តាកែវៈក្រុមហ៊ុន​អនុវត្តតាម​គោលការណ៍ CSR ប្រារព្ធ​ទិវា​បៃតង និង​ប្រកាស​បង្កើត​ភូមិ​គំរូ​ ១ ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ស្លឹក ខេត្តតាកែវ ដើម្បី​អនុវត្ត​សាកល្បង​លើ​ការងារ​គ្រប់គ្រង​សំរាម និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្នុងការ​ចូលរួមចំណែក​​ដោះ​ស្រាយ​​​ក្តីកង្វល់​រួម​ជាស​កល​ចំពោះ​ការកើនឡើង​នូវ​សំរាម​នៅក្នុង​សង្គម និង​ពិភព​លោក​។​

​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ Soma Initiative ឬ ក្រុមហ៊ុន សោ​ម៉ា គ្រុប ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ទ្រាំង និង​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន បាន​រួមគ្នា​ប្រារព្ធ​ទិវា​បៃតង ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ការគ្រប់គ្រង​សំរាម កាកសំណល់​រឹង និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​» នៅ​ទីរួមស្រុក​ទ្រាំង ខេត្តតាកែវ​។​

​តាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី១៧ កញ្ញា បានឱ្យដឹងថា កម្មវិធី​នេះបាន​ប្រព្រឹត្តទៅដោយ​មានការ​បង្ហាញរ​បាយ​ការណ៍​របស់​តំណាង​រដ្ឋបាល​ស្រុក និង​មានការ​ធ្វើបទ​បង្ហាញ​ទាក់ទង​នឹង​ប្រធាន​បទ​ពី​មន្ត្រី​ជំនាញ​មកពី​ក្រសួងបរិស្ថាន និង​តំណាង​ក្រុមហ៊ុន​ទាក់ទង​នឹង​ផែនការ​ចូលរួម​គ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង​នៅ​ស្រុក​​ទ្រាំង​។​

​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន បាន​បញ្ជាក់ថា​៖«​ជា​រៀងរាល់ឆ្នាំ Soma Initiative តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ទិវា​បៃតង​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា ហើយ​លើក​នេះ​ជា​លើក​ទី​៤​សម្រាប់​ទិវា​បៃតង​របស់​យើងខ្ញុំ។ ដោយ​ឆ្នាំនេះ​យើង​ផ្ដោតលើ​ការ​គ្រប់គ្រងសំរាម​និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែលជា​ក្តីកង្វល់​រួម​ជាស​កល​ចំពោះ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន និង​តម្រូវការ​របស់​មនុស្ស​ធ្វើឱ្យ​បរិមាណ​សំរាម កាកសំណល់​មានការ​កើនឡើង​និង​បង្ក​ជា​គ្រោះមហន្តរាយ​ផ្សេងៗ​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​រាតត្បាត​នៃ​ជំងឺ​ផ្សេងៗ​ជាដើម​»​។​

​ជាមួយ​នឹង​ទិវា​នេះ Soma Initiative ក៏បាន​ប្រកាស​ពី​ការសហការ​ជាមួយ​អាជ្ញាធរស្រុក​ទ្រាំង ដើម្បី​ជ្រើស​រើសយក​ភូមិ​១ គឺ​ភូមិ​ព្រៃ​សណ្តែក ក្នុង​ឃុំ​ព្រៃ​ស្លឹក ដើម្បី​ធ្វើការ​អនុវត្ត​សាកល្បង​លើ​ការងារ​គ្រប់គ្រង​សំរាម និង​ការកាត់​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្រោម​ឈ្មោះថា «​ភូមិ​ខ្ញុំ​ស្អាត​»​ផងដែរ។​

លោក​ស្រី ចម ក្រស្នា អគ្គនាយិកា​ក្រុមហ៊ុន សោម៉ា គ្រុប និងជាប្រធាន Soma Initiativeបាន​ថ្លែង​ថា គម្រោង​អនុវត្ត​សាកល្បង​លើ​ការងារ​គ្រប់គ្រង​សំរាម និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កនៅ​ក្នុងភូមិ​នេះ នឹងមាន​ការ​រៀបចំ​ផែនការ​រយៈ​ពេល​វែង និង​មធ្យម។ លោកស្រី បន្តថា ​ក្រុមហ៊ុន សោ​ម៉ា គ្រុប និង​បុត្រ​សម្ព័ន្ធ នឹង​ចូលរួម​គាំទ្រ​លើ​ការងារ​បំផុស​ស្មារ​តី អប់រំ និង​ផ្តល់​ជា​សម្ភារ​ផ្សេងៗ​ដែល​បម្រើ​ដល់​គម្រោង​នេះ ព្រមទាំង​ជួយ​ស្វែងរក​ដៃគូ​សហការ និង​សប្បុរ​សជន​នានា ដើម្បី​ធានា​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​ទៀត​ផង​។​

​លោក ជឹ​ង ទូច ប្រធាន​ក្រុម​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន សោ​ម៉ា គ្រុប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា​ក្រុមហ៊ុន សោ​ម៉ា គ្រុប បាន​បង្កើត Soma Initiative ដែល​អនុវត្តតាម​គោលការណ៍ CSR ដោយ​ធ្វើការ​ផ្តោតទៅលើ​កម្មវិធី​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ការអប់រំ សុខភាព​អនាម័យ និង​បរិស្ថាន​។ សម្រាប់​ឆ្នាំនេះ ក្រៅពី​ប្រារព្ធ​ទិវា​​បៃតង គឺ Soma Initiative ក៏បាន​ជ្រើសរើសយក​ភូមិ​១ ដើម្បី​អនុវត្ត​សាកល្បង ឱ្យ​ក្លាយជា​ភូមិ​គំរូ​ផ្នែក​គ្រប់គ្រង​បរិ​ស្ថាន​​។​

​លោកបញ្ជាក់ថា​៖​​«​ដោយសារ​តែ​យើង​មើលឃើញថា ភូមិ​១​នេះ គឺ​ភូមិ​ប្រជុំជន​១ របស់​ស្រុក​ទ្រាំង ដែល​ប្រជាពលរដ្ឋ​កំពុងតែ​កើនឡើង ធ្វើឱ្យ​កាកសំណល់​ផ្សេងៗ​ក៏មាន​ការកើនឡើង​ដែរ​។ យើង​ផ្តួ​ត​ផ្តើម​គំ​និ​នេះ​គឺ​ចង់​ឱ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ពី​អាជ្ញាធរ និង​ពី​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រួមចំណែក​គ្រប់គ្រង​សំរាម​ក្នុងភូមិ​នេះ​ឱ្យបាន​ល្អ ចៀសវាង​នៅពេល​សំរាម​កាន់តែ​កើន ជួបប្រទះ​ផលវិបាក ព្រោះ​គ្មាន​វិធានការ​ពី​ដើមទី​»​។​

​បើតាម​លោក ជឹ​ង ទូច ក្នុងដំណាក់កាល​សាកល្បង​ជំ​ហាន​ដំបូង​នេះ គឺមាន​រយៈពេល​៤ខែ ដោយ​ក្រុមហ៊ុន​សោ​ម៉ាគ្រុម បាន​ផ្តល់​ធុង​សំរាម​ចំនួន​៩០ ដោយ​បែងចែក​ចំនួន​៣ ពណ៌ ទៅកាន់​អាជ្ញាធរ​ស្រុក ដើម្បី​ធ្វើការ​បែងចែក​ទៅតាម​គោល​ដៅ​ខណៈ​ពលរដ្ឋ​ដែល​ចូលរួម​អនុវត្ត​គម្រោង ភូមិ​ខ្ញុំ​ស្អាត ត្រូវបាន​ជ្រើសរើស​ប្រមាណ ៣០០ គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ក្នុងភូមិ​ជាង​៤០០ គ្រួសារ​។​

​លោក ទិ​ត្យ ឌឿ​ន ជា​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​ឃុំ​ព្រៃ​ស្លឹក បាន​និយាយថា ការគាំទ្រ​នេះ បាន​ចូលរួម​ជួយ​ដល់បញ្ហា​អនាម័យ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​របស់​លោក ហើយ​ថែមទាំងបានគិត​គូរ​ពី​គម្រោង​អនាគត​ក្នុងការ​គ្រប់​គ្រង​សំរាម​នៅ​ក្នុង​​ភូមិ​ផងដែរ​។​

​លោកបញ្ជាក់ថា​៖​​«​នៅពេល​មានការ​ដាក់​ធុងសំរាម ហើយ​មាន​ឡាន​ដឹក​សំរាម​ទៀត ខ្ញុំ ក៏បាន​ចូលរួម​សម្អាត​អនាម័យ ហើយ​យើង​បាន​ចូលរួម​សម្អាត​អនាម័​យ​តាម​ដងផ្លូវ​ដើម្បីឱ្យ​សម្រេចបាន​តាម​កា​រដាក់​ចេញ ភូមិ​យើង​ស្អាត ជា​ភូមិ​គំរូ​។ ក្នុងនាម​ជា​ពលរដ្ឋ យើង​រីករាយ​សប្បាយ​ចិត្ត ដែលមាន​ការសហការ​ជួយ​ភូមិ ឃុំ​ខ្ញុំ​ស្អាត​។ នេះ​គឺជា​អនា​ម័យ និង​សុខភាព ដែល​ផ្តល់​ដល់​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា​»៕