ព្រះ​វិហារៈ រមណីយដ្ឋាន​បុរាណវិទ្យា​ប្រាសាទ​កោះ​កេរ ស្ថិតនៅក្នុង​ឃុំ​ស្រយង់ ស្រុក​គូ​​លែ​ន ខេត្តព្រះវិហារ ដែល​កម្ពុជា​ស្នើសុំ​ចុះបញ្ជី​ទៅ​អង្គការ​យូ​ណេ​​ស្កូ​កាលពី​ឆ្នាំ​ ២០២១ ត្រូវបាន​ស្ថាប័ន​នេះ ព្រម​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បានចេញ​សារ​ជូន​ជនរួមជាតិ​ដោយ​លោក​សង្កត់ធ្ងន់ថា ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ បាន​ក្លាយជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយទៀត​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គ​ការ​យូណេស្កូ បានសម្រេច​ជា​ឯកច្ឆន្ទ​ចុះ​ «​រមណីយដ្ឋាន​ប្រា​សាទ​កោះ​កេរ​»​ ទៅក្នុង​បញ្ជី​បេ​តិ​ក​ភណ្ឌ​ពិភពលោក​។ ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្ដីសម្រេច 45 COM 8B.8 នៅក្នុង​សម័យប្រជុំ​លើក​ទី ៤៥ របស់​អង្គការ​យូណេស្កូ នៅឯ​ទីក្រុង​រី​យ៉ា​ដ (Riyadh) ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត​ លើកឡើងថា​៖ «​ព្រឹត្តិការណ៍​ថ្មី​នេះ គឺជា​មោទនភាព​មួយទៀត​សម្រាប់​ប្រជា​ពលរដ្ឋ និង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​កេរ​មរតក​វប្បធម៌​អតីត​រាជធានី​ខ្មែរ​បុរាណ​ឆោ​កគ​គ៌​រ្យ ឬ​លិង្គ​បុ​រ បច្ចុប្បន្ន​ហៅថា កោះ​កេរ ត្រូវបាន​ក្រុម​ប្រឹក្សា​អន្តរជាតិ ស្តីពី​ប្រាង្គ​ប្រា​សាទ និង​រមណីយដ្ឋាន (ICOMOS)​ ទទួលស្គាល់ថា ជា​កំពូល​ស្នាដៃ​ដ៏​មហស្ចារ្យ​នៃ​ស្ថាបត្យកម្ម​ខ្មែរ និង​មានតម្លៃ​លេចធ្លោ​ជាស​កល​ដែល​ចាំបាច់​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​»​។​

​ផ្អែកលើ​សំណើ​របស់​រាជ​រដ្ឋា​ភិ​បាល មជ្ឈមណ្ឌល​បេ​តិក​ភ​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ បាន​បញ្ជូន​អ្នកជំនាញ​ការ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​អន្តរ​ជាតិ​ស្តីពី​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន ​(ICOMOS) មក​ធ្វើការ​វាយតម្លៃ​ដោយផ្ទាល់​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ កាលពី​ខែកញ្ញា ឆ្នាំ ២០២១​។​

​រហូតដល់​ខែមីនា ឆ្នាំ​ ២០២២ ទើប​សម្រេច​ទទួលយក​សំណើ​សុំ​ចុះបញ្ជី «​រមណីយដ្ឋាន​ប្រា​សាទ​កោះ​កេរ​» ទៅ​ដាក់​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៤៥ របស់ខ្លួន នៅ​ទីក្រុង​រី​យ៉ា​ដ ​(Riyadh)​ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​​អ៊ូ​ឌី​ត ហើយក៏​ត្រូវបាន​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​សម្រេច​ចុះ​«​រមណីយដ្ឋាន​ប្រា​សាទ​កោះ​កេរ​»​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ នេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត​ បន្តថា ៖ «​មហា​សមិទ្ធផល​នេះ ជា​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​ថ្មី​មួយទៀត របស់​ជាតិ​យើង​ក្នុង​ឆាក​អន្តរ​ជាតិ ដែល​កើតចេញ​មកពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្រោម​ម្លប់​នៃ​សុខសន្តិភាព ដែលជា​សមិទ្ធ​​ផល​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្ដេច​តេ​ជោ​ហ៊ុន សែន ក្នុងការ​​ស្វះស្វែង​យក​ការបង្រួបបង្រួម​​ជាតិ​រួមទាំង​ការអភិរក្ស អភិវឌ្ឍន៍​សម្បត្តិ​វប្បធម៌ និង​ប្រពៃណី​ជា​កេរ​មរតក​ដ៏​ឧត្តុង្គឧត្តម ដែល​បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់ទុក​ជូន​

​អ្នកជំនាន់ក្រោយ​ថែមទៀត​ផង​»​។​

​នាឱកាស​នេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​«​កោតសរសើរ​ដោយស្មោះ និង​មូលវិចារណ៍​ដ៏​ថ្លៃថ្លា​»​ជូន​ចំពោះ​លោកស្រី​ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​សមាជិក​គណៈ​​ប្រតិភូ​កម្ពុជា​គ្រប់រូប ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ ប្រាជ្ញា និង​ស្មារតី​ពុះពារ​ជម្នះ​គ្រប់ការ​លំបាក​រហូត​សម្រេចបាន​នូវ​ការ​ចុះ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​​កេរ​» ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ លោក​ក៏បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់ រួមមាន​អាជ្ញាធរ​ដែនដី​ខេត្តព្រះវិហារ និង​ស្ថាប័ន​នានា​ត្រូវ​ពង្រឹង​ឱ្យបាន​ដាច់ខាត​នូវ​ការគ្រប់គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ស្របតាម​គោល​ការណ៍​របស់​គណៈកម្មាធិកា​រ​​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។​

​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ លោក​នា​​យក​រដ្ឋមន្ត្រី ក៏​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ និង​គ្រប់​ស្ថាប័ន​នៅ​ថ្នាក់ក្រោម​ជាតិ រួមគ្នា​ធ្វើការ​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន នៅ​ម៉ោង​ ៧ ​ព្រឹក​នា​ថ្ងៃទី​ ២០ ខែកញ្ញា នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ​ផងដែរ​។​

​ជាមួយគ្នានេះ តំណាង​អង្គការ​​យូណេស្កូ​ប្រចាំ​កម្ពុជា លោក Sardar Umar Alam ក៏បាន​សម្តែង​ការអបអរសាទរ​ដល់​ប្រទេស​កម្ពុជា​ ផងដែរ ចំពោះ​សមិទ្ធផល​នេះ​។ លោក​មានប្រសាសន៍​តាម​រយៈ​សេចក្តី​ប្រ​​កាស​ថា​៖ «​ការចុះបញ្ជី​ប្រាសាទ​​កោះ​កេរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ដោយ​បញ្ជាក់​ឡើងវិញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ដើម្បី​ការពារ និង​លើក​កម្ពស់​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។

​លោក Sardar Umar Alam បន្តថា​៖«​ដូចដែល​យើង​អបអរសាទរ សមិទ្ធផល​នេះ​បើកទ្វារ​ដល់​ឱកាស​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​ទេសចរ​ណ៍​ប្រកបដោយ​និរន្តរភាព និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​។ អង្គការ​យូណេស្កូ​នឹង​បន្ត​សហ​​ការ​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​សម្រាប់​ការអភិរក្ស​ទីតាំង រួម​-​ទាំង​តាមរយៈ​ការស្រាវជ្រាវ​វិទ្យា​​សាស្ត្រ និង​ដើម្បី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភព​លោក​បន្ថែមទៀត​»​។​

​ចំណែក សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​លោក ​សំបូរ មា​ណ្ណា​រ៉ា បាន​ថ្លែង​នៅ​ថ្ងៃទី ​១៧ ខែកញ្ញា​ថា ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ទាំង​បញ្ហា​ការកសាង និង​ការ​ពារ ព្រម​ជាមួយនឹង​ការទទួល​យក​នូវ​ការ​គាំពារ​ពី​អន្តរជាតិ ពិសេស​អង្គការ​យូណេស្កូ ទើប​រមណីយដ្ឋាន​កោះ​កេរ ដែលជា​ផ្នែក​មួយ​សំខាន់​នៅក្នុង​សតវត្សរ៍​ទី​១០ ​នៃ គ​.​ស ត្រូវ​បានដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។

​លោក​ថ្លែងថា​៖«​សម្រាប់​ខ្ញុំ​នៅពេល​រាជរដ្ឋាភិបាល​ធ្វើ​កិច្ចការ​នេះ​បាន គឺជា​មោទនភាព​របស់​ជាតិ​យើង ជា​មោទនភាព​របស់​រាជរដ្ឋាភិបាល​មោទនភាព​របស់​សង្គម​នៃ​ប្រជាជាតិ​ទាំងអស់ នៃ​ពិភពលោក​។ យើង​មាន​ស្នាដៃ​បុព្វបុរស​ខ្មែរ ត្រូវបាន​បរទេស​គេ​បាន​យកចិត្តទុកដាក់ យើង​ជាម​នុស្ស​ខ្មែរ កូន​ខ្មែរ យុវជន​ខ្មែរ គួរ​ដឹក​ដៃ​គ្នា នាំគ្នា​សិក្សា​អំពី​អ្វី​ដែលជា​របស់​ខ្មែរ​ឱ្យបាន​ច្រើន​ដើម្បី​ទុកជា​កេរដំណែល គំនិត និង​ចំណេះដឹង​សម្រាប់​អ្នក​បន្តវេន​ជំនាន់​ក្រោយ​»​។

​លោក​សាស្ត្រាចារ្យ​បាន​ចាត់​ទុក​ថា ការដាក់បញ្ចូល​ជា​បេ​តិ​ក​ភណ្ឌ​នេះ មានតែ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រឹងប្រែង ពិសេស​ក្រសួង​វប្បធម៌ ដែល​បាន​ប្រឹងប្រែង​ដើម្បី​បង្កើតឱ្យមាន​ការទទួល​ស្គាល់ និង​ការ​គាំពារ​ពី​អន្តរជាតិ​តាមរយៈ​អង្គការ​យូណេស្កូ​។

​សូមបញ្ជាក់ថា តំបន់​ប្រាសាទ​កោះ​កេរ ជា​តំបន់​រមណីយដ្ឋាន​ទី​៤ ​ហើយ​របស់​កម្ពុជា ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក បន្ទាប់ពី​រមណីយដ្ឋាន​អង្គរ ចុះ​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ ​១៩៩២​ នៅ​ទីក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក​, តំបន់​ប្រាសាទព្រះវិហារ ចុះ​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ ២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា និង​តំបន់​ប្រាសាទសំបូរព្រៃគុក​ចុះ​ថ្ងៃទី ​៨ ​កក្កដា ឆ្នាំ​ ២០១៧ នៅ​ទីក្រុង​ក្រា​កូវ ប្រទេស​ប៉ូឡូញ​៕