ភ្នំពេញៈទោះបានខកខានប្រកួតច្រើនខែ ដោយសារបញ្ហារបួស ប៉ុន្តែម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម នៅតែមិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តចំពោះការវិលមកកាន់សង្វៀនជាថ្មី ដោយរូបគេបានផ្តួលកីឡាករថៃ Super.KSitmonchai ឱ្យសន្លប់ត្រឹមទឹកទី១ នៅសង្វៀនថោន។ចំណែកកីឡាករ ម៉ានូ សិល្បៈ បានសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន ដែលបានបង្កើតឱ្យមានឡើងក្នុងពេលប្រកួតជាមួយអ្នកប្រដាល់ថៃ Payakdamនៅលើសង្វៀននេះដែរ។
បញ្ហាដាច់សរសៃ ACL ជង្គង់ខាងស្តាំ ដែលបន្សល់ទុកពីការប្រកួតស៊ីហ្គេមកាលពីខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យ បឺត សង្ឃឹម ត្រូវសម្រាកព្យាបាលអស់ជិត៣ខែ ហើយរបួសនេះ ក៏បានធ្វើឱ្យអាជីពជាអ្នកប្រដាល់របស់ម្ចាស់មេដាយស៊ីហ្គេម២សម័យកាលរូបនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ផងដែរ ខណៈគ្រូពេទ្យតម្រូវឱ្យបឺត សង្ឃឹមវះកាត់ដែលអាចប្រើពេលព្យាបាលជិត១ឆ្នាំនោះ។
ទោះជាយ៉ាងណា បឺត សង្ឃឹម មិនបានវះកាត់ទេ គឺរូបគេបានជ្រើសរើសយកការព្យាបាលដោយការធ្វើលំហាត់ប្រាណ និងធ្វើចលនាសរសៃជាមួយពេទ្យជំនាញវិញ ហើយជាលទ្ធផល បឺត សង្ឃឹម បានជាសះស្បើយ១០០ភាគរយក្រោយចំណាយពេលព្យាបាលប្រមាណ២ខែ និងបានទទួលយកការប្រកួតជាថ្មីជាមួយកីឡាករថៃ Super.K Sitmonchai នៅលើសង្វៀនថោននាថ្ងៃទី១៧ ខែកញ្ញាបន្ទាប់ពីបានហ្វឹកហាត់ត្រៀមប្រហែល១ខែ។
តាមរយៈការបង្ហាញវត្តមានជាថ្មីនេះ បឺត សង្ឃឹម នៅតែមានសមត្ថភាព និងបច្ចេកទេសវាយចេញបានល្អ។ បើទោះបីជា Super.K បានព្យាយាមតាមវាយសម្រុកដោយការម៉ាត់ វាយកែង និងទាត់ជើងក្រោម ប៉ុន្តែការផ្លាស់ប្តូរចលនាយ៉ាងរហ័ស និងការវាយកាត់លឿនៗរបស់ បឺតសង្ឃឹម វាពិតជាធ្វើឱ្យកីឡាករថៃម្នាក់នេះ មានការពិបាកខ្លាំងក្នុងការចូលទៅកៀក បឺត សង្ឃឹម។
យ៉ាងណាក៏ដោយ ការម៉ាត់ស្តាំចូលផ្ទៃមុខពេញរបស់ Super.K ក៏បានធ្វើឱ្យ បឺត សង្ឃឹម ចង់សឺផងដែរ ប៉ុន្តែ សង្ឃឹមនៅតែរក្សាស្ថានភាពប្រកួតបានល្អ ហើយនៅពេល Super.Kបានព្យាយាមចូលកៀក និងវាយកែងស្តាំទៅលើខ្លួននោះ បឺត សង្ឃឹម បានបុកជង្គង់ឆ្វេងចូលឆ្អឹងជំនីរបានមុនបណ្តាលឱ្យថៃម្នាក់នេះដួលផ្កាប់មុខទៅលើខ្សែរេញ និងសន្លប់ធំ នៅត្រឹមពាក់កណ្តាលទឹកទី១។
ជ័យជម្នះរបស់ បឺត សង្ឃឹម ពិតជាធ្វើឱ្យអ្នកគាំទ្រមានការរំភើបខ្លាំង និងនៅតែសរសើរពីបច្ចេកទេសវាយយ៉ាងល្អរបស់ម្ចាស់មេដាយស៊ីហ្គេម ឆ្នាំ២០២២ និងឆ្នាំ២០២៣រូបនេះ។ ផ្ទុយពីនេះ កីឡាករនីហ្សេរីយ៉ាមានសញ្ជាតិខ្មែរ ម៉ានូ សិល្បៈ បានបង្ហាញការខឹងសម្បានឹងកីឡាករថៃ Payakdam ដែលបានទាត់ត្រូវប្រដាប់ការពារ(ពងស្វាស)របស់ខ្លួន សម្រាប់ការប្រកួតនៅសង្វៀនថោននេះដែរ កាលពីថ្ងៃទី១៦ ខែកញ្ញា។
ជាការឆ្លើយតបទៅនឹងការទាត់ចំប្រដាប់ការពារបណ្តាលឱ្យឈឺចុកអួលផ្សានេះ ម៉ានូ សិល្បៈ បានព្យាយាមវាយទាំងខុសលក្ខខណ្ឌប្រកួតទៅលើ Payakdam វិញ នៅពេលកីឡាករថៃម្នាក់នេះបានដួល ហើយជាមួយអារម្មណ៍ឆេងឆាវនេះ ម៉ានូ បានព្យាយាមវាយទៅលើ Payakdam ទាំងកំរោលរហូតត្រូវបានកីឡាករថៃ វាយកែងបណ្តាលឱ្យបែកលើចុងចិញ្ចើមខាងឆ្វេងនៅចុងទឹកទី១។
ជាមួយរបួសនេះ បានធ្វើឱ្យ ម៉ានូ កាន់តែមានអារម្មណ៍ពុះកញ្ជ្រោលក្នុងការចូលវាយប្តូរជាមួយ Payakdam ប៉ុន្តែដោយសារមានឈាមហូរចូលភ្នែកច្រើនពិបាកក្នុងការប្រកួតបន្ត ម៉ានូ បានសម្រេចសុំឈប់ការប្រកួត នៅពាក់កណ្តាលទឹកទី២នេះតែម្តង។
យ៉ាងណាក៏ដោយ ទាំងអ្នកគាំទ្រ និងពិធីករប្រចាំសង្វៀនថោន មិនបានគាំទ្រសកម្មភាពវាយថែមខុសលក្ខខណ្ឌរបស់ ម៉ានូ នោះទេ ហើយរឹតតែមិនសប្បាយចិត្តនៅពេលឃើញ ម៉ានូ ប្រើអារម្មណ៍ក្រេវក្រោធក្នុងពេលប្រកួត ដែលខុសពីទម្រង់ និងក្រមសីលធម៌របស់អ្នកប្រដាល់។
យ៉ាងណាក៏ដោយ ចំពោះហេតុការណ៍នេះ ម៉ានូ សិល្បៈ បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយការប្រកួតថា៖ «ខ្ញុំដឹងថា គាត់ (Payakdam) មានបទពិសោធន៍ច្រើន និងជាម្ចាស់ខ្សែក្រវាត់ តែគាត់វ៉ៃអត់ត្រឹមត្រូវទេ ហើយខ្ញុំស្អប់ណាស់អ្នកទាត់ចំពង ព្រោះគាត់ចង់ធ្វើឱ្យខ្ញុំខ្សោយ អ៊ីចឹងនៅពេលគាត់ធ្វើខុសច្បាប់ ខ្ញុំធ្វើខុសច្បាប់ទៅគាត់វិញដូចគ្នា»។
ទោះបីជាយ៉ាងណា ម៉ានូ បានសុំទោសចំពោះទង្វើរបស់ខ្លួននេះ ដោយបានបញ្ជាក់ថា៖ «ឱ្យខ្ញុំសូមទោសបងប្អូនទាំងអស់គ្នា សូមទោសលោកអាជ្ញាកណ្តាល និងសូមទោសទូរទស្សន៍ថោន ដែលខ្ញុំបានធ្វើខុសច្បាប់ គឺពេលគាត់ដួល ខ្ញុំវាយថែម ព្រោះពេលនោះ ខ្ញុំពិតជាខឹងមែនទែន នៅពេលគាត់ទាត់ត្រូវពងរបស់ខ្ញុំ។ ខ្ញុំសូមប្រកួតសងសឹកគាត់វិញ ហើយបើវ៉ៃដាក់ខ្សែក្រវាត់គាត់ទៀតកាន់តែល្អ ព្រោះខ្ញុំខ្សោយ ហើយគាត់ជាអ្នកខ្លាំង»៕