អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានបើកកិច្ច​ប្រជុំទ្រង់ទ្រាយ​ធំក្នុងកម្រិត​ទូទាំង​ប្រទេស​ជាលើកដំបូង​របស់ខ្លួន ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីស្វែងរកយុទ្ធសាស្រ្ត វិធីសាស្ត្រ និងសកម្មភាពថ្មីៗ ក្នុងការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ដែលកំពុងជះ​ឥទ្ធិពល​​អាក្រក់​ដល់សង្គម ដើម្បីឆ្លើយតប​ទាន់ពេលវេលា និងកាន់តែមាន​ប្រសិទ្ធភាព ស្របតាមកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល​នីតិកាលទី៧។

កិច្ចប្រជុំនេះ​ប្រព្រឹត្តឡើង​កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព លោក នេត សាវឿន នាយក​រដ្ឋមន្ត្រីស្តីទី និងជាប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ព្រមទាំងរដ្ឋមន្រ្តី ស្ថាប័ន​ជំនាញ និងអភិបាល​ខេត្ត​ពាក់ព័ន្ធ​ផងដែរ។ នេះបើយោងតាមអគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង(NACD)។

កិច្ចប្រជុំនេះផ្តោតសំខាន់ជាពិសេសសម្រេចឱ្យបាននូវការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ចំណុចស្នូល ក្នុងមុំទី១ ការពង្រឹង និងការកែសម្រួល​ស្ថាប័ន ស្តីពីការ «បន្តជំរុញ និងលើកកម្ពស់​ប្រសិទ្ធភាពនូវយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ ការស្តារនីតិ​សម្បទាអ្នកញៀនគ្រឿងញៀន និងសិក្សាស្រាវជ្រាវ​រកវិធានការ​សមស្រប និងមានប្រសិទ្ធភាព ដើម្បី​បង្ការ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ក្នុងគោលបំណង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ»និងពិសេស​គោរព​អនុវត្តតាមអនុសាសន៍​ដឹកនាំ​របស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

NACD បញ្ជាក់​ថា៖ «នេះជាកិច្ចប្រជុំ​លើកដំបូង​របស់ អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានវត្តមាន​អញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក ជាអនុប្រធាន និងសមាជិកទាំងអស់ ដើម្បី​ស្វែងរកបញ្ហាគន្លឹះ ក្នុងការពង្រឹង​និងលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ​កម្ពុជា»។

នៅក្នុងកិច្ច​ប្រជុំនេះ លោក នេត សាវឿន បានថ្លែងអំណរគុណ​និងសាទរចំពោះ​ការខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​និងមន្ត្រី​រាជការ អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន កន្លងមក ដោយសម្រេចបាន​នូវសមិទ្ធផល​ជាច្រើនគួរជាទីមោទនៈ និងសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលកិច្ចប្រជុំថ្ងៃនេះ គឺជាបញ្ហា​គន្លឹះ ណែនាំ ក្នុងការងារដឹកនាំ​សកម្មភាពប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនបន្តទៀត។

ពាក់ព័ន្ធនឹង​បញ្ហាគ្រឿងញៀន​នេះដែរ ក្រសួង​អប់រំ យុវជន និងកីឡា បានសហការជាមួយ​មន្ត្រីនៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ស្នងការនគរបាល​ខេត្ត​កំពង់ធំ មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត និងរដ្ឋបាលខេត្ត​កំពង់ធំ កាលពីថ្ងៃទី១៥ ខែកញ្ញា បានរៀបចំសិក្ខា​សាលា ស្ដីពីការអប់រំ​ផ្សព្វផ្សាយ​បង្ការទប់ស្កាត់​ការប្រើប្រាស់​បារីអេឡិចត្រូនិក គ្រឿងញៀន​ខុសច្បាប់ ជំងឺអេដស៍ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្ត​កំពង់ធំ។ សិក្ខាសាលា​នេះ មានការចូលរួម​ពីនាយក​នាយិកា គ្រូ​ទទួលបន្ទុក សុខភាព​សិក្សា សិស្ស​កាកបាទក្រហម សិស្ស​កាយរឹទ្ធិ ក្រុមប្រឹក្សា​កុមារ និងយុវជន​ចំនួន ២៥០​នាក់ មកពី​វិទ្យាល័យ ៣ ក្នុងក្រុងស្ទឹងសែន។

លោក លី វ៉េត អភិបាលរង​ខេត្ត​កំពង់ធំ បានថ្លែងថា​គ្រឿងញៀន​ជាកត្តា​បង្កគ្រោះថ្នាក់​ធនធាន​មនុស្សនិងសង្គម​ជាតិ ខណៈលោក​សំណូមពរ​ដល់​សមត្ថកិច្ចគ្រប់ផ្នែកក្នុងសហគមន៍បន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទិសស្លោក ៣ កុំ ១រាយការណ៍ ដោយមិនត្រូវសមគំនិតលាក់បាំងអ្នកប្រើប្រាស់​និងឈ្មួញ​គ្រឿងញៀន​នោះទេ។

នាឱកាស​នោះដែរ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា បានថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ មេរោគអេដស៍ មន្ទីរ​សាធារណការ​ខេត្ត ដែលបានផ្ដល់​កិច្ចសហការ​យ៉ាងកក់ក្ដៅ​ប្រកបដោយការជឿជាក់​ជាមួយក្រសួង​អប់រំ យុវជន និងកីឡា ក្នុងដំណើរ​អភិវឌ្ឍ និងប្រែក្លាយ​ធនធានមនុស្ស​ឱ្យទៅជាមូលធនមនុស្ស​ដែលមានសម្បទា​ទាំង៥ យ៉ាងរឹងមាំគឺ ចំណេះដឹង​សម្បទា បំណិន​សម្បទា កាយ​សម្បទា ចរិយា​សម្បទា និងស្មារតី​ស្នេហា​ជាតិ​សម្បទា៕