ភ្នំពេញៈ ជាង​ ៣​ សប្ដាហ៍ បន្ទាប់ពី​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​​កម្ពុជា​កាលពី​ខែសីហា លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ជា​ប្រទេស​ទី​១ ដែល​លោក​បានកំណត់​ជួប ខណៈ​មេដឹកនាំ​ចិន​បានបញ្ជាក់​ជំហរ​ជាថ្មី​ពី​ការបន្ត​គាំទ្រ​កម្ពុជា​ដោយ​មិនមាន​ការប្រែប្រួល​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ចិន​ចាប់ពី​ថ្ងៃទី​ ១៤-១៧ ​ខែកញ្ញា ឆ្នាំ​ ២០២៣ លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ស៊ី ជីន​ភីង បាន​ពិភាក្សាគ្នា​អំពី​ការបន្ត​រក្សា​គោលនយោបាយ​ប្រកប​ដោយ​មេត្រីភាព រវាង​ប្រទេស​ទាំង​ ២ ខណៈ​លោក​ ស៊ី ជីន​ភីង បាន​បញ្ជាក់ថា ចំណងមិត្តភាព​របស់​កម្ពុជា​-​ចិន ប្រៀប​បីដូច​ជាដើម​ឈើ ១​ ដើម​ដ៏​ធំ​ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ និង​រឹង​មាំ ហើយ​ប្រជាជាតិ​ទាំង ​២​ ទទួលបាន​ផ្លែផ្កា​មិនអាច​កាត់ថ្លៃ​បានជា​រៀង​រហូតមក​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក​ ស៊ី ជីន​ភីង បាន​បញ្ជាក់ថា ចិន​នៅតែ​ជា​មិត្ត​ដ៏​ល្អ និង​នៅតែ​បន្ត​ជួយ​កម្ពុជា​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ចិន​នឹង​នាំមក​នូវ​ជោគជ័យ​បន្ថែមទៀត​នៃ​ការសម្រេច​ឱ្យបាន​ការកសាង​សហគមន៍​វាសនា​រួម​ក្នុង​យុគសម័យ​ថ្មី រវាង​កម្ពុជា​-​ចិន​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​ប្រធានាធិបតី [​លោក ស៊ី ជីន​ភីង​] បានបញ្ជាក់​ជូន​សម្ដេច​ធិបតី [​លោក​ ហ៊ុន ម៉ា​ណែ​ត​]​ ជាថ្មី​ថា ចិន​បន្ត​គាំទ្រ និង​សហការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ដោយ​មិន​មានការ​ប្រែ​ប្រួល​ឡើយ​»​។

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ប្រទេស​ទាំង​ ២ ​កំពុង​បានទទួល​ផ្លែផ្កា​លើ​គ្រប់​វិស័យ ជាពិសេស​សេដ្ឋកិច្ច និង​ការអប់រំ ហើយ​ថា​៖ «​ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​សព្វថ្ងៃ ជាការ​ពិត​គឺ​មិនអាច​កាត់ផ្ដាច់​ចេញ​បាន​ពី​ការគាំទ្រ និង​កិច្ច​សហ​ការ​ពី​សំណាក់​មិត្ត​ចិន​ឡើយ ដូច​មានការ​គាំទ្រ​រប​ស់​ចិន​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ជាដើម​»​។

​លោក​ ហ៊ុន ម៉ា​ណែ​ត ប្រាប់​លោក ​ស៊ី ជីន​ភីង អំពី​ទិសដៅ​និង​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ពេលអនាគត​រវាង​ប្រទេស​ទាំង ២ ដូចជា វិស័យ​ថាមពល សន្តិសុខ​ស្បៀង និង​វិនិយោគ​ជាដើម និង​បានស្នើ​ភាគី​ចិន​បន្ត​គាំទ្រ​ដល់​ការធានា​សន្តិសុខ​ថាមពល និង​សន្តិសុខ​ស្បៀង​របស់​កម្ពុជា​ព្រមទាំង​បាន​អរគុណ​ភាគី​ចិន​ចំពោះ​ការនាំ​ចូល​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ពី​កម្ពុជា​។

​លោក​ក៏បាន​អរគុណ​ដល់​ភាគី​ចិន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​ក្នុងការ​ជំរុញ និង​ការលើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ចិន​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​គន្លឹះ​អាទិភាព​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​។​

​នៅ​ថ្ងៃ​ដដែល​នោះ ក្រោយពី​ជួប​ជាមួយ​លោក ស៊ី ជីន​ភីង លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​លោក លី ឈាង នាយករដ្ឋមន្ត្រី​ចិន​ផងដែរ ដោយ​មេដឹកនាំ​ចិន​រូបនេះ​បានបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ចំណងមិត្តភាព​កម្ពុជា​-​ចិន និង​អំពី​អត្ថប្រយោជន៍​ជាច្រើន​ដែល​ប្រទេស​ទាំង ​២ ​ទទួលបាន ជាពិសេស​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដដែល​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​អំពី​ជំហរ​នយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក​ថា កម្ពុជា​បន្ត​រក្សា​ជំហរ​ដដែល ជាពិសេស​បន្ត​អនុវត្ត​នយោបាយ​ចិន ​១ យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ថា កម្ពុជា​បន្ត​គាំទ្រ​ចិន​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ព្រមទាំង​បន្ត​គាំទ្រ​គំនិត​ផ្តួចផ្តើម​នានា​របស់​ចិន​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​សម្ដេច​ធិបតី​បាន​គាំទ្រ​ចំពោះ​ការរៀបចំ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី៣​។ កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​អនុវត្ត​គម្រោង​ដែល​បាន​ព្រមព្រៀងគ្នា និង​ខិតខំ​ស្វែងរក​គម្រោង​ថ្មីៗ​បន្ថែមទៀត​ដើម្បី​អនុវត្ត​សម្រាប់​ជា​ផលប្រយោជន៍​ជូន​ប្រជាជន​ទាំង ២ ឱ្យបាន​កាន់តែ​ប្រសើរ​»​។

​នៅក្នុង​ឱកាស​នោះ លោក ​លី ឈាង និង​ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើជា​សាក្សី​លើ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន ​១៥ ដែល​ក្នុងនោះ​មាន​ឯកសារ​ស្តី​ផែនការ​សកម្មភាព​នៃ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី ឆ្នាំ ២០២៤-២០២៨ ផងដែរ​។

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២​ក៏បាន​ប្ដេជ្ញាចិត្ត​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​អន្តរជាតិ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។

​ប្រភព​ដដែល​បាន​បន្ថែមថា លោក ​ហ៊ុន ម៉ា​ណែ​ត បានស្នើ​ភាគី​ចិន​ពិនិត្យ​ពិចារណា​លើ​គម្រោង​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ថាមពល ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និង​ការលើកទឹកចិត្ត​ផ្នែក​វិនិយោគ ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ការស្តារ និង​ជំរុញ​វិស័យ​ទេសចរណ៍ ខណៈ​លោក លី ឈាង រីករាយ​បន្ត​សហការ និង​ជំរុញ​អនុវត្ត​ឱ្យចេញ​ជា​លទ្ធផល​ពី​គម្រោង​ទាំងនេះ​។

លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​កាលពីថ្ងៃ​ទី​ ១៥ មករា។ រូបថត ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា

​ប្រព័ន្ធ​ផ្សព្វផ្សយ​ដដែល​បញ្ជាក់ថា​៖ «​ជាមួយនឹង​ស្មារតី និង​ការប្ដេជ្ញា​ពង្រឹង​ចំណងមិត្តភាព និង​សាមគ្គីភាព រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​រឹងមាំ និង​ប្រសើរឡើង​ប្រមុខ​រដ្ឋាភិបាល​ទាំង​២​បាន​ឯកភាពគ្នា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា និង​បន្ត​គាំទ្រ ព្រមទាំង​ជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក​»​។​

​ក្នុងអំឡុង​នៃ​ការបំពេញ​ទស្សនកិច្ច​នេះ កម្ពុជា និង​ចិន​បានចេញ​សេចក្តីប្រកាស​រួម​ដោយ​ក្នុងនោះ​ភាគី​ចិន​បានបញ្ជាក់​ជាថ្មី​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ សន្តិសុខ និង​ប្រយោជន៍​នៃ​ការអភិវឌ្ឍ ព្រមទាំង​បញ្ជាក់​ពី​ការប្រឆាំង​ដាច់ខាត ចំពោះ​ការជ្រៀតជ្រែក​ពី​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​

​សេចក្តីប្រកាស​រួម​នេះ​បញ្ជាក់ថា​៖ «​ភាគី​កម្ពុជា​បញ្ជាក់​ជាថ្មី​អំពី​ការប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ ​«​គោលនយោបាយ​ចិន ​១» ​ដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​រដ្ឋាភិបាល​ស្របច្បាប់​តែ ១ គត់ តំណាងឱ្យ​ប្រទេស​ចិន​ទាំងមូល ហើយ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​មិនអាច​កាត់ផ្តាច់​ចេញពី​ទឹកដី និង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដែល​មិន​អនុញ្ញាតឱ្យ​មានការ​ជ្រៀតជ្រែក​ពី​បរទេស​ឡើយ​»​។

​សេចក្តីប្រកាស​រួម​នេះ​បន្ថែមថា​៖ «​កម្ពុជា​ប្រឆាំងនឹង​ការប៉ុនប៉ង​នានា​ក្នុងការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ឬ​រារាំង ឬ​ទប់​ទល់នឹង​ប្រទេស​ចិន ក្រោម​ឧបាយកល​យក​បញ្ហា​តៃវ៉ាន់​ជា​លេស សកម្មភាព​បំបែក​ខ្លួន​តាម​ទម្រង់​ណាមួយ​ដើម្បី​ទាមទារ «​ឯករាជភាព​តៃវ៉ាន់​»​។ កម្ពុជា​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​នូវ​កិច្ចប្រឹងប្រែង​នានា​របស់​ចិន ​ដើម្បី​សម្រេចបាន​ការបង្រួបបង្រួម​ជាតិ និង​មិនបង្កើត​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទោះ​ក្នុង​ទម្រង់​ណាមួយ​ក៏ដោយ​»​។​

​ភាគី​ទាំង​ ២​ បានបញ្ជាក់​ពី​ការប្រឆាំង​ដាច់ខាត​ចំពោះ​ការធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធមនុស្ស ការអនុវត្ត​ស្តង់ដា ២ និង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ក្រោម​ហេតុផល​សិទ្ធិមនុស្ស​ឬ​ប្រជាធិបតេយ្យ​។ ភាគី​ទាំង ២ បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ និង​បដិវត្តន៍​ពណ៌​។​

​ជាមួយគ្នានេះ​ចិន និង​កម្ពុជា បានប្រកាស​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ការពារ​ប្រព័ន្ធ​អន្តរជាតិ​ដែលមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​ជា​មូលដ្ឋាន​សម្រាប់ គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ ដូច​មានចែង​ក្នុង​គោលបំណង និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

​ដោយឡែក​នៅក្នុង​សុន្ទរកថា ក្នុង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី២០ ឆ្នាំ ២០២៣ ក្រោម​ប្រធានបទ​«​រួម​អ្នក​សាង​សហគមន៍​មួយ​ប្រកបដោយ​ភាព​សុខដុម និង​វាសនា​តែមួយ​» នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន នា​ថ្ងៃទី ១៦ ខែកញ្ញា លោក​ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​អាស៊ាន​-​ចិន​ខិតខំ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ក្នុងការ​បង្កើន​សកម្ម​ភាព​វិនិយោគ​ទៅវិញទៅមក​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុងពេល​មាន​វត្តមាន​លោក លី ឈាង នាយករដ្ឋមន្ត្រី​ចិន​នៅ​ទីនោះ​ដែរ​ថា តួនាទី​របស់​ពាណិជ្ជកម្ម​គឺមាន​សារៈសំខាន់​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​សកល ដើម្បី​ធានាថា​ការពឹងផ្អែក​ទៅវិញទៅមក និង​សកលភាវូបនីយកម្ម​គឺជា​ការផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ហើយ​ថា ការធ្វើ​ពាណិជ្ជកម្ម​មិនគួរ​ត្រូវបាន​ប្រើប្រាស់​ជា​អាវុធ​ដែល​បំផ្លាញ​ដល់​សន្តិសុខ​សេដ្ឋកិច្ចពិភពលោក​ឡើយ​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុងន័យនេះ អាស៊ាន និង​ចិន គឺជា​តួអង្គ​ដ៏​សំខាន់​ដែល​យើង​អាច​បង្ហាញ​ឧទាហរណ៍​ដល់​ពិភពលោក​ពី​ផលប្រយោជន៍​ដែល​កើតចេញពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ដោយ​មិន​ទោរទន់​ទៅរក​និន្នាការ​គាំពារ​និយម ឯកតោភាគី​និយម ឬ​គំនិត​ជាតិនិយម​សេដ្ឋកិច្ច​នោះទេ​»៕