ភ្នំពេញៈ តាមរយៈ​ជំនួប​ត្រីភាគី​រវាង​តំណាង​ទូត​បារាំង​ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ភាគី​បារាំង​បានបង្ហាញ​ពី​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ ពិសេស​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិស័យ​របប​សន្តិសុខ​សង្គម​។​

​ការប្តេជ្ញា​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក ហ្សា​ក់ ប៉ឺ​ល​​ឡេ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោកស្រី សង់ ឌ្រីន ប៊ូ​ស្សេ នាយិកា​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ការ​​ងារ​លោក ហេង សួរ នា​ទីស្តីការក្រសួង​កាលពី​រសៀល​ថ្ងៃទី​​ ១៣ ខែកញ្ញា ឆ្នាំ ២០២៣​។​

​ក្រសួង​ការងារ​បាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​កថា រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង និង​ទី​ភ្នា​ក់​​ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ ពិសេស​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​(TVET)​ និង​វិស័យ​របប​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.)​។​

​បើតាម​ក្រសួង​ការងារ ក្នុងជំនួប​នោះ​លោក​ហ្សា​ក់ ប៉ឺ​ល​​ឡេ បាន​លើកឡើងថា​៖ «​រដ្ឋា​ភិ​​បាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ AFD នៅតែ​ប្ដេជ្ញា​បន្ត​គាំទ្រ​លើ​ការអភិវឌ្ឍ​កម្ពុជា​ដែល​ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង ស្ថាប័ន​នានា​។ សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គឺមាន​ការពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​​ទេស និង​វិជ្ជាជីវៈ និង​របប​សន្តិ​សុខ​សង្គម​»​។​

​ក្នុងឱកាស​នោះ លោកស្រី​ សង់ឌ្រីន ប៊ូ​ស្សេ ក៏បាន​បញ្ជាក់​ពី​ការបន្ត​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​លើ​ការអនុវត្ត​គម្រោង និង​សកម្មភាព​ពាក់ព័ន្ធ​នានា​របស់​ក្រសួង​ការងារ​ពិសេស​ផ្តោតលើ​វិស័យ ​TVET ​និង​ ប​.​ស​.​ស​.​។ លោកស្រី​ថ្លែងថា​៖ «​ទី​ភ្នា​ក់​ងារ AFD ក៏មាន​គោលដៅ​សម្រាប់​គម្រោង​ទំនើបភា វូបនីយកម្មរ​ប​ស់ប​.​ស​.​ស​.​ផងដែរ​ដែល​ក្នុងនោះ​រួមមាន​ការអភិវឌ្ឍ និង​គ្រប់គ្រង​ធនធានមនុស្ស និង​ការ​​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា គម​នា​គម​ន៍ និង​ព័ត៌មាន​នៃ​ប​.​ស​.​ស​ឱ្យស្រប​ទៅនឹង​ការរីកចម្រើន​នៃ​វិស័យ​សន្តិសុខ​សង្គម​ក្នុងប្រទេស​កម្ពុជា​»​។​

​ជាការ​ឆ្លើយតប​លោក ហេង​ សួរ បាន​ថ្លែងអំណរគុណ​ដល់​ឯកអគ្គរដ្ឋទូត​បារាំង និង​លោកស្រី​នាយិកា AFD ដែល​បានមក​ពិភាក្សា​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​នេះ​។

​លោក​បាន​បញ្ជាក់ថា​៖ «​កិច្ច​សហប្រតិបត្តិការ​ទាំង​នេះ​ក៏​ស្របទៅនឹង​អនុសាសន៍​សំខាន់ៗ​មួយចំនួន​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏ដូចជា​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ ​ដែល​រាជ​រដ្ឋា​​ភិ​បាល​នីតិកាល​ទី ៧ ទើបនឹង​ដាក់ឱ្យ​ប្រើប្រាស់​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​»​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​បារាំង ពិសេស​ជាមួយ​គម្រោង​របស់​ទីភ្នាក់ងារ AFD ដើម្បី​សម្រេច​ឱ្យបាន​លទ្ធ​​ផល​ជា​អតិបរមា​។​ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​នេះដែរ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា ការគាំទ្រ​របស់​បារាំង​ជាមួយ​ក្រសួង​ការងារ​កម្ពុជា ពិតជា​ល្អ​ណាស់​សម្រាប់​យុវជន និង​ពលរដ្ឋ​ខ្មែរ​។​

​លោក​ថា​៖ «​យុវជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​អាច​មានឱកាស​កាន់តែច្រើន​ក្នុងការ​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​បង្កើន​ឱកាស​ការ​ងារ​ដល់​យុវជន រីឯ​របប​សន្តិសុខ​សង្គម ខ្ញុំ​សង្ឃឹមថា តាមរយៈ​កិច្ច​សហ​ប្រតិការ​នេះ នឹង​ជួយ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​ពង្រីក​វិសាលភាព​គ្រប់​ដណ្តប់​ពលរដ្ឋ​ទូទៅ​កាន់តែច្រើន​ថែមទៀត​»​។​

​ចំណែក លោក អាត់ ធន់ ប្រ​ធាន​សហភាព​ការងារ​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា វា​ជាការ​ល្អ ប្រសិនបើ​ភាគី​បារាំង​ជួយ​លើក​ផ្នែក​បច្ចេកទេស និង​ជួយ​ជា​ធនធាន​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដែល​អាចឱ្យ​យុវ​ជន ក៏ដូចជា​ប្រជាជន​កម្ពុ​ជាមាន​ជំនាញ​ច្រើនជាង​មុន​។​

​លោក​ថា​៖ «​តាម​យើង​មើល​ឃើញ​ផែនការ​របស់​រាជរដ្ឋាភិបាល​ថ្មី​នឹង​បណ្តុះបណ្តាល​ជំនាញ​ទៅដល់​កម្មករនិយោជិត និង​យុវជន​រហូតដល់​ជាង ​១​ លាន ៥ ​សែន​នាក់​។ អ៊ីចឹង​ខ្ញុំ​គិតថា វា​ជាការ​ចូលរួមចំណែក​មួ​យ​ផ្នែក​ពី​ខាង AFD លើក​ម្ម​​វិធី​នេះដែរ​»៕