ភ្នំពេញៈរដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ​ យុវ​ជន និង​កីឡា​លោក​សេរី ជំនះ ​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​ក្រសួង​ បាន​និង​កំពុង​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទាំង​សម្ភារ​ និង​បច្ចេក​ទេស ​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​កម្មវិធី​សិក្សា​ពិសេស​ សម្រាប់​សិស្ស​គ​ថ្លង់​ និង​ពិកា​រភ្នែក​សំដៅ​ឈាន​ទៅ​បណ្តុះ​ធន​ធាន​មនុស្ស​មាន​ពិការ​ភាព​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែង​បែប​នេះ​​នៅក្នុង​ពិធី​បិទ​សិក្ខា​សាលា​ស្តីពី​ការ​រៀបចំ​កម្មវិធី​សិក្សា​លម្អិត​របស់​វិទ្យា​ល័យ​អប់រំ​ពិសេស​សម្រាប់​សិស្ស​គ​ថ្លង់​និង​ពិការ​ភ្នែក​នៅ​ខេត្ត​កែប​កាល​ពី​ថ្ងៃទី​១៣ ​ខែកញ្ញា ​ឆ្នាំ​២០២៣ ​ដើម្បី​ពិនិត្យ​ និង​កែ​សម្រួល​កម្មវិធី​សិក្សា​លម្អិត​របស់​វិទ្យា​ល័យ​អប់រំ​ ពិសេស​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៦ ​ព្រម​ទាំង​រៀបចំ​កម្មវិធី​សិក្សា​លម្អិត​ឱ្យ​មាន​សង្គតិ​ភាព​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦​ ដើម្បី​ឱ្យ​វិទ្យាល័យ​អប់រំ​ពិសេស​ទាំង​៥ ​អនុវត្ត​។​

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​ នា​ឱកាស​នោះ ​លោក ​សេរី ជំនះ បាន​ថ្លែង​អំណរគុ​ណ​ដល់​ថ្នាក់ដឹក​នាំ​នាយក​ដ្ឋាន​អប់រំ​ពិសេស និង​សិក្ខា​កាម​ទាំង​អស់ ​ដែល​បាន​ខិតខំ​យក​ចិត្តទុក​ដាក់​ខ្ពស់ ​និង​ផ្តល់​បទ​ពិសោធន៍ ដើម្បី​រៀបចំ​កម្មវិធី​តាម​ខ្លឹម​សារ​មេរៀន និង​រៀបចំ​របាយ​ម៉ោង ​ដើម្បី​យក​ទៅ​អនុវត្ត​នៅ​តាម​វិទ្យា​ល័យ​អប់រំ​ពិសេស​នីមួយៗ ​សម្រាប់​សិស្ស​គ​ថ្លង់ និង​ពិការ​ភ្នែក​ឱ្យ​កាន់​តែ​មាន​គុណ​ភាព និង​ទទួល​បាន​ជោគ​ជ័យ​។​

​លោក​បាន​បញ្ជាក់​ថា​៖« ក្រសួង​បាន ​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ហើយ​បាន​ខិតខំ​ដោះ​ស្រាយ​ទាំង​សម្ភារ ​និង​បច្ចេក​ទេស ​តាម​សំណូម​ពរ​ចាំបាច់​របស់​វិទ្យា​ល័យ​អប់រំ​ពិសេស​លើ​សិស្ស​ពិការ​ភាព ​សំដៅ​ធ្វើយ៉ាង​ណា​ឱ្យមាន​និរន្តរ​ភាព និង​ដំណើរ​ការ​ល្អ ​ក្នុង​គោល​បំណង​រួម​ គឺ​ដើម្បី​កសាង​ធន​ធាន​មនុស្ស ជា​ពិសេស​គិត​គូរ​អំពី​អនា​គត​អ្នក​សិក្សា​ដែល​មាន​ពិការ​ភាព​នៅ​កម្ពុជា​តែ​ម្តង​»​។​

ទាក់​ទិន​នឹង​រឿង​នេះ​លោក​ គង់​ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​កម្ពុជា ​នៅ​ថ្ងៃទី​១៤​ ខែកញ្ញា​ បាន​សាទរ​ចំពោះ​បងប្អូន​ពិការ​ភាព ពិសេស​អ្នក​គ​ថ្លង់​ និង​ពិការ​ភ្នែក ​ដែល​ទទួល​បាន​ការជួយ​ពី​ក្រសួង​ដែល​នេះ​ជា​គុណ​តម្លៃ​មួយ​ដែល​មិន​បោះ​បង់​ពួក​គាត់​ចោល ​ហើយ​លោក​ក៏​ជំ​រុញ​ឱ្យ​ក្រសួង​ពង្រីក​ការ​ជួយ​បែបនេះ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ថែម​ទៀត​។​

លោក​បន្ត​ថា​៖«ប្រសិន​បើ​អាច​ក្រសួង​គួរតែ​ពង្រីក​វិសាល​ភាព​ឱ្យបាន​ទូលំ​ទូលាយ​ព្រោះ​មិន​ត្រឹមតែ​រាជ​ធានី​ភ្នំពេញ​ទេ ​ឃើញ​ថា ជន​ពិការ ពិសេស​ជនគថ្លង់​នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏មាន​ច្រើន អ៊ី​ចឹង​ ​ក្រសួង​គួរតែ​បង្កើន​មណ្ឌល​ស្នាក់​នៅ ​និង​បង្កើត​មណ្ឌល​សិក្សា​ឱ្យ​បាន​ច្រើន ហើយ​ប្រមូល​បង​ប្អូន​ពិការ​ភាព​ទាំង​នោះ​មក​អប់រំ​បណ្តុះ​បណ្តាល​ពួក​គាត់​។បន្ថែម​ពីនេះ ​លោក​ក៏​អំពាវ​នាវ​ឱ្យ​ក្រសួង​យក​ចិត្ត​ទុក​ដាក់​លើស​ម្ភា​រ​បង្រៀន ​ពិសេស​លើក​ទឹក​ចិត្ត​គ្រូ ដែល​បាន​បង្រៀន​បង​ប្អូន​មានពិការ​ភាព​ឱ្យ​បាន​ខ្លាំង​ថែម​ទៀត​។

យោង​តាម​ក្រសួង​អប់រំ​ ចំពោះ​វិទ្យា​ល័យ​អប់រំ​ពិសេស​បច្ចុប្បន្ន​បាន​ផ្ដល់​ការ​សិក្សា​ពិសេស​ជូន​សិស្ស​ដែល​មាន​បញ្ហា​ពិការ​ភាព​ដូច​ជាគ​ថ្លង់​និង​ពិការ​ភ្នែក​ ខណៈ​ការ​បង្រៀន​នៅ​ទីតាំង​សាលា​ទាំង​នោះ​គឺ​ចាប់​ផ្ដើម​ពី​កម្រិត មត្ដេយ្យ​សិក្សា​រហូត​ដល់​ថ្នាក់​វិទ្យា​ល័យ​។

​ក្រសួង​អប់រំ​បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​សាលា​អប់រំ​ពិសេស​បែប​នេះមា​ន​ទីតាំង​នៅ​ក្នុង​រាជ​ធានី-​ខេត្ត ​ដូច​ជា នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​បាត់​ដំបង សៀម​រាប កំពង់​ចាម និង​ខេត្ត​កណ្តាល​ជាដើម​។ ចំពោះ​កម្ម​វិធីសិ​ក្សា​សម្រាប់​សាលា​ទាំង​នោះ គឺ​ស្រប​ទៅ​នឹង​កម្ម​វិធី​សិក្សា​របស់​ក្រសួង ​ដោយ​បក​ប្រែ និង​បោះ​ពុម្ព​ជា​សៀវភៅ​សញ្ញា​សម្រាប់​បង្រៀន​សិស្ស​គ​ថ្លង់ ​និង​អក្សរ​ប្រៃ​យ៍​ខ្មែរ​សម្រាប់​បង្រៀន​សិស្ស​ពិការ​ភ្នែក​។

​ក្រៅ​ពីនេះ​នៅ​ក្នុង​កម្មវិធី​សិក្សាសា​លា​ក៏បាន​ប​ញ្ចូល​សកម្ម​ភាព​កីឡា សិ​ល្បៈ ភ្លេង​ កុំព្យូទ័​រ ភាសា​អង់គ្លេ​ស ​ហាត់​ស្តាប់ ​និយាយ ​និង​បំ​ណិ​ន​ជីវិត​ផង​ដែរ​៕