​កំពង់ធំៈ លោក​ សុក ហៃ អភិ​បាល​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋ​​បាល​ខេត្តកំពង់ធំ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ​ស្ថានភាព​កម្រិត​ទឹកស្ទឹង​​សែន​នៅ​ស្ថានីយ​កំពង់ធំ នៅ​រក្សា​កម្ពស់ ១៣,៤១​ ម៉ែត្រ​ដដែល ព្រោះ​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​នោះទេ ប៉ុន្តែ​កម្រិត​ទឹក​អាច​នឹង​ឈានដល់​ការប្រកាសអាសន្ន​បើ​មាន​ភ្លៀង​ ២-៣​ ថ្ងៃ​ទៅមុខទៀត​។

​លោក សុក ហៃ បន្តថា​៖ «​ស្ថាន​ភាព​ទឹក​នៅ​ធម្មតា​គិត​ត្រឹម​ថ្ងៃ​នេះ ​(១៧ ​កញ្ញា​)​ ហើយ​កន្លងមក ខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ពី​កម្រិត​ទឹកស្ទឹង​សែន​នៅ​ស្ថានីយ​កំពង់ធំ មាន​កម្ពស់ ១៣,៤១​ ម៉ែត្រ ចំពោះ​កម្រិត​ទឹក​ត្រូវ​ប្រកាសអាសន្ន​មាន​កម្ពស់ ១៣,៥០ ​ម៉ែត្រ​»​។

លោក​បញ្ជាក់ថា ទោះជា​ស្ថានភាព​ទឹក​មិនទាន់មាន​ការប្រែប្រួល និង​ដល់​កម្រិត​ប្រកាសអាសន្ន​ក៏ដោយ ក៏​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាន​រៀបចំខ្លួន​រួចជាស្រេច​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងពេលដែល​ទឹក​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​។​

​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ រដ្ឋបាលខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​ ១៥​ កញ្ញា បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដង​ស្ទឹងសែន ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ងាយ​រងគ្រោះ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ហាម​កូនចៅ​តូចៗ​កុំឱ្យ​ចុះ​លេង​ទឹក និង​ត្រូវ​រៀបចំ​សម្ភារ ឯកសារ​សំខាន់ៗ និង​ស្វែងរក​ទីទួល​សុវត្ថិ​​ភាព ដែល​នៅក្បែរ​បំផុត និង​រាយ​ការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​មូល​​ដ្ឋា​ន​ក្នុងករណី​មានការ​លិចលង់​ណាមួយ​កើតឡើង​។​

​សេចក្តីជូនដំណឹង​បន្តថា រដ្ឋ​បាល​ខេត្ត​ក៏​បានឱ្យ​អាជ្ញាធរ​មូល​ដ្ឋា​ន​គ្រប់លំដាប់​ថ្នាក់​ត្រូវយក​ចិត្ត​ទុកដាក់ ត្រៀម​រៀបចំ ផែនការ​អន្តរាគមន៍ និង​ត្រូវ​រៀបចំ​ទីទួល​សុវត្ថិភាព​ឱ្យបាន​សមរម្យ​ក្នុងការ​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ ម្យ៉ាងវិញទៀត ត្រូវ​ផ្សព្វ​ផ្សាយ ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​លើ​អនាម័យ ដើម្បី​ចៀសវាង​ជំងឺឆ្លង​ផ្សេងៗ​។​

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ ជាមួយ​អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បី​ឆ្លើយ​​តប​នឹង​គ្រោះមហន្តរាយ​នេះ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

​ទាក់ទង​នឹង​កម្រិត​ទឹកស្ទឹង​សែន​នេះដែរ​កាលពី​ថ្ងៃទី ​១៦ ខែកញ្ញា លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ធំ ចុះ​ពិនិត្យ​ស្ថានភាព​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ទឹកជំនន់​ស្ទឹងសែន ខេត្តកំពង់ធំ​។

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នោះ ដោយ​ពិនិត្យឃើញថា ទឹកស្ទឹង​សែន​បាននិងកំពុង​បន្ត​កើនឡើង​សន្សឹមៗ​បន្ថែមទៀត​លោក ចាន់ យុ​ត្ថា​បានធ្វើការ​ពិភាក្សា​ជាមួយ​លោក ងួន រតន​:​អភិបាលខេត្ត​កំពង់ធំ​ដើម្បី​ចេញ​នូវ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​សែន នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ដល់​សាធារណជន​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​​នៅតាម​តំបន់​ទំនាប​អម​សងខាង​ស្ទឹងសែន​ឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ស្ទឹងសែន​ផងដែរ​៕