តាមរយៈ​ជំនួប​រវាងលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន និងលោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ភាគីចិន បានគូស​បញ្ជាក់​ថា ចិន​នៅតែបន្ត​គាំទ្រ និងសហការជាមួយ​កម្ពុជា​លើគ្រប់វិស័យ ខណៈ​កម្ពុជា​ចាត់ទុកថា​ចិន​នៅតែជា​មិត្តដ៏ល្អ ដែលបន្ត​ជួយ​កម្ពុជា​លើមាគ៌ា​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច។

ការបញ្ជាក់​ជំហរ​នេះ ធ្វើឡើងក្នុង​ជំនួប​រវាងមេដឹកនាំ​ប្រទេស​ទាំងពីរ ក្នុងឱកាសដែល​លោក ហ៊ុន ម៉ាណែត បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលជួប​សម្តែង​ការគួរសម និងពិភាក្សា​ការងារ ជាមួយលោក ស៊ី ជីនពីង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ នៅមហាវិមានប្រជាជននៃរដ្ឋធានីប៉េកាំង។ នេះបើយោងតាម​ខ្លឹមសារ​​នៃជំនួបដែល​ត្រូវបានផ្សព្វផ្សាយ​សាធារណៈ​តាមប្រព័ន្ធ​តេឡេក្រាម​លោក ហ៊ុន ម៉ាណែត។

នៅក្នុងជំនួប​នេះលោក ស៊ី ជីនពីង បានទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាល​បំផុត ព្រមទាំងបានគូស​បញ្ជាក់ថា ចំណងមិត្តភាព​របស់​កម្ពុជា-ចិន ប្រៀបបី​ដូចជា​ដើមឈើមួយ​ដើមដ៏ធំ ដែលបានចាក់ឫស​យ៉ាងជ្រៅ និងរឹងមាំ ហើយ​ប្រជាជាតិ​ទាំងពីរ​ទទួលបាននូវ​ផ្លែផ្កា​មិនអាច​កាត់ថ្លៃបាន ជារៀង​រហូតមក។ លោកក៏បានថ្លែង​នូវការអបអរសាទរ​ជូនចំពោះ​លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន​ជ្រើសតាំង​ជានាយក​រដ្ឋមន្រ្តី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយលោក ជឿជាក់​ថា ក្រោមការដឹកនាំ​នេះ ចំណងមិត្តភាព និងសាមគ្គីភាព​របស់​ប្រទេសទាំងពីរ នឹងបន្តរីក​លូតលាស់ ហើយកាន់តែរឹងមាំ​ថែមទៀត។

ប្រភពដដែលឱ្យដឹង​ថា៖«ឯកឧត្តម​ប្រធានាធិបតី បានបញ្ជាក់​ថា ចិន​នៅតែជាមិត្តដ៏ល្អ និងនៅតែបន្ត​ជួយ​កម្ពុជា​លើមាគ៌ា​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ច​ផ្លូវការ​របស់ សម្តេចធិបតី នាពេលនេះ នឹងនាំមក​នូវជោគជ័យ​បន្ថែមទៀត នៃការសម្រេច​ឱ្យបាននូវ​ការកសាង​សហគមន៍​វាសនារួម ក្នុងយុគសម័យ​ថ្មី រវាង​កម្ពុជា-ចិន»។

ជាកិច្ចឆ្លើយតប​លោក ហ៊ុន ម៉ាណែត បានជម្រាប​ជូន អំពីជំហរ​គោលនយោបាយ​​របស់​កម្ពុជា​ចំពោះចិន ជាពិសេស ការបន្ត​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​នូវគោលនយោបាយ​ចិន​មួយ ហើយលោកបាន​ថ្លែងអំណរគុណ ចំពោះ​បដិសណ្ឋារកិច្ច​ដ៏កក់ក្តៅ ពីសំណាក់​ថ្នាក់ដឹកនាំ​ចិន ជាពិសេស​ពីសំណាក់ ប្រធានាធិបតី នៅក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការនេះ។

ប្រភពដដែល​រំលេចថា៖«សម្ដេចធិបតី បានគូសបញ្ជាក់​បន្ថែមអំពី​ទំនាក់ទំនងកម្ពុជា-ចិន​ដ៏យូរអង្វែង ដែលប្រជាជាតិ​ទាំងពីរ កំពុងបាន​ទទួលនូវ​ផ្លែផ្កាលើគ្រប់វិស័យ ជាពិសេស​សេដ្ឋកិច្ច និងការអប់រំ។ ការអភិវឌ្ឍ និងការរីក​ចម្រើនរបស់​កម្ពុជា​សព្វថ្ងៃ ជាការពិត គឺមិនអាច​កាត់ផ្ដាច់ចេញ​បានពី​ការគាំទ្រ និងកិច្ចសហការ​ពីសំណាក់​មិត្ត​ចិនឡើយ ដូចមានការគាំទ្រ​របស់​ចិន នៅ​ក្នុងកាលៈទេសៈដ៏លំបាក​នៃការប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩​ជាដើម»។

ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត បានគូស​រំលេចជូន​លោក ស៊ី ជីនពីង អំពីទិសដៅ និងវិស័យ​នៃកិច្ចសហប្រតិបត្តិការ​​សម្រាប់ពេលអនាគត​រវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល សន្តិសុខស្បៀង និងវិនិយោគជាដើម។ លោកក៏បានស្នើ​ភាគី​ចិន​បន្ត គាំទ្រ​ដល់ការធានា​សន្តិសុខ​ថាមពល និងសន្តិសុខស្បៀង​របស់​កម្ពុជា និងបានអរគុណ​ចំពោះការនាំចូល​អង្ករ និងផលិតផល​កសិកម្ម​ផ្សេងទៀតពី​កម្ពុជា​ផងដែរ។ លោកក៏បាន​អរគុណ ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​កន្លងមករបស់​ចិន ក្នុងការជំរុញ និងការលើក​ទឹកចិត្ត​ឱ្យវិនិយោគិនចិន មកបណ្តាក់ទុន​វិនិយោគនៅ​កម្ពុជា ជាពិសេស នៅក្នុងវិស័យគន្លឹះ​អាទិភាព ដែលមានឧត្តម​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា។

បើតាមប្រភព​ដដែល៖«ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់​ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាថ្មី​ថា ចិន​បន្តគាំទ្រ និងសហការ​ជាមួយ​កម្ពុជាលើ​គ្រប់វិស័យ ដោយមិនមាន​ការប្រែប្រួល​ឡើយ»។

គួរជម្រាប​ផងដែរ ក្នុងដំណើរ​ទស្សនកិច្ចនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ក៏បានអញ្ជើញ​ទៅកាន់ទីក្រុង​ណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បីចូលរួម​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី២០ ផងដែរ៕