
លោក ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយលោក លឺ ឈាង កាលពីថ្ងៃទី១៥ កញ្ញា ។ រូបថត STPM
ភ្នំពេញៈនៅក្នុងជំនួបជាមួយលោកលាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីកាលពីថ្ងៃទី១៦ ខែកញ្ញា លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីវិនិយោគលើវិស័យសំខាន់ៗចំនួន៧របស់កម្ពុជា។
លោកហ៊ុន ម៉ាណែត បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹងនិងពង្រីកបន្ថែមលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា។
ជាមួយគ្នានេះលោកក៏ស្នើឱ្យលោកលាវ នីង ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរួមគ្នាស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្ម វៃឆ្លាត (smart agriculture) ផងដែរ។
«ការរីកលូតលាស់និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័តដែលប្រៀបបីដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន»។នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត។
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឆ្នាំ២០២៣នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០។ លោក លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីបានលើកឡើងថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីមានសក្ដានុពល ឧត្ដមភាព ដោយពេលនេះខាងតំបន់ស្វយ័តកំពុងស្វែងរកលទ្ធភាពបន្ថែម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាថែមទៀត ។
លោកបានបញ្ជាក់ថា៖«គិតមកត្រឹមពេលនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីមានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជាក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស។ ចំពោះពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្តមនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិននិងទាំងនៅកម្ពុជា ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីសំណេះសំណាល និងពិសាអាហារពេលថ្ងៃត្រង់ជាមួយសហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មកម្ពុជា-ចិន ដោយពិធីនេះភាគីខាងវិស័យឯកជននៃប្រទេសទាំង២បានពិភាក្សាគ្នាយ៉ាងច្រើនទាក់ទងនឹងឱកាសវិនិយោគនៅកម្ពុជាជូនដល់វិនិយោគិនចិនថ្មីៗនិងវិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជាស្រាប់ ។
លោកបានបញ្ជាក់ថា៖«នាជំនួបជាមួយនឹងសហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្ម កម្ពុជា-ចិន សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងពីការលើកទឹកចិត្តផ្សេងៗដល់អ្នកវិនិយោគ ជាពិសេសការធានាដល់បទសុវត្ថិភាពស្ថិរភាពនយោបាយនៅកម្ពុជានិងគ្មានបញ្ហាផ្សព្វផ្សាយពីបញ្ហាអសន្តិសុខដូចការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួននោះទេ»។
លោកបានបន្ថែមចំពោះអ្នកវិនិយោគដែលមានស្រាប់ដែលបានចូលរួមនៅក្នុងជំនួបនោះដែរមានការវិនិយោគនៅក្នុងវិស័យមួយចំនួននៅតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសលើវិស័យឡូជីស្ទិក ។ ក្រោយជំនួបនេះហើយ ខាងវិស័យឯកជននៃប្រទេសទាំង២ក៏មានជំនួបដាច់ដោយឡែកមួយទៀតដែលនេះជាការទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជានិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ ស្ថានភាពវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទំហំទឹកប្រាក់១៨៥,៧ទ្រីលានរៀលកើនឡើង៩ភាគរយបើធៀបនឹងឆមាសទី១ក្នុងឆ្នាំ២០២២។នៅក្នុងនោះ ចិន នៅតែឈរលំដាប់ទី១ក្នុងនាមជាប្រទេសដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជាដោយមានទឹកប្រាក់ប្រមាណ៨៣,៥ទ្រីលានរៀល និងតាមពីក្រោយដោយ កូរ៉េខាងត្បូង និងសិង្ហបុរី៕