​ភ្នំពេញៈ ​ប្រធាន​ទីប្រឹក្សា​បច្ចេក​ទេស​អង្គការ​យូ​នី​ដូ UNIDO លោក សេត​ធី​ស៊ី ថា​រ៉ា​ម៉ា ថម​បា​ធូ ថ្លែងថា អង្គការ UNIDO និង រដ្ឋ​បាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខិតខំ​ប្រឹងប្រែង​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ជលផល​កម្ពុ​ជាមាន​នៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប តាម​រយៈ​ធ្វើឱ្យ​បំពេញបាន​ការឆ្លើយ​តប​បញ្ញត្តិ និង​តម្រូវការ​របស់​សហភាព​អឺរ៉ុប​។​

​លោក​បាន​ថ្លែង​បែបនេះ​ក្នុង​កម្មវិធី​បើក​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជល​ផល​ក្រោយ​ប្រមូល​ផល​ដែល​ទទួលផល​ពី​គម្រោង CAPFish ធ្វើឡើង​នៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​លោក សេត​ធី​ស៊ី ថា​រ៉ា​ម៉ា ថម​បា​ធូ លើកឡើងថា ការបោះ​ជំហាន​ទៅកាន់​ទីផ្សារ​ដែលមាន​តម្លៃ​ខ្ពស់ គឺជា​រឿង​មួយ​ដ៏​សំខាន់ ជាក់ស្តែង​បច្ចុប្បន្ន​នៅតាម​ផ្សារ​ទំនើប និង​ផ្សារ​ដែលមាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា​ដែល​ផលិតផល​កម្ពុ​ជាមាន​ចរាចរណ៍ មាន​បិទ​ស្លាក​សញ្ញា CQS ដែលជា​និមិត្តសញ្ញា​គុណភាព​កម្ពុជា​។ UNIDO និង​រដ្ឋបាល​ជលផល​មិន​បញ្ចប់​ត្រឹមនេះ​ទេ ពោលគឺ​កំពុង​ធ្វើ​យ៉ាង​ណា​ឱ្យ​ផលិតផល​ជលផល​កម្ពុជា​បាន​ដំណើរការ​លក់ដូរ​នៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​ការ​អនុវត្ត​គម្រោង CAPFish គឺជា​ជំហាន​សំខាន់​ក្នុងការ​គាំទ្រ និង​ជំរុញ ឱ្យ​ផលិតផល​ជលផល​កម្ពុជា មាន​ស្តង់ដា​គ្រប់គ្រាន់​។

​លោក​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវ​ប្រឹងប្រែង​រួមគ្នា ធ្វើយ៉ាងណា​ឱ្យ​ក្តី​សុបិន​នេះ​ក្លាយជា​ការពិត អ្វី​ដែលជា​ក្តី​សុបិន​របស់​យើង គឺ​ផលិតផល​កម្ពុជា និង​មាន​លក់ នៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប​»​។

​លោក​ ពុំ សុថា ប្រតិភូ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គ​នាយក​រដ្ឋបាល​ជលផល​លើកឡើងថា តាមរយៈ​ក្របខ័ណ្ឌ​នៃ​កម្មវិធី CAPFish គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​បាននិងកំពុង​សហការ​អនុវត្ត​ក្នុងនាម​ជា​ដៃគូ​រវាង​រដ្ឋបាល​ជល​ផល និង​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម UNIDO រយៈពេល ​៥ ​ឆ្នាំ ២០១៩-២០២៤​។ តាម​រយៈ​ការអនុវត្ត​គម្រោង​នេះ​បាន​ជួយ​បង្កើត​ភាព​ប្រកួតប្រជែង នៃ​ផលិតផល​ជលផល​កម្ពុជា និង​ការលើកកម្ពស់​សុវត្ថិភាព​អាហារ ព្រមទាំង​ការអភិវឌ្ឍ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ជលផល​។

​លោក​ថ្លែងថា​៖ «​លទ្ធផល​សំខាន់​របស់​គម្រោង​គឺ​បាន​បង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​ផ្នែក​សុវត្ថិភាព​ម្អូ​ប​អាហារ ការ​កសាង​សមត្ថភាព​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រដ្ឋបាល​ជលផល ដើម្បី​អនុវត្ត​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្របតាម​តម្រូវការ​សុវត្ថិភាព​អាហារ​ជា​លក្ខណៈ​សកល​»​។​

​តាមរយៈ​គម្រោង​នេះ​រដ្ឋបាល​ជលផល​បានបញ្ចប់ និង​ដាក់ឱ្យ​ដំណើរការ និមិត្តសញ្ញា​គុណភាព​ផលិតផល​ជលផល​កម្ពុជា CQS សម្រាប់​បញ្ជាក់​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​ជលផល​ដែលមាន​គុណភាព​អនុលោម​តាម​គោលការណ៍​សុវត្ថិភាព​អា​​ហារ​។ ទន្ទឹមនេះ​គម្រោង​ក៏បាន​ជួយ​ដល់​វិស័យ​ឯកជន ក្នុងការ​កែលម្អ​ជួយ​ការធ្វើ​ប្រតិបត្តិការ​ដោយ​អនុលោម​តាម​ស្តង់ដា​សុ​វត្ថិ​ភាព​អាហារ និង​ការ​ជ្រៀតចូល​ទីផ្សារ​ប្រកួតប្រជែង​ដែល​វិស័យ​ឯកជន​បាន​ជួប​បញ្ហា​ប្រឈម​លើ​ផ្នែក​បច្ចេកទេស កែ​ច្នៃ​ទីផ្សារ ការអនុវត្ត​គោលការណ៍​អនាម័យ​តាម​ស្តង់ដា​។

​កញ្ញា អ៊ឹម រចនា អនុ​រដ្ឋលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើងថា ការ​វេច​ខ្ចប់​ជា​កត្តា​សំខាន់​មួយ​ដែល​ធ្វើឱ្យ​ការនាំចេញ​ផលិតផល​ជលផល​កម្ពុជា​ទៅ​ចរាចរណ៍​នៅលើ​ទីផ្សារ​អឺរ៉ុប​មានការ​លំបាក បើសិន​ជាការ​វេច​ខ្ចប់​នោះ​ប្រើប្រាស់​ប្លា​ស្ទិ​ក ព្រោះ​សហ​ភាព​អឺរ៉ុប គិតគូរ​ចម្បង​ចំពោះ​បញ្ហា​បរិស្ថាន​។ កញ្ញា​បាន​លើកទឹកចិត្ត​ និង​ផ្តល់​ជា​គំនិត​ធ្វើយ៉ាងណា​ឱ្យ​ការ​វេច​ខ្ចប់​កុំ​ប្រើប្រាស់​ប្លា​ស្ទិ​ក​។

​កញ្ញា​ថ្លែងថា​៖ «​តើ​យើង​អាច​ទេ មាន​វិធី​ណា​ទេ ដែល​យើង​អាច​ផ្លាស់ប្តូរ package ពី​ប្លា​ស្ទិ​ក​ទៅជា package ណាមួយ​ដែល​នៅតែ​រក្សា​គុណភាព​ផលិតផល​បាន ប៉ុន្តែ​មាន​សោភណភាព​ល្អ​ជាង​មុន ហើយ​ស្របទៅតាម​​គោលនយោបាយ​របស់​អឺរ៉ុប​»​។

​គួរ​បញ្ជាក់ថា ក្រសួងកសិកម្ម និង​អង្គការ UNIDO បាន​បើក​ដំណើរការ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជល​ផល​ក្រោយ​ប្រមូល​ផល​ដែល​ទទួលផល​ពី​គម្រោង CAPFish នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា នៅ​ក្រសួងកសិកម្ម​។ ទស្សនកិច្ច​​សិក្សា​នេះ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និង​ខេត្ត​​សៀមរាប ចាប់ពី​ថ្ងៃទី​ ១៧ - ២០ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​គោល​បំ​ណង​នៃ​ដំណើរការ​ទស្សនកិច្ច​នេះ​គឺ​ផ្តល់​សារ​អប់រំ​មួយចំនួន​ស្តីពី​ការអភិវឌ្ឍ​អាជីវកម្ម​គោល​​គំនិត និង​ការអនុវត្ត​សុវត្ថិភាព​ម្ហូប​​អាហារ និង​ការអភិវឌ្ឍ​វិស័យ​ឯកជន​។ ផ្សព្វផ្សាយ​អំពី​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​របស់​គម្រោង​របស់​រដ្ឋបាល​ជលផល និង​អង្គការ UNIDO បង្ហាញ​អំពី​ការ​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​ម្ហូបអាហារ និង​ដំណើរ​ការទទួល​វិញ្ញាបនបត្រ និង​ផ្សព្វ​​ផ្សាយ​ដល់​សាធារណជន​អំពី​សារៈសំខាន់ៗ និង​អត្ថប្រយោជន៍​របស់​សុវត្ថិ​ភាព​ម្ហូបអាហារ​៕