ភ្នំពេញៈ ​សារមន្ទីរ​ទួលស្លែង​ឬ​មន្ទីរ​សន្តិសុខស​ ២១ ​ជា​កន្លែង​ធ្វើ​ទារុណកម្ម​សម្លាប់​មនុស្ស​ដ៏​ធំ​មួយ​ក្នុង​របប​ខ្មែរក្រហម​នៅ​រាជធានី​ភ្នំពេញ​។ ​ក្រៅពី​សារមន្ទីរ​ធំជាង​គេ​មួយ​នេះ​ក៏​នៅមាន​ទីតាំង​តម្កល់​អដ្ឋិធាតុ​ជន​រង​គ្រោះ​ចំនួន ៨១ ​ទីតាំង​ផ្សេង​ទៀត​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ​ផង​ដែរ​​។​

បើ​ទោះ​ជា​ជាង ​៤០​ ឆ្នាំ​កន្លង​ផុត​ទៅហើយក្តី​តែ​រូបភាព​គ្រែ​ដែក​ខ្នោះ​ជើង​​ជាមួយ​ក្លិនឆ្អាប​ឈាម​របស់​ជនរង​គ្រោះ​ចំពោះ​អ្នក​ដែល​ធ្លាប់​ចូល​ឃើញ​នៅ​សារ​មន្ទីរ​ទួលស្លែ​ង​នៅ​តែ​ដិត​ជាប់​នឹង​កែវ​ភ្នែក​រហូត​មកទល់​បច្ចុប្បន្ន​នៅ​ឡើយ​។​

«​រូបថត​ពណ៌​ស​-​ខ្មៅ​ត្រឹម​ពាក់​កណ្តាល​ខ្លួន​នៃ​ជនរង​គ្រោះ​ប្រុស-​ស្រី​ និង​មាន​បង់​លេខ​សម្គាល់​រាប់​ពាន់នា​ក់​ត្រូវបាន​បិទ​នៅលើ​ក្តារ​បញ្ឈរ​ក្នុង​សារម​ន្ទីរ​ទួលស្លែង​ គឺជា​រូបភាព​សោកស​ង្រេង​មួយ​ក្នុង​ចំណោម​រូប​ភាព​ដទៃទៀ​ត​»​។ នេះ​គឺ​ជាសម្តី​របស់​លោក​ឡោ គីម​ហ្កិ​ច ដែល​ធ្លាប់​បាន​ចូល​ទៅ​ទស្សនា​នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​។​

​លោក​ ឡោ គីម​ហ្កិ​ច ​អាយុ ​៦២ ​ឆ្នាំ​ ជា​មេធាវី​និង​កំពុង​រស់នៅ​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា​ លោក​ធ្លាប់​បាន​ចូល​ទៅ​ទស្សនា​នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពីដើម​ឆ្នាំ​ ១៩៨០​។​ ទិដ្ឋ​ភាព​ដំបូង​ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​បន្ទប់​មួយ​មាន​ខ្នោះ​ដែល​ផ្សា​រភ្ជាប់​នឹង​ដែក​ថ្នាំង​អំពៅ ​គឺជា​ខ្នោះ​ជើង​សម្រាប់​ដាក់​ជន​រង​គ្រោះ​ហើយ​ពេលនោះ​លោកបាន​ឃើញ​ដុំ​ឈា​មក​ក​​ប្រឡាក់​នៅលើ​កម្រាល​ឥដ្ឋ​ដែល​ជះក្លិន​ឆ្អាប​នៅឡើ​យ​។​ ក្រៅពីនោះ​​លោកក៏​បាន​ឃើញ​មាន​កេស​ដែក ​១ ​ទុក​សម្រាប់​ឱ្យ​ជនរង​គ្រោះ​បន្ទោបង់​ និង​មាន​គ្រែ​ដែក ​១ ​ដែល​គ្មាន​កន្ទេល​ផង​ដែរ។​

​លោកបាន​បន្តថា​រីឯ​នៅ​ខាង​ក្រៅ​បន្ទប់​ក្នុង​បរិវេណ​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​គឺ​លោក​បាន​ឃើញ​មាន​ពាង​ទឹក​ដាក់​តម្រៀប​គ្នា​ដែល​នៅ​ចំ​ពីលើ​ពាង​ទឹក​នោះ​មាន​ដាំស​សរ​ប្រៀបដូច​ជា​សសរ​ទោង​​និង​មាន​ខ្សែ​ពួរ​ចង​ព្យួរទម្លាក់ចុះ​មក​កាន់​មាត់​ពាង​។​វត្ថុ​ទាំង​នោះ​ក៏​ជា​ឧបករណ៍​សម្រាប់​ធ្វើ​ទារុណ​កម្ម​​ជនរង​គ្រោះ​ដោយ​ចងជើង​ឡើង​លើ​ក្បាល​សំយុង​ចុះជ្រមុជចូល​​ទឹក​ពាង​ហើយ​លោក​ក៏​ឃើញ​មាន​ឃាំង​លួស​បន្លា​នៅ​តាម​យ៉​មុខ​នៃ​បន្ទប់​អគារ​និង​របង​អគារ​ ​ដែល​ការ​ហ៊ុម​ព័ទ្ធ​បែប​នេះ​គឺ​ដើម្បី​ការ​ពារ​កុំឱ្យ​ជន​រង​គ្រោះ​រត់​គេច​ខ្លួនបាន​។

​លោក​បាន​បញ្ជាក់​ថា​៖«​កាល​នោះ​ខ្ញុំ​ចូល​ទៅក្នុ​ង​បន្ទប់​ណា​ក៏​ធុំក្លិន​ឆ្អាប​ដែរ​។​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ទិដ្ឋ​ភាព​ទាំង​អស់​នោះ​ខ្ញុំ​មាន​អារម្មណ៍​តក់​ស្លុត​ហើយ​ទឹកភ្នែក​ខ្ញុំ​ហូរ​ដោយ​សារ​ខ្ញុំ​អាណិត​ដល់​ពួក​គាត់​ខ្លាំង​ពេក​។​ពេល​នេះ​ទិដ្ឋ​ភាព​ដើម​នៅ​ដដែល​តែ​មិន​មាន​ធុំ​ក្លិន​ឆ្អាប​ដូច​មុន​ទេ​»​។​

​បើតាមលោក​គីម​ហ្កិ​ច​ថ្វីដ្បិត​តែ​ពេលវេ​លា​កន្លងផុ​តទៅ​ជាង​៤០​ឆ្នាំ​ទៅហើ​យ​ក្តី​តែ​រូបភាព​របស់​ជនរង​គ្រោះ​នៅតែ​ជាប់​ដិត​ដាម​ជាប់​នឹង​កែវ​ភ្នែក​របស់​លោក​នៅ​ឡើយ​​។​បច្ចុប្ប​ន្ន​សារម​ន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែ​ង​មិន​មែនសម្រាប់​តែ​កម្ពុជា​ទេ​ដែល​ត្រូវ​ចង​ចាំ​ពី​អំពើឃោរ​ឃៅ​សម្លាប់​មនុស្ស​តែ​ក៏​ជា​និមិត្តរូប​នៃ​ការចង​ចាំ​របស់​ពិភព​លោក​ផងដែ​រ​។​សារម​ន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសា​សន៍​ទួល​ស្លែង​ត្រូវបាន​កែលម្អ​ក្នុង​បរិវេណ​ខ្លះ​តែ​សម្រាប់​អគារ​និង​បន្ទប់​ដែល​ឃុំ​ជន​រង​គ្រោះ​នៅតែ​ដដែល​ទេ​។​

​ពាក់​ព័ន្ធ​នឹង​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​នេះ ​លោក ​ឆាំង​យុ​នាយ​កម​ជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ហៅ​កាត់​ថា(DC-CAM)​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​មាន​ជនរង​គ្រោះ​ប្រុស-​ស្រី​ក្មេង-​ចាស់​ចំនួន​១៨​ ០៦៣​នាក់​ត្រូវបាន​សម្លាប់​នៅ​ទីនោះហើ​យ​នៅ​កម្ពុ​ជាមាន​សារ​មន្ទីរ​បែបនេះ​តែ ១​ប៉ុណ្ណោះ​។​រីឯ​នៅ​តាម​បណ្តា​ខេត្ត​មាន​ការសាង​សង់​ជា​បូជនីយ​ដ្ឋាន​តម្កល់​អ​ដ្ឋិធាតុ​ជនរង​គ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ចំនួន​៨១​ដែល​រចនា​ប័ទ្ម​សំណង់​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ការ​ចង់​បាន​រប​ស់​អាជ្ញា​ធរ​ខេត្ត​នីមួយៗ​។​

​លោក​ឱ្យ​ដឹងថា​បូជនីយ​ដ្ឋាន​តម្កល់​អដ្ឋិ​ធាតុ​ជនរង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​រួមមាន នៅ​រាជ​ធានី​ភ្នំពេញ ​ខេត្តបន្ទាយ​មាន​ជ័យ ​បាត់​ដំបង​ កំពង់​ចាម​ កំពង់​ឆ្នាំង ​កំពង់​ស្ពឺ កំពង់​ធំ​ កំពត​ កណ្តាល ​ព្រៃវែ​ង ស្វាយ​រៀង ពោធិ៍​សាត់​ សៀម​រាប ​ស្ទឹង​ត្រែង និង​ខេត្ត​តាកែវ​។

​លោក​ឆាំង​យុ​ បាន​បន្តថា ​សារ​មន្ទីរ​ឧក្រិដ្ឋក​ម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ជា​ទីតាំង​បទ​ឧក្រិដ្ឋ​មួយ​ក្នុង​ចំណោម​ទីតាំង​ឃុំឃាំ​ងរបស់​មេ​គុក​ទាំង​១៩៦​កន្លែង​ ដែល​មាន​ទីតាំង​វាល​ពិឃាត​៣៩០​កន្លែង​ហើយ​មាន​រណ្តៅ​កប់សព​រួម​២៨ ​៨៣៣​រណ្តៅ​ដែល​បាន​កើត​ឡើង​ក្នុងស​ម័យ​ខ្មែរ​ក្រហម​។​នៅ​ទួលស្លែ​ង​ក៏មាន​ចម្លើយ​សារភា​ព​រាប់ពា​ន់​របស់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​តម្កល់​ទុក​នៅ​ទីនោះ​ផង​ដែរ​។​

​បើ​តាម​លោ​ក ឆាំង យុ​នៅ​សារមន្ទី​រ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូ​ជសាសន៍​ទួលស្លែ​ង​ក៏ដូចជា​នៅ​មជ្ឈម​ណ្ឌល​ប្រល័យ​ពូជ​​សាស​ន៍​ជើងឯ​កដែរ ​គឺ​ផ្តោត​សំខាន់​តែទៅ​លើ​ការ​ប្រមូល​បំណែក​ដែល​បាន​បាត់ប​ង់​ក្នុង​សម័យ​ខ្មែរក្រហម​មក​រក្សាទុក​ប៉ុណ្ណោះ​ ​ដូច​ជា​នៅ​ទួ​លស្លែង​មាន​ការ​ថែរក្សា​ទុក​លលា​ដ៍ក្បាល​និង​សម្លៀក​បំពាក់​រប​ស់ជ​នរងគ្រោះ។​រីឯ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​មាន​តម្កល់​ឯក​សារ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោស​មេ​ដឹកនាំ​របប​កម្ពុជា​ប្រជាធិប​តេយ្យ(ខ្មែរក្រ​ហម)ក្នុង​នោះក៏​មាន​ឯកសា​រ​ប្រវត្តិ​សាស្ត្រ​ប្រមាណ​ជាង​កន្លះ​លាន​ដែល​លោក​បាន​យក​ទៅ​ប្រគល់ជូន​តុលា​ការ​ផង​ដែ​រ។និយាយ​ជារួម​បើ​ទាក់​ទង​នឹង​ឯកសារ​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម​គឺ​មាន​នៅ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។​

​លោក​ថ្លែង​ថា​៖«​អ៊ីចឹង​ផ្នែក​នីមួយៗ​ហ្នឹង​ជា​បណ្តុំ​នៃ​ប្រវត្តិ​សាស្ត្រ​រួមមួយ​របស់​ជាតិ​ដែល​និយាយ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​។​ក្នុង​រយៈ​កាល​កម្ពុជា​ប្រជា​ធិប​តេយ្យ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩»​​។​

​លោក​បាន​បន្ថែមថា​ចំពោះ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​ស្រាវ​ជ្រាវ​ពី​ប្រវ​ត្តិសាស្ត្រ​ខ្មែរ​ក្រហម​មាន​នៅ​រាជ​ធានី​ភ្នំពេញ ​ខេត្ត​ត្បូងឃ្មុំ​ កំពង់​ចាម ព្រៃ​វែង​ តា​កែវ ​ឧត្តរ​មាន​ជ័យ ​ពោធិ៍​សាត់​ កំពត​ ស្ទឹង​ត្រែង និង​ខេត្ត​មណ្ឌល​គិរី​។​ចំពោះ​ការ​រក្សា​ទុក​ឯក​សារ​គឺ​រៀប​ចំទៅ​តាម​តំបន់​នៃ​ខេត្ដ​នីមួយៗ​ដែល​ឆ្លុះ​បញ្ចាំង​ពី​បុព្វហេតុ​ឬក៏​ប្រវ​ត្តិ​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ខ្មែ​រក្រហម​​ ហើយ​រាល់​ឯកសារ​ទាំង​នោះ​មាន​ជាក្រ​ដាស​ជា​សៀវភៅ​​ជា​រូបថត​ជា​វីដេអូ​រួម​នឹង​ឯក​សារ​ជា​បទ​សម្ភាសន៍​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​ក្នុង​សម័យ​ខ្មែរ​ក្រហម​ផង​ដែរ​។​

​បើតាម​លោក ​ឆាំង យុ​គោល​បំណង​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​គឺ​ផ្តោត​ជា​សំខាន់​ដើម្បី​កុំឱ្យ​ប្រវត្តិ​សាស្ត្រ​មួយ​ត្រូវ​បាន​បំភ្លេច​​ដោយ​គ្មាន​ភ័ស្តុ​តាង​កុំឱ្យ​អតីត​កាល​ជូរចត់​វា​កើត​ឡើង​វិញ​ម្តង​ទៀត​។​ម្យ៉ាង​វា​ជា​មេរៀន​មួយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏ដូចជា​ពិភពលោក​ហើយក៏​ជាការ​គោរព​ដល់​អ្នក​ស្លាប់​ចំនួន​២​លាន​នាក់​រួមទាំង​អ្នក​ដែល​បាន​រស់​រាន​មាន​ជីវិត​៥​លាន​នាក់​ដែល​បាន​កសាង​ប្រទេស​កម្ពុជា​ពី​បាត​ដៃទ​ទេ​តាំងពី​ឆ្នាំ​១៩៧៩​មក​ផង​ដែរ។​ហេតុ​ដូច្នោះ​ហើយ​សម្រាប់​សិស្សានុ​សិស្ស​គួរ​ទៅឱ្យ​បាន​គ្រប់​ទីតាំង​នានា​ដែល​លោក​បាន​លើក​ឡើង​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​ឱ្យបាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។​

​លោក​បាន​ឱ្យដឹង​ថា​ចំពោះ​អ្នក​មក​ទស្សនា​និង​អ្នក​មក​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម​នៅ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​គឺមាន​ចម្រុះ​ដែល​ជា​មធ្យម​ក្នុង​១​ខែ​ប្រមាណ​១​ពាន់​នាក់​នៅ​រាជ​ធានី​ភ្នំពេញ​។​តែបើ​នៅ​មណ្ឌល​ឯក​សារ​នៅ​តាម​ខេត្ត​នីមួយៗ​ទូទាំង​ប្រទេស​គឺ​ក្នុង​១​ខែ​មាន​សិស្សានុ​សិស្ស​ចន្លោះ​ពី​៥០០​ទៅ​១​ពាន់​នាក់​ដែល​តែងចូល​អាន​ស្រាវ​ជ្រាវ​ឯក​សារ​នៅ​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​។

លោក​ឈួន សុខ​ណា មេឃុំ​ពាមជី​កង ក្នុង​ស្រុក​កង​មាស​ ខេត្ត​កំព​ង់ចាម​ បានឱ្យ​ដឹងថា​ស្រុក​កងមាស​មាន​បូជនីយ​ដ្ឋា​ន​សម្រាប់​ដាក់​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម​ចំនួន​១៣​ទីតាំង​។ក្នុង​នោះ​មាន​​១​កន្លែង​ទំហំ​ប្រហែល​៣​ម៉ែត្រ​៤​ជ្រុង​បាន​បិទ​កញ្ចក់​ស​ថ្លា​សម្រាប់​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​មើល​ឃើញ​ឆ្អឹង​​ជនរង​គ្រោះ​។​ចំពោះ​ជនរងគ្រោះ​ដែល​គេយក​មក​សម្លាប់​ក្នុង​ឃុំ​លោក​មាន​ចំនួន​៣៨ ​៦៩០​នាក់​ជា​អ្នក​មូល​ដ្ឋាន​ខ្លះ​និង​អ្នក​មកពី​ក្រៅ​មូល​ដ្ឋាន​ខ្លះ​។​

​លោក​បាន​បន្តថា​បូជនីយ​ដ្ឋាន​បិទ​កញ្ចក់​នោះ​ស្ថិតនៅ​វត្ត​អូរ​ត្រកួន​ក្នុងភូមិ​សំបូរ​មាស​(​ក​)​ឃុំ​ពាម​ជីកង​ ស្រុក​កងមាស។​ជា​រៀង​រាល់ឆ្នាំ​​អាជ្ញា​ធរ​ស្រុក​ក៏ដូចជា​​អាជ្ញាធរ​ខេត្ត​តែង​តែប្រា​រព្ធពិធី​រំឭក​វិញ្ញាណក្ខ​ន្ធ​ដល់​ជនរង​គ្រោះ​និង​មាន​យុវជន​រាប់រយ​នាក់​បានចូ​លរួម​ស្តាប់​សុន្ទរក​ថា​រៀបរាប់​ពី​ទុក្ខវេ​ទនា​និង​អំពើ​កាប់​សម្លាប់​របស់​ខ្មែ​រក្រហម​។តា​មរយៈ​ការ​ធ្វើ​ពិធី​នេះ​យុវជន​មាន​ការ​យល់​ដឹង​ច្រើន​អំពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​។​

​លោក​បាន​បញ្ជាក់ថា​​៖«​ពេល​ក្រុម​យុវជន​មក​ចូលរួម​ពិធី​គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា​ពីមុន​គាត់​ឮ​ម្តាយ​ឪពុក​ប្រាប់​ដែរ​តែ​គាត់​មិន​សូវ​ជឿ​​ប៉ុន្តែ​ពេល​គាត់​មក​ឃើញ​ឆ្អឹង​មនុស្ស​ផ្ទាល់​ភ្នែក​រួម​នឹងបានស្ដាប់​ការរៀប​រាប់​ពី​អ្នក​នៅ​រស់​ក្នុង​របប​ខ្មែរ​ក្រហម​ទើប​គាត់​ជឿ​ជាក់​»​៕

​​