
ពិធីប្រកាសភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ រូបថត FB
ភ្នំពេញៈ រដ្ឋបាលខេត្តតាកែវ មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុកសំរោង និងប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែកញ្ញានេះ រួមគ្នាប្រារព្វពិធីប្រកាសទទួលស្គាល់ស្រុកសំរោង ជាស្រុកដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF ) មុនគេនៅក្នុងខេត្ត បន្ទាប់ពីសម្រេចបានលទ្ធផល១០០ ភាគរយ នៃខ្នងផ្ទះ ដែលមានបង្គន់អនាម័យ។
លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៤ ខែកញ្ញា ថា ស្រុកសំរោង គឺជាស្រុកទី១ ឈានមុខគេ ក្នុងការទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លោក បានបញ្ជាក់ថា៖«នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមពាំនាំនូវប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងចូលរួមអបអរសាទររដ្ឋបាលខេត្តតាកែវ ជាពិសេសអាជ្ញាធរ និងប្រជាពលរដ្ឋស្រុកសំរោង ដែលបានខិតខំអប់រំ និងជំរុញរហូតធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំធេងនេះ»។
លោក លន់ សាយតេង ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ឱ្យបន្តពង្រីកសកម្មភាពនេះទៅស្រុកទាំងអស់នៅក្នុងខេត្ត ដើម្បីប្រជាពលរដ្ឋក្នុងខេត្តទាំងមូលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ចូលរួមកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។
តាមរបាយការណ៍សម្រេចបាន ODF របស់ស្រុកសំរោង បានបង្ហាញថា ស្រុកសំរោង មានខ្នងផ្ទះសរុបប្រមាណ២៩ ៧៤០ ក្នុងនោះខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនមានចំនួន ២៧ ៨១០ និងខ្នងផ្ទះដែលប្រើបង្គន់រួមគ្នាមានចំនួន១ ៩៣០ ដែលសរុបជាភាគរយគឺបង្ហាញថា ស្រុកនេះ ជោគជ័យក្នុងការទទួលបានការវាយតម្លៃដោយជោគជ័យ ១០០ ភាគរយ។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បាននិយាយថា សមិទ្ធផលដែលស្រុកសំរោងសម្រេចបានក្នុងពេលនេះ គឺជាសមិទ្ធផលថ្មី១ ទៀត ហើយក៏ជាមោទនភាពសម្រាប់ប្រជាជនក្នុងស្រុកផងដែរ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយប្រើប្រាស់បង្គន់អនាម័យ។ លោក បន្តថា ទាំងនេះ គឺបានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសសម្រាប់កុមារ ដោយជួយកាត់បន្ថយកុមារខ្វះអាហារូបត្ថម្ភ និងកាត់បន្ថយអត្រាកុមារឈឺផងដែរ។
លោក បានបញ្ជាក់ថា៖«យើងពិតជាអបអរសាទរ ចំពោះស្រុកសំរោង ដែលបានទទួលជោគជ័យជាស្រុក ODF ព្រោះនេះ ជាអ្វីដែលអង្គការភ្លែនចង់ឃើញ ហើយបានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើយ៉ាងម៉េចឱ្យអត្រាគ្រប់ដណ្តប់អនាម័យទូទាំងប្រទេសអាចម្រេចបាន៩០ភាគរយក្នុងឆ្នាំ២០២៣ និងរហូតដល់ ១០០ ភាគរយ ក្នុងឆ្នាំ២០២៥។ ការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាល នឹងចូលរួមចំណែកក្នុងការកាត់បន្ថយសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយនូវចំណាយដែលប៉ះពាល់បណ្តាលមកពីជំងឺ និងការព្យាបាលផ្សេងៗ»។
គិតត្រឹមឆ្នាំ២០២៣ នេះ ប្រទេសកម្ពុជា មានភូមិដែលសម្រេចបាន ODF ចំនួន៦ ៣៣៧ ឬស្នើ ៤៣,៧ ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស។ ចំពោះឃុំដែលសម្រេចបាន ODF មានចំនួន ៤៩៣ ឬស្នើ ២៩,៨ ភាគរយនៃចំនួនឃុំសរុបទូទាំងប្រទេស ហើយស្រុក ODF មានចំនួន ៤០ ឬស្នើ ១៩,១ ភាគរយ ខណៈមានខេត្ត ODF ចំនួន៦។
ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា បានចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីអនុវត្តគម្រោងលើកកម្ពស់ការចាប់ផ្តើមជាមួយសុខភាពល្អ តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងការសម្របសម្រួលទឹកស្អាត និងអនាម័យរបស់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិរយៈពេល ១០ ខែ បន្តដើម្បីសម្រេចឱ្យបានខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៣ បន្ថែមទៀត៕