ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីន​កម្ពុជា បាន​លើកឡើងថា កម្ពុជា និង​ថៃ នឹងធ្វើ​ការសិក្សា​លម្អិត​ជាមួយគ្នា​បន្តទៀត​ទាក់ទង​នឹង​គម្រោង​បោ​សម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតាម​ទីតាំង និង​ភូមិសាស្ត្រ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ដែល​ជួប​បញ្ហា​ប្រឈម​ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​ប្រាប់ឱ្យដឹង​ដូចនេះ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ជាមួយ​លោក​ Cherdkiat ATTHAKOR ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា និង​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ថៃ ​(TMAC) កាលពី​សប្តាហ៍​មុន​។​

​លោក លី ធុជ បាន​ថ្លែងថា ៖ «​យើង​នឹងធ្វើ​ការសិក្សា​លម្អិត​ជាមួយគ្នានេះ ក្នុងការ​បោ​សម្ពាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ នៅតាម​ទីតាំង និង​ភូមិសាស្ត្រ​នៅជាប់​ព្រំដែន​ជែ​ល​ជួប​បញ្ហា​ប្រឈម​។ ក្រោយ​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​ភាគី​ថៃ ក្រុមការងារ​ជំនាញ​របស់​កម្ពុជា​នឹង​ធ្វើការ​ជាមួយគ្នា ដើម្បី​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ឈានទៅដល់​ការ​បោសសម្អាត​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​»​។​

​លោក លី ធុជ បានលើកឡើង​ទៀតថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​បន្ទាត់​ព្រំដែន​នេះ លោកនាយក​ដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ មានបំណង និង​ចង់ឃើញ​តំបន់​ព្រំដែន​នៃ​ប្រទេស​ដែលមាន​របង​ជាប់​គ្នា​ទាំង​២​ជា​តំបន់​ដែលមាន​សន្តិភាព សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ទាំងសងខាង និង​ធ្វើឱ្យ​តំបន់​ទាំងនោះ មានការ​អភិវឌ្ឍ​ផងដែរ​។​

លោក​មានប្រសាសន៍ថា​៖ «​តំបន់​មួយចំនួន​នៃ​តំបន់​ព្រំដែន​របស់​ប្រទេស​ទាំង​២​នេះ ជា​អតីត​តំបន់​សមរភូមិ មាន​គ្រាប់មីន និង​គ្រាន់​មិនទាន់​ផ្ទុះ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទាំងសងខាង និង​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​នៅតាម​តំបន់​នោះ​។ ដូច្នេះ ខ្ញុំ​បាន​ជម្រាបជូន​ភាគី​ថៃ​ដែរ​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់ឃើញ​តំបន់​ទាំង​២​មានការ​អភិវឌ្ឍ និង​សុវត្ថិភាព ព្រមទាំង​ផ្តល់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​២​ផងដែរ​»​។

​ទោះបីជា​យ៉ាងណា លោក លី ធុជ បញ្ជាក់​បន្ថែមថា ៖ «​ការងារ​នេះ មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​ក្នុងការ​អនុវត្ត​នៅពេលណា​នៅឡើយ​ទេ ដោយ​រងចាំ​ព័ត៌មាន​លម្អិត​ពី​ភាគី​ថៃ ខណៈ​ភាគី​កម្ពុជា​បានកំណត់ និង​ស្គាល់​ទីតាំង​ច្បាស់លាស់​ក្នុងការ​បោស​សម្ពាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ អស់ហើយ​»​។​

​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងទៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការជំរុញ​នវានុវត្តន៍ និង​ចីរភាព​ក្នុង​សកម្មភាព​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ លោក លី ធុជ បានអនុញ្ញាត​ឱ្យ​លោក​ Cherdkiat ATTHAKOR ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា និង​លោក​ SupathatNarindarabhakdi​ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ថៃ ​(TMAC) ព្រមទាំង​សហការី សម្តែង​ការគួរសម និង​ជួបពិភាក្សា​ការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ក្នុងឱកាស​នោះ លោក​បានលើកឡើង​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​២​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ចក្ខុវិស័យ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​ឱ្យអស់​ត្រឹម​ឆ្នាំ​២០២៥៕