស​ទាំងពីរ»។

បើតាម​ក្រសួង​ការបរទេស ដំណើរទស្សន​កិច្ចនេះ នឹងពង្រីក​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ត្បូង​ពេជ្រ និងជំរុញ​កិច្ចសហការ​លើវិស័យ​ជាច្រើនក្នុង​វេទិកា​តំបន់ និងអន្តរជាតិ​នានា ដែល​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅមក​នៃប្រទេស​ទាំង២​ផងដែរ៕