ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​ឱ្យ​ប្រជា​កសិករ​នៅតាម​តំបន់​ជនបទ និង​តំបន់​ដែល​ដាច់ស្រយាល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ត្រូវ​សន្សំសំចៃ​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​កម្រិត​ខ្ពស់ ដោយសារ​ឆ្នាំនេះ រដូវរ​ស្សា​មាន​រយៈពេល​លឿន​ជាង​ឆ្នាំមុន ដែល​នឹង​បញ្ចប់​នៅ​ចុងខែ​តុលា​ខាងមុខនេះ​។​

​សេចក្ដីប្រកាស​របស់​ក្រសួង​​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃទី ​១៣ ​កញ្ញា ឱ្យដឹងថា នៅ​កម្ពុជា រដូវវស្សា ក្នុង​ខែកញ្ញា​ឆ្នាំ​នេះ​ក្រសួង​ព្យាករ​ថា ស្ថានភាព​ភ្លៀង​ជាទូទៅ​ធ្លាក់​មិនសូវ​បាន​រាយប៉ាយ​ផ្ទៃដី​រងទឹក​ភ្លៀង​ប្រមាណ ​៤០ ទៅ ៦០ ​ភាគរយ ជាមួយនឹង​កម្រិត​ទឹកភ្លៀង​ធ្លាក់​ប្រែប្រួល​ពី​ខ្សោយ​ទៅ​មធ្យម ក្នុងនោះ​ក៏​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ខ្លះ​នៅក្នុង​ភូមិ​សាស្ត្រ តំបន់​ជួរ​ភ្នំ ខ្ពង់រាប និង​នៅ​តំបន់​មាត់សមុទ្រ​។​

​សេចក្ដីប្រកាស​បានឱ្យដឹង​ទៀតថា នៅក្នុង​ខែតុលា និង​ខែ​​វិច្ឆិកា​ខាងមុខនេះ ទាំង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ និង​កម្រិត​ទឹកភ្លៀង​បន្ត​ធ្លាក់​ថមថយ មក​នៅក្នុង​កម្រិត​ប្រែប្រួល​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាមួយនឹង​ផ្ទៃដី​រងទឹក​ភ្លៀង​ប្រមាណ​ពី ៣០ ​ទៅ​ ៤០​ ភាគរយ​។ ដូច្នេះ​រដូវវស្សា​ឆ្នាំ​ ២០២៣​ នេះ នឹង​បញ្ចប់ទៅ​លឿន​ជាង​ឆ្នាំ ​២០២២ ដែល​ធ្វើឱ្យ​តំបន់​ខ្ពង់រាប នឹង​បញ្ចប់​រដូវ​​វស្សា​នៅក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែ​តុលា​ហើយ​និង​ធ្វើឱ្យ​តំបន់​វាល​ទំនាប និង​តំបន់​មាត់សមុទ្រ នឹង​បញ្ចប់​រដូវវស្សា​នៅក្នុង​សប្តាហ៍​ទី​ ៤ ​នៃ​ខែតុលា​។

​ក្រសួង​បញ្ជាក់ថា​៖ «​យោង​លើ​ស្ថានភាព​អា​កាស​ធាតុ​ដូច​បាន​ព្យាករ ក្រ​សួង​ធនធានទឹក និង​ឧតុនិយម​សូម​អំពាវនាវ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​បន្ត​រក្សា និង​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស​បណ្ដា​តំបន់​ជនបទ​ដាច់ស្រយាល​ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​»​។​

​ពាក់​ពន្ធ​ករណីនេះ​លោក ណុប វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ ថ្លែងថា ក្រោយពី​ទទួលបាន​ព័​ត៌​មាន​ពី​ក្រសួង​ធនធានទឹក អាជ្ញា​ធរ​ខេត្ត ក៏​ណែ​នាំឱ្យ​អាជ្ញាធរ​មូល​​ដ្ឋា​ន ចុះទៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​បានដឹង ដើម្បី​ចូលរួម​ប្រើប្រាស់​ទឹក​ដែលមាន​ត្រូវ​សន្សំ​សំចៃ ដោយសារ​ឆ្នាំនេះ​នៅ​រដូវ​វស្សា មាន​រយៈពេល​លឿន​ជាង​ឆ្នាំមុនៗ ដែល​នឹង​ធ្វើឱ្យ​ចំនួន​ទឹកភ្លៀង ដែល​ធ្លាក់​មក​មាន​ចំនួន​តិចតួច​ដែរ​។

​លោក​បន្តថា ក្រៅពី​ការ​ផ្សព្វ​ផ្សាយ អាជ្ញាធរខេត្ត មានការ​ត្រៀម​វិធានការ​រួចហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ខ្វះខាត​ទឹក​នៅតាម​តំបន់​ជនបទ ពីព្រោះ​ខេត្តព្រះវិហារ បាន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ច្រើន​នៅតាម​តំបន់​មូលដ្ឋាន ហើយ​ថែមទាំង​មាន​អាង​ស្ដុក​ទឹក​«​រក្សា​» ដែល​ស្ថិតនៅលើ​ដងស្ទឹង​សែន សម្រាប់​ទុក​បើក​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម និង​កសិកម្ម​ផងដែរ​។

​លោក​បញ្ជាក់ថា​៖ «​នៅ​ខាង​ខ្ញុំ​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ការខ្វះខាត​ទឹក​នោះទេ ដោយសារ​យើង​មាន​ប្រភពទឹក​ជាច្រើន ហើយ​ប្រសិនជា​យើង​មានការ​ខ្វះខាត​គឺ​យើង​អាច​បើក​អាង​ស្ដុក​ទឹក​ហ្នឹង​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​យើង​តែម្ដង​»​។​

​ជាមួយគ្នានេះ លោក សឿ​ម​ ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត​បាត់​ដំបង ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​រដូវ​នេះ​ខេត្តបាត់ដំបង មាន​ទឹកភ្លៀង​ហៀរហូរ​នៅ​គ្រប់​តំបន់​មូលដ្ឋាន​។ លោក​បន្តថា ក្រៅពី​ប្រជាពលរដ្ឋ ពឹង​ទៅលើ​ទឹក​ភ្លៀងហើយ​ក៏មាន​ប្រព័ន្ធ​ប្រឡាយទឹក អាង​ស្ដុក​ទឹក និង​មាន​ស្ទឹង បឹង​ជាច្រើន​ថែមទៀត​ផងដែរ​។ លោក​ឱ្យដឹងទៀតថា ដូច្នេះ​អាជ្ញាធរខេត្ត​មិនមាន​ការបារម្ភ​រឿង​ខ្វះខាត​ទឹក​អ្វី​ទេ ក៏ប៉ុន្តែ​ទោះបី​មិន​ខ្វះខាត​ទឹក​ប្រើប្រាស់​ក៏ពិតមែន តែ​អាជ្ញាធរ​បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយ​កុំ​ខ្ជះខ្ជាយ​។​

​លោក​បញ្ជាក់ថា​៖ «​ជាទូទៅ​រឿង​ខ្វះខាត​ទឹកស្អាត​សម្រាប់​ពិសា​នេះ គឺ​យើង​មិនមាន​ការ​​ខ្វះខាត​ទេ ប៉ុន្តែ​ចំពោះ​ការបង្ក​បង្កើន​ផលដំណាំ​ស្រូវ មាន​កន្លែង​ខ្លះ​ខ្វះ​ទឹក​មិនអាច​ស្រោច​ស្រព​គ្រប់កន្លែង​បាន​។ អ៊ីចឹង​! ឥឡូវ​យើង​មានទឹក​គ្រប់គ្រាន់​ប្រើប្រាស់ ប៉ុន្តែ​យើង​ក៏ត្រូវ​ចេះ​សន្សំសំចៃ​វា​ទុក្ខ​ប្រើពេល​ក្រោយ​ទៀត​ដែរ​»៕