
ប្រាសាទកោះកេរនិងសេចក្ដីជួនដំណឹងកាលពីថ្ងៃទី១៧ កញ្ញា ។ រូបថត ក្រសួងធម្មការ
ភ្នំពេញៈក្រសួងធម្មការនិងសាសនា គណៈសង្ឃនាយក នាយករដ្ឋមន្ត្រីរួមនឹងថ្នាក់ដឹកនាំតាមបណ្តាខេត្តនានា បានអំពាវនាវឱ្យគ្រប់វត្តអារាម ទីសាសនដ្ឋានទូទាំងប្រទេសចូលរួមវាយជួង រគាំង និងទូងស្គរនៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខ ដើម្បីអបអរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយកបានចេញសេចក្តីជូនដំណឹងឱ្យមានការរៀបចំវាយជួង រគាំងនិងទូងស្គរគ្រប់វត្តអារាមដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូសម្រេចជាឯកច្ឆន្ទចុះរមណីយដ្ឋានប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចព្រះពោធិវ័ង្ស អំ លីមហេង បានបញ្ជាក់ថា៖«គណៈសង្ឃនាយកសូមប្រគេន ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការទូទាំងប្រទេសកម្ពុជាត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងប្រទេសឱ្យបានព្រមៗគ្នានៅថ្ងៃទី២០ ខែកញ្ញាវេលាម៉ោ ៧:០០នាទីព្រឹក កុំបីអាក់ខានឡើយ»។
ជាមួយគ្នានេះ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានចេញលិខិតណែនាំឱ្យមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត សហការឱ្យបានជិតស្និទ្ធជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនាផ្សេងៗត្រៀមរៀបចំវាយគង ជួង ទូងស្គរ និងគោះត្រដោក តាមគ្រប់មធ្យោបាយដើម្បីអបអរការចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះផងដែរ។
ចំណែកប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានសរសេរក្នុងតេឡេក្រាមរបស់លោកកាលពីថ្ងៃទី១៧ ខែកញ្ញា សម្តែងការអបអសាទរយ៉ាងក្រៃលែងដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកបានបន្តថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ»។
លោកហ៊ុន សែន បញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរជាអតីតរាជធានីរបស់ខ្មែរដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ [ជ័យវរ្ម័នទី៤]ក្នុងអំឡុងសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។
រីឯគណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្ដីថ្លែងការណ៍បង្ហាញការអបអរសាទរចំពោះការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះផងដែរ។
សេចក្តីថ្លែងការណ៍លើកឡើងថា៖«យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៦ និងទី៧ នៃរដ្ឋសភាព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីបានខិតខំតស៊ូព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបានលទ្ធផលជូនជាតិមាតុភូមិនៅពេលនេះ»។
លោកឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅថ្ងៃទី១៨ ខែកញ្ញា ថា នេះជាជោគជ័យថ្មីនិងជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា។
លោកថា៖«អ្វីដែលកម្ពុជាអាចធ្វើបានគួរតែធ្វើ ទោះបីជារូបភាពទូងស្គរ ឬក៏ស្ថានភាពបែបណាក៏ដោយដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គមឬប្រព័ន្ធផ្សព្វផ្សាយទាំងជាតិនិងអន្តរជាតិគឺជារឿងដែលយើងគួរធ្វើដើម្បីពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឱ្យពួកគាត់បានដឹងថា រាជរដ្ឋាភិបាលបានធ្វើនូវរឿងដ៏អស្ចារ្យនិងដ៏សំខាន់មួយនេះសម្រាប់ប្រទេសជាតិ»។
ទោះជាយ៉ាងណា លោក ឈត ប៊ុនថង ថា អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងលើកកម្ពស់ជាបន្តបន្ទាប់ទៀត ព្រោះបើសិនបើគ្រាន់តែបញ្ចូលនិងត្រឹមតែទូងស្គរសាទរហើយមិនបានថែរក្សាការពារទេនោះវត្ថុទាំងអស់នេះនឹងមិននៅគង់វង្សយូរអង្វែងឡើយ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងតាមរយៈសេចក្តីជូនដំណឹងដែរថា ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទនភាពមួយទៀតសម្រាប់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា។
លោកថា៖«ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះរដ្ឋបាលខេត្តសូមណែនាំដល់ស្ថាប័នរដ្ឋ ឯកជន ស្រុក ឃុំ វត្ដអារាម សាលារៀន និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យចូលរួមអបអរសាទរ តាមរយៈវាយជួង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមានថ្ងៃទី២០ ខែកញ្ញា ខាងមុខ»។
ជាមួយគ្នានេះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ(UNESCO)ប្រចាំកម្ពុជាបានប្រកាសអបអរសាទរចំពោះជោគជ័យថ្មីរបស់កម្ពុជាផងដែរដោយបានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា៖«អបអរសាទរប្រទេសកម្ពុជាដែលបានចុះបញ្ជីតំបន់ប្រាសាទកោះកេរ៖ រមណីយដ្ឋានបុរាណវិទ្យាលិង្គបុរៈឬឆោកគគីរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!»។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារជូនជនរួមជាតិដោយលោកសង្កត់ធ្ងន់ថា ៖ «ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិនិងប្រជាជនកម្ពុជាទាំងមូល»៕