ភ្នំពេញៈ ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​រដ្ឋធានី​ប៉េកាំង សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រកប​ដោយ​សុវត្ថិភាព នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ កញ្ញា ២០២៣ និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ លោក ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រី​ការបរទេស អមដំណើរ​ដោយ លោកស្រី ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ចិន​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ និង​លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈ​​ប្រ​ភិ​ភូ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃទី ​១៤ ដល់​ថ្ងៃទី​ ១៧ ខែកញ្ញា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​នឹងចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ​២០ នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី ប្រទេស​ចិន​ផងដែរ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កលោក​ ហ៊ុន ម៉ា​ណែ​ត​។​

​នៅពេល​ទៅដល់​ទីក្រុង​ប៉េកាំង លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​អនុស្សាវរីយ៍​វីរបុរស​ចិន នៅ​មហា​ទីលាន​ធាន​អាន​មិន​ក្នុង​រដ្ឋធានី​ប៉េកាំង បន្ទាប់មក​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ហាន ស៊ា​ជុន ប្រធាន​ក្រុម​​ហ៊ុន SINOMACH Heavy Equipment Group​។

​បន្ទាប់មក​លោក​បាន​ជួប​ជាមួយ លោក វ៉ាង តុង​ជូ ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC)​ និង​ជួប​ជាមួយ​លោក វិ​ន ស៊ូ​កាំ​ង ​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group​។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លាំង ហ័​រ​ប្រធាន ក្រុមហ៊ុន Huawei Technology Co., Ltd ផងដែរ​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កលោក​ហ៊ុន ម៉ា​ណែ​ត​។​

​លោក​ ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន ​គឺជា​ជម្រើស​សមស្រប​តាម​ភូមិសាស្ត្រ និង​ផលប្រយោជន៍​ជាតិ​។ លោក​ថា កម្ពុជា​ប្រកាន់យក​គោ​លន​យោ​​បាយ​អព្យាក្រឹត អចិ​ន្រៃ្ត​យ៍​មិន​ចូលបក្ស​សម្ព័ន្ធ តែ​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន ជាមួយ​ប្រទេសជិតខាង និង​បណ្តា​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក​ដែល​បង្ហាញ​ពី​នយោបាយ​ការបរទេស​បែប​ចម្រុះ​ពណ៌​ដ៏​សមស្រប​បំផុត​សម្រាប់​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​ក៏ដូចជា​សមស្រប​ទៅនឹង​បរិបទ​ពិភពលោក​។

​លោក​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​ គឺជា​ជម្រើស​សមស្រប​បំផុត​បើ​គិត​អំពី​ភូមិ​សាស្ត្រ និង​ផលប្រយោជន៍​សេដ្ឋ​កិច្ច ពីព្រោះ​ចិន​គឺជា​ប្រទេស​ជិត​ខាងក្នុង​តំបន់ ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ ក្នុង​ពិភពលោក និង​ជា​ដៃគូ​អភិវឌ្ឍន៍​ធំជាងគេ​របស់​កម្ពុជា​»​។

​បើតាម​លោកបូ​ណា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ​ហ៊ុន ម៉ា​ណែ​ត នេះ សបញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​ល្អ និង​ស្អិតល្មួត​រវាង​ប្រទេស និង​ប្រជាជន​ទាំង ​២​។ ស្នូល​នៃ​ទំនាក់ទំនង​ដ៏​ល្អ​នេះ គឺ​ឈរលើ​ស្មារតី​មិត្តភាព​ស្មើមុខ​មាត់​គ្នា ផ្តល់​តម្លៃ​ឱ្យ​គ្នា គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​-​ទៅមក និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។​

ទាហានអ៊ីស្រាអែល​​ ត្រូវ​បាននៅក្នុង​អំឡុង​ពេលធ្វើសមយុទ្ធ​​នៅតំបន់Golan Heightsដែលជាឧបសម្ព័ន្ធរបស់​អ៊ីស្រាអែល។​ AFP

​លោក​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន មិនមែន​មានន័យថា កម្ពុជា​បោះបង់​ប្រទេស​ដទៃ​នោះឡើយ ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​រីករាយ​ស្វាគមន៍ និង​រាប់អាន​មិត្ត​បរទេស​គ្រប់ទិសទី​ដោយ​មិន​ប្រកាន់​ថា ប្រទេស​តូច​ឬ​ធំ មាន​ឬ​ក្រ​ឡើយ ពោលគឺ​កម្ពុជា​ផ្តល់​តម្លៃ​ជា​មិត្តភាព​ស្មើៗ​គ្នា ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​ពិភព​លោក និង​ក៏​ប្រាថ្នា​ចង់បាន​មកវិញ​នូវ​ការផ្តល់​តម្លៃ​បែបនេះដូចគ្នា​ដែរ​ពី​សំណាក់​មិត្ត​បរទេស​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​។    

​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ថ្លែងថា ដំណើរ​ទស្សន​​កិច្ច​នេះ​មាន​សារៈសំខាន់​ជា​ប្រវត្តិ​សាស្ត្រ និង​មានតម្លៃ​ខ្ពស់​ សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​កម្ពុជា​-​ចិន​។ ទី​១ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ មាន​អត្ថន័យ​ជា​និមិត្តរូប​នយោបាយ​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​ ២ ព្រមទាំង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ច​សហ​​ប្រតិបត្តិការ​កម្ពុជា​-​ចិន​ កាន់តែ​រឹង​មាំ ឈរលើ​មូលដ្ឋាន​ដែល​កំពុង​រឹងមាំ​ស្រាប់​។

​លោក​ថ្លែងថា​៖ «​ទំនាក់ទំនង​កម្ពុជា ចិន​នេះ គឺ​បាន​មកដល់​កម្រិត​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​។ ទី​១​គឺ​ប្រទេស​ទាំង ​២​ បានប្រកាស​ពី​មិត្តភាព​ដែកថែប ទី​ ២ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ទី ​៣ ​បាន​ចុះ​កិច្ចព្រមព្រៀង​កសាង​សហគមន៍​កម្ពុជា​-​ចិន ដែលមាន​ជោគវាសនា​រួមគ្នា និង​ទី ​៤ មាន​កិច្ចសហប្រតិបត្តិការ ឆកោណ​ត្បូង​ពេជ្រ​»​។

​លោក គិ​ន ភា លើកឡើងថា តាមរយៈ​ភាពរឹងមាំ​ដែលមាន​ស្រាប់​នៃ​ប្រទេស​ទាំង​ ២​ នេះ ធ្វើឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​រឹងមាំ​មាន​ស្ថិរភាព និង​កាន់តែ​មានការ​អភិវឌ្ឍ​។

​លោក​បាន​បញ្ជាក់ថា ជា​ផល​​ប្រយោជន៍​សម្រាប់​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ទី​១ គឺ​កម្ពុជា​នឹង​កាន់​តែមាន​ភាព​ស៊ី​ជម្រៅ​លើ​ទិដ្ឋភាព និង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ប្រទេស​ចិន ​ដែលជា​ប្រទេស​មហាអំណាច​ដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក​។​

​មួយវិញទៀត ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​នឹង​នាំមក​នូវ​ផល​​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​អាចមាន​អ្នកវិនិយោគ​ថ្មីៗ​ចូលមក​កម្ពុជា​បន្ថែម​ទៀត​ព្រមទាំង​មានការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ផ្សេងៗ​ផងដែរ​។ បន្ថែម​លើ​នេះ​វិស័យ​ទេសចរណ៍ ក៏​អាច​ទទួលបាន​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា​បន្ថែមទៀត ខណៈ​ជំនួយ​ផ្សេងៗ​ទៀត អាច​នឹងត្រូវ​បានផ្តល់​ជូន តាមរយៈ​ការធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ លី ឈាង នាយករដ្ឋមន្ត្រី​នៃ​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​សម្តែង​ការ​គួរសម ដោយឡែក​ពីគ្នា​ជាមួយ លោក ស៊ី ជីន​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក ចាវ ឡឺ​ជី ប្រធាន​សភា​តំណាង​ប្រជាជន​ចិន​។

​ក្រៅពីនេះ លោក​ ហ៊ុន ម៉ា​ណែ​ត នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក លី ឈាង និយាយ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​។ ក្រៅពី​ទស្សនកិច្ច​ផ្លូវការ លោក​ ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ចូលរួម​ពិព័រណ៍ អាស៊ាន​-​ចិន លើក​ទី ​២០ នៅ​ថ្ងៃទី​ ១៦-១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត ជន​ជាតិ​ជាំ​ង​ក្វាង​ស៊ី​។

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​កិច្ចសហប្រតិបត្តិការ​រ​វាងប្រទេស​ទាំង ​២»៕