ភ្នំពេញៈ ​លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែកញ្ញា បានប្រកាសថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរ​បា​រាជធានី​ភ្នំពេញ​ធ្វើការ​កែសម្រួល​ចំពោះ​ឯកសណ្ឋាន​ថ្មី​របស់​មន្ត្រី​ជាប់កិច្ចសន្យា ដែល​នឹងត្រូវ​អនុវត្ត​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ «​ការកែសម្រួល​ឯកសណ្ឋាន​មន្ត្រី​ជាប់កិច្ចសន្យា​ដែលជា​មន្ត្រី​ជំនួយការ​សហការ​ការ​ងារ​ជាមួយ​មន្ត្រីនគរបាល​ច​រា​ចរណ៍​ផ្លូវគោក ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ជាប់កិច្ចសន្យា​ឱ្យមាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងតួនាទី​ភារកិច្ច​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក៏​ដើម្បី​ចៀសវាង​កុំឱ្យ​មហាជន​យល់ច្រឡំ​ជា​មន្ត្រីនគរបាល​ចរាច​រណ៍​»​។​

​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​(AIP) ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ដោយ​បង្ហាញ​ឆន្ទៈ​គាំទ្រ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​កែសម្រួល​ឯកសណ្ឋាន​ថ្មី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ជាប់កិច្ចសន្យា​នេះ​ដើម្បី​ឱ្យមាន​លក្ខណៈ​ប្លែក ដើម្បី​ងាយស្រួល​ក្នុងការ​ចំណាំ​។​

​លោក​បញ្ជាក់ថា ការកែសម្រួល​នេះ គ្រាន់តែ​ខុសគ្នា​រវាង​ឯកសណ្ឋាន​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ការអនុវត្ត​ជាក់ស្តែង​លើ​ការងារ​នៃ​មន្ត្រី​ទាំង​២​ប្រភេទ​នេះ ដូច្នេះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ជាប់កិច្ចសន្យា ត្រូវ​ផ្តោតលើ​ការសម្រួល​ចរាចរណ៍​ឱ្យបាន​ច្រើន ដោយ​មិន​អនុញ្ញាតឱ្យ​ផាកពិន័យ ពិសេស​ត្រូវ​បន្ថែម​មន្ត្រី​ប្រភេទ​នេះ ឱ្យបាន​ច្រើន សម្រាប់​សម្រួល​ចរាចរណ៍​នៅតាម​តំបន់​ដែលមាន​ការកកស្ទះ​ខ្លាំង ទាំង​នៅពេល​ព្រឹក និង​ពេល​ល្ងាច​។​

​លោក គឹម បញ្ញា ប្រាប់ថា​៖«​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ដែលជា​មន្ត្រី​ក្របខ័ណ្ឌ និង​ពេញសិទ្ធិ ដែលមាន​តួនាទី​ក្នុងការ​ផាកពិន័យ​លើ​ករណី​ល្មើស​ចរាចរណ៍ ត្រូវ​ពង្រឹងសមត្ថភាព​តាមរយៈ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មាន​ក្រមសីលធម៌​ក្នុងនាម​ជា​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បីឱ្យ​ការអនុវត្ត​ច្បាប់​មាន​ភាពរលូន សមស្រប ត្រឹម​ត្រឹម តម្លាភាព និង​ស្មើភាព ដើម្បី​ទាក់ទាញ​ឱ្យមាន​ការចូលរួម ពី​ប្រជាពលរដ្ឋ ឈានដល់​ការកាត់បន្ថយ​ការស្លាប់ និង​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​តាមរយៈ​សារ​សំឡេង​ដែល​បាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា បាន​ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ និង​សិក្សា​ឡើងវិញ​ពី​ឯកសណ្ឋាន​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ជាប់កិច្ចសន្យា ដោយបាន​ណែនាំ​ថា មិនត្រូវ​ប្រើ​ឯកសណ្ឋាន​ដូចគ្នា​ទៅនឹង​នគរបាល​ចរាច​រណ៍​ទេ​ដោយ​ត្រូវ​ពិនិត្យ​សា​ឡើងវិញ​នូវ​មន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ បើ​អាច​ត្រូវឱ្យ​ពួកគាត់​ពាក់​ឯកសណ្ឋាន​ខុសពី​ប៉ូលិស​ចរាចរណ៍​។​

​មន្ត្រី​ជាប់កិច្ចសន្យា​សំដៅ​ដល់​មន្ត្រី​មិនមែនជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ដែល​ត្រូវបាន​ជ្រើសរើស​ទៅតាម​នីតិវិធី និង​ផ្អែកលើ​មុខតំណែង​កំណត់ដោយ​អនុក្រឹត្យ ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង និង​ចាំបាច់​របស់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែលជា​មុខតំណែង​បន្ទាប់បន្សំ និង​មិន​អចិ​ន្រៃ្ត​យ៍​មួយចំនួន ហើយ​ការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​នេះ​មាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ចំណាយ​សាធារណៈ​ជាជាង​ការជ្រើសរើស​មន្ត្រីរាជកា​រ​ក្របខ័ណ្ឌ​ដើម្បី​បំពេញមុខ​តំណែង​នោះ​៕