
ក្រុមអ្នកគាំទ្រលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត FB
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស បានគាំទ្រចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអង្គការ សហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ចុងខែកញ្ញាខាងមុខនេះ។
ការចេញមុខគាំទ្រនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី មេបក្សប្រឆាំងដែលនិរទេសខ្លួននៅក្រៅស្រុក កាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវតាមបណ្តាញសង្គមឱ្យពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនាបុរីញូវយ៉ក នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។
ពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុង Montreal ខេត្តQuebec ប្រទេសកាណាដា បានថ្លែងតាមរយៈវីដេអូឃ្លីប និងបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៨ ខែកញ្ញា ថា ពួកគេមានក្តីរីករាយ ក្រោយទទួលបានដំណឹង ពីដំណើរបំពេញទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក។
ពួកគេបានបញ្ជាក់ថា ពួកគេនឹងដឹកនាំពលរដ្ឋប្រមាណជាង ២០០ នាក់ផ្សេងទៀត ទៅចូលរួមកគាំទ្រ និងជួបសំណេះសំណាល ក្រោមអធិតីភាពលោក ហ៊ុន ម៉ាណែត ផងដែរ។
ជាមួយគ្នានេះ ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត នៅលើពិភពលោក គួរទៅចូលរួមជួបជុំគ្នានៅក្នុងទីក្រុងញូវយ៉កនាពេលនោះដែរ។
ចំណែក លោក ហួត គឹមឆា ពលរដ្ឋខ្មែររស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ក៏បានថ្លែងដែរថា ក្នុងនាមលោកជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក លោកក៏មានក្តីរីករាយក្រោយពេលដែលទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះផងដែរ។
លោកបញ្ជាក់ថា ៖«ខ្ញុំ និងក្រុមការងារ នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីអបអរសាទរសម្តេច និងក្រេបយកដំណឹងដែលល្អៗ ដែលកម្ពុជាបានអភិវឌ្ឍ និងរស់នៅដោយសុខសន្តិភាព និងមានភាពជឿនលឿនគ្រប់វិស័យ ហើយខ្ញុំសង្ឃឹមថា សម្តេចនឹងបញ្ជាក់ពីគោលការណ៍នៅខាងមុខនៃសុខសន្តិភាពនៃប្រទេសផងដែរ»។
ស្រដៀងគ្នានេះ នៅក្នុងវីដេអូឃ្លីបផ្សេងទៀត ដែលត្រូវបានគេហៅថា លោក ដារ៉ា និងលោក សេម ពលរដ្ឋខ្មែរដែលកំពុងរស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិកដែរបានលើកឡើងថា ក្នុងនាមពលរដ្ឋខ្មែរ ពួកគាត់ពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ។ ពួកគាត់នឹងធ្វើដំណើរទៅទទួលស្វាគមន៍ ដោយស្ម័គ្រចិត្ត ដើម្បីគាំទ្រលោកនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
បើតាមលោក ដារ៉ា នៅពេលដែលលោកធ្វើដំណើរមកលេងប្រទេសកម្ពុជា លោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន ក្រោមការគ្រប់គ្រងរបស់លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នបន្តមកដល់នាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ដែលធ្វើឱ្យលោកមានក្តីសង្ឃឹមថានឹងបន្តកសាងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើននៅពេលអនាគតបន្ថែមទៀត។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់នៅថ្ងៃទី១៨ ខែកញ្ញាថា នៅក្នុងសមរភូមិនៅក្រៅប្រទេស មានទាំងក្រុមប្រឆាំង និងក្រុមគាំទ្រ ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានធ្វើនូវរឿងដ៏ត្រឹមត្រូវរបស់ខ្លួននិងឡើងកាន់អំណាចដោយភាពស្របច្បាប់។
លោកបន្តថា ទោះជាមានការប្រឆាំងបែបណាក៏ដោយ ប៉ុន្តែក៏មានការគាំទ្រពីប្រទេសជាមិត្ត ក៏ដូចជាសហគមន៍អន្តរជាតិជាច្រើនប្រទេសផងដែរ។
លោក យង់ ពៅ សង្កត់ធ្ងន់ថា ៖ «មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលថ្មីបានជួបប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលធំៗកាលពីពេលថ្មីៗនេះរួចស្រេចទៅហើយ។ អីចឹង! នេះជាកត្តាសត្យានុម័តនៃដំណើរការរាជរដ្ឋាភិបាល។ គ្រាន់តែសំឡេងប្រឆាំងនៅឯនាយសមុទ្រពេលខ្លះ គ្រាន់តែជាការបំពងសំឡេង បន្តុះបង្អាប់ចំពោះការបោះឆ្នោតនៅកម្ពុជាថា ជាយ៉ាងនេះ ឬយ៉ាងនោះប៉ុណ្ណោះ»។
សូមរំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញថ្ងៃទី២៩ ខែសីហា កន្លងទៅបានលើកឡើងថា ការធ្វើបាតុកម្មប្រឆាំងនឹងរូបលោកគឺជាសិទ្ធិរបស់ពលរដ្ឋ តែសុំកុំឱ្យធ្វើអ្វីដែលល្មើសនឹងច្បាប់ ហើយក៏សូមឱ្យគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រដល់លោក រហូតជាង ៦ លាននាក់ផងដែរ។
លោកហ៊ុន ម៉ាណែត ថ្លែងថា៖«ត្រូវគោរពសិទ្ធិ និងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត និងបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះផង។ សូមកុំធ្វើអ្វីឱ្យមានជម្លោះ រវាងបងប្អូនអ្នកគាំទ្រ និងបងប្អូនដែលមិនគាំទ្រ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាសប្តាហ៍មុននេះថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។
មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»៕