
លោក សែម សុវណ្ណនី និងសមភាគីចិន ពីថ្ងៃទី ១៣ កញ្ញា។ រូបថត មជ្ឈមណ្ឌលថែរក្សាសន្ដិភាពជាតិ
ភ្នំពេញៈ លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអះអាងថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងពីលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌នាពេលនេះគឺជាការបង្ហាញឱ្យឃើញពីសមត្ថភាព និងបទពិសោធន៍លើជំនាញសកម្មភាពមីននេះផងដែរ។
លោកបានលើកឡើងដូចនេះកាលពីពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ ២០២៣»។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
លោក សែម សុវណ្ណនី ដែលជានាយឧត្តមសេនីយ៍ និងអនុប្រធានទី១ គណៈកម្មាធិការជាតិផងនោះ បានថ្លែងក្នុងពិធីនោះថា៖ «នៅក្នុងលំហាត់ហ្វឹកហ្វឺននេះ កម្ពុជាធ្វើជាសហប្រធានរៀបចំជាមួយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមកងទ័ពបណ្តាប្រទេសចំនួន ១៤ ក្នុងតំបន់អាស៊ានបូកចិន អាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងសហព័ន្ធរុស្ស៊ីផងដែរ»។
លោកបានបន្តថា ការហ្វឹកហ្វឺននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកយោធា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការប្រើប្រាស់សម្ភារបច្ចេកវិទ្យាដោះមីនទំនើប និងការធ្វើនវានុវត្តន៍ដោះមីន និងការកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយតាមរយៈលំហាត់ហ្វឹកហ្វឺននេះក៏នឹងរួមចំណែកក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ ផងដែរ។
លោកបានបញ្ជាក់ថា៖ «លំហាត់ហ្វឹកហ្វឺនលើកទី១ នាពេលនេះ ជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍លើជំនាញសកម្មភាពមីនមនុស្សធម៌ និងដើម្បីជាឱកាសធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងតំបន់ផងដែរ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គិតចាប់ពីការបង្កើតសាលាហ្វឹកហ្វឺននេះមក កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ «ឆ្មាំអង្គរ» សរុបចំនួន ៣ លើក មានប្រទេសចូលរួមចំនួន៩ ដោយហ្វឹកហ្វឺនលើទីលាន និង ២៣ ប្រទេសហ្វឹកហ្វឺននៅទីបញ្ជាការដែលជាការឧបត្ថម្ភរបស់គម្រោង GPOI។
សេចក្តីប្រកាសបន្តថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ និងកម្ទេចគ្រឿងផ្ទុះ ថ្នាក់អាស៊ាន និងតំបន់ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋបារាំងចំនួន ៥ វគ្គ មានប្រទេសចូលរួមសរុបចំនួន ១២។
លោក សែម សុវណ្ណនី ក៏បានបញ្ជាក់ដែរថា៖«ថ្វីដ្បិតនេះជាលើកដំបូង ដែលកម្ពុជារៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ តែខ្ញុំរំពឹងយ៉ាងមុតមាំថា ការហ្វឹកហ្វឺននេះ នឹងប្រព្រឹត្តទៅបានយ៉ាងល្អ ព្រមជាមួយនឹងឱកាសក្នុងការអនុវត្តលំហាត់ហ្វឹកហ្វឺនពហុជាតិជាបន្តបន្ទាប់ទៀតនៅកម្ពុជា»។
នាឱកាសនោះដែរ លោក យ៉ាង ប៊ីនប៊ីន នាយរងសេនាធិការសម្ព័ន្ធអង្គភាពទ័ពលេខ ៧៥ នៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងដែរថា លំហាត់ហ្វឹកហ្វឺននេះ គឺជាគំនិតផ្តួចផ្តើមមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសន្តិសុខ ដោះស្រាយបញ្ហាមីនក្នុងតំបន់ និងលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ផងដែរ។
លោកថា៖ «យើងសង្ឃឹមថា នឹងធ្វើការជាមួយអាស៊ានដើម្បីលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ក្នុងការខិតខំប្រឹងប្រែងរួមគ្នាលើការដោះស្រាយបញ្ហាប្រឈមនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងរួមគ្នាកសាងរបាំងសន្តិសុខសម្រាប់តំបន់ទាំងមូល»។
សូមបញ្ជាក់ដែរថា អំឡុងពេល ១០ ថ្ងៃ (១៣-២៣ ខែកញ្ញា) នៃវគ្គហ្វឹកហ្វឺននេះ សិក្ខាកាមនឹងមានដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ ដែលកំពុងមានសក្តានុពលនៅកម្ពុជា រួមទាំងធ្វើកិច្ចការមនុស្សធម៌បន្ថែមលើការហ្វឹកហាត់នៅទីលាន។
ជាមួយគ្នានោះក៏មានការសម្តែងសិល្បៈរវាងកម្ពុជា-ចិន ដើម្បីបង្ហាញប្រពៃណីទំនៀមទម្លាប់ផងដែរ៕