ភ្នំពេញៈ កម្ពុជា​និង​សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់ ​និង​យុត្តិធម៌ ជាពិសេស​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​កម្ពុជា​ថ្មី ហើយ​ភាគី​ទាំង ២ ​ក៏បាន​បង្ហាញ​ឆន្ទៈ​ខិតខំ​ធ្វើឱ្យ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​នេះ​កាន់តែ​ប្រសើរឡើង ដើម្បី​ជា​ប្រយោជន៍​ប្រទេស​ទាំង​ ២​។​

​ការប្តេជ្ញា​រវាង​ប្រទេស​ទាំង​២​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ពិ​ភា​ក្សា​ការងារ​រវាង​លោក ​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហ​​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ទី​ស្តី​ការ​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃ​ទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​លោក ​ជិន ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៣ ខែកញ្ញា​ថា រដ្ឋ​​មន្ត្រី​យុត្តិធម៌​និង​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​សាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការជោគជ័យ​កន្លងមក​រវាង​ប្រទេស​ទាំង​ ២ លើ​ផ្នែក​ច្បាប់ ហើយ​ភាគី​ទាំង​ ២ បាន​ពិភាក្សា​បន្ថែម ពី​យន្តការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ច​សហការ​នេះ​បន្តទៅទៀត​ពិសេស​ភាគី​ទាំង ២ បានបង្ហាញ​សុច្ឆន្ទៈ​រៀងៗ​ខ្លួន​។​

​លោក ​ជិន ម៉ា​លីន បាន​បន្តថា​៖ «​ជា​ក្តី​រំពឹង នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​កាន់តែ​ប្រសើរឡើង​ហើយ​ពាក់​ព័ន្ធ​នឹង​វិស័យ​ច្បាប់​និង​យុត្តិធម៌​វិញ យើង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​គ្នាច្រើន ដែល​ភាគី​ទាំង ​២ សង្ឃឹមថា នឹង​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​»​។​

​កន្លងមក​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ បាន​សហការ​គ្នា​លើ​បញ្ហា​នានា​តួយ៉ាង ការទប់ស្កាត់​បទល្មើស​ឆ្លងដែន ការជួយ​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​ច្បាប់ ការពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​កម្ពុជា និង​ការអនុវត្ត​សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជា​ជាតិ ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក​ជិន ម៉ា​លីន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវ​ជ្រាវ នៅ​មជ្ឈមណ្ឌល​មេគង្គ​ សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)​ យល់ថា ជំនួប​រវាង​លោក Patrick Murphy និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា ជា​ជំនួប​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​និង​យុត្តិធម៌ ដើម្បី​ជា​ឱកាស​សម្រាប់​កសាង​សមត្ថភាព​ស្ថា​​ប័ន និង​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា​ក្នុង​វិស័យនេះ ហើយក៏​ជា​ឱកាស​ដើម្បី​ពន្យល់ និង​បង្ហាញ​ពី​ជំហរ​កម្ពុជា​លើ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ទៅកាន់​ភាគី​អាមេរិក​ផងដែរ​។​

​លោក​បាន​ប្រាប់ថា​៖ «​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ជាមួយនឹង​បណ្តា​រដ្ឋមន្ត្រីក្រសួង​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ស្តារ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ផងដែរ​»​។​

​លោក​ ម៉េង​ដា​វិត​ យល់ថា​ សហរដ្ឋអាមេរិក​គួរតែមាន​ជំនួប​បែបនេះ​កាន់តែច្រើន​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា ​ដើម្បី​បន្ត​ស្វែងយល់ កាន់តែច្បាស់ ពី​ស្ថានភាព​កម្ពុជា ទាំង​វប្បធម៌ អភិបាលកិច្ច​ដំណើរ​ការ​ច្បាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ជាជាង​ពិនិត្យ តែ​របាយការណ៍​១​ជ្រុង​ណាមួយ​។​

​សម្រាប់​លោក​សុក សំអឿន ប្រធាន​ក្រុមអ្នកច្បាប់​អមរិន្ទ និង​ជាទី​ប្រឹក្សា​ច្បាប់​នៃ​អង្គការ​តម្លា​​ភាព​កម្ពុជា បាន​សម្តែង​ការ​សាទរ ចំពោះ​កិច្ចសហការ​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​ លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​ប៉ុន្តែ​លោក​បញ្ជាក់ថា វា​អាស្រ័យទៅលើ​សកម្ម​ភាពជា​ក់​ស្តែង និង​ការអនុវត្ត​ចំ​គោលដៅ ដើម្បីឱ្យ​វិស័យនេះ​ប្រសើរឡើង ហើយ​លោក​ចង់ឱ្យ​ភាគី​ទាំង ​២ ​បង្កើន​ការជជែក​គ្នា​ទៅលើ​ឧបសគ្គ​នៃ​ការអនុវត្ត​ច្បាប់​រួមគ្នា​កន្លងមក​។​

​ស្រដៀង​គ្នា​នេះ លោក​ កង ឫទ្ធិ​គី​រី ជា​មេធាវី និង​ជា​សា​ស្ត្រា​ចា​រ្យ​ផ្នែក​ច្បាប់ ព្រមទាំង​ជា​អតីត​មេធាវី​តំណាង​ក្នុង​សំណុំ​រឿង​ ០១ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​វ​តក​) វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យុត្តិធម៌ និង​ច្បាប់​រវាង​ប្រទេស​ទាំង ​២ ដែលជា​ទិដ្ឋភាព​វិជ្ជមាន​។​

​លោក​ កង ឫទ្ធិ​គី​រី បាន​ថ្លែងថា បើសិន​សហរដ្ឋអាមេរិក និង​កម្ពុជា បន្ត​ធ្វើការ​ជាមួយគ្នា​លើ​វិស័យ​យុត្តិធម៌​នេះ កម្ពុជា​នឹង​អាច​ដើរចេញ​ឆ្ងាយ​ពី​ភាព​អសកម្ម​ហើយ​អាច​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ​បានល្អ ដោយសារ​សហរដ្ឋអាមេរិក​ប្រកាន់​គោលការណ៍​សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ​នេះ​។​

​លោក​មានប្រសាសន៍ថា​៖ «​តាមរយៈ​ភាពជោគជ័យ​ជាក់​ស្តែង​ដែល​សហរដ្ឋអាមេរិក​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលា​​ការ​កម្ពុជា​ (​អ​វ​តក​) សម្រាប់​បញ្ហា​ខ្មែរក្រហម​កន្លង​ទៅនោះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​កម្ពុជា​គួរ​មានការ​ទុកចិត្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ជាមួយ​អាមេរិក ដើម្បី​ពង្រឹង​នីតិរដ្ឋ​កម្ពុជា​»៕