
សាលាស្រុកពញាឮនិងសេចក្ដីជូនដំណឹង ។ រូបថត សាលាស្រុក
កណ្ដាលៈ រដ្ឋបាលស្រុកពញាឮបានអះអាងថា អាជ្ញាធរពាក់ព័ន្ធកំពុងពិនិត្យដោះស្រាយផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈស្រុកពញាឮ ក្រោយពីមានពលរដ្ឋរងផលប៉ះពាល់មួយចំនួនតវ៉ាបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងឱ្យរុះរើផ្ទះដោយអះអាងថា ពលរដ្ឋរស់នៅលើដីចំណីផ្លូវ។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលស្រុកពញាឮ ខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានអាស្រ័យផលលើចំណីផ្លូវជាតិលេខ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ក្នុងភូមិសង្វរ ឃុំកំពង់លួង ឱ្យរុះរើសំណង់ពីចំណីផ្លូវនេះដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ជាមួយនឹងការជូនដំណឺងនេះ រដ្ឋបាលស្រុកក៏បានព្រមានដែរថា ក្នុងករណីមិនព្រមរុះរើតាមការជូនដំណឹង អាជ្ញាធរមានសមត្ថកិច្ចនឹងចុះអនុវត្តតាមវិធានការរដ្ឋបាលនិងនីតិវិធីដែលនៅជាធរមាន ហើយការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិដោយប្រការណាមួយ រដ្ឋបាលស្រុកមិនទទួលខុសត្រូវឡើយ ។
រដ្ឋបាលស្រុកបានបញ្ជាក់ថា៖«រដ្ឋបាលស្រុកពញាឮមានគម្រោងស្ថាបនាសួនច្បារសាធារណៈដើម្បីឱ្យមានសោភណភាពនិងសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវជាតិលេខ៥កាន់តែប្រសើរឡើង។កន្លងមកនេះរដ្ឋបាលស្រុក បានសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនសាងសង់លំនៅឋាននិងធ្វើរោងប្រកបអាជីវកម្មនៅលើដីចំណីផ្លូវរបស់រដ្ឋដែលជាកន្លែងអភិវឌ្ឍន៍»។
រដ្ឋបាលស្រុកបានអះអាងបន្តថា៖«ស្ថានភាពនេះបានធ្វើឱ្យដងផ្លូវជាតិលេខ៥បាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភណភាពនិងពុំមានសុវត្ថិភាពដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងផ្ទុយទៅនឹងសារាចរលេខ ០០៧ សក.សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីវិធានការពង្រឹងការគ្រប់គ្រងប្រើប្រាស់ ដីចំណីផ្លូវជាតិ-ផ្លូវខេត្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន»។
បន្ទាប់ពីទទួលបានការដំណឹងនេះលោក ឆូវ ហៀង ជាពលរដ្ឋម្នាក់ដែលបានអះអាងថាបានរស់នៅលើដីទំហំ៦៥០ម៉ែត្រការ៉េតាំងពីឆ្នាំ១៩៩០និងមានការទទួលស្គាល់នៅអំឡុងឆ្នាំ១៩៩២ បានឱ្យដឹងថា គ្រួសារលោកបានធ្វើសម្បទានដីអស់ជាងពាក់កណ្តាលដើម្បីផ្តល់ឱ្យទៅគម្រោងសាងសង់ផ្លូវជាតិលេខ៥ថ្មីដោយទទួលបានសំណងតែជាង១ម៉ឺនដុល្លារប៉ុណ្ណោះ។
ជាមួយនឹងដីនៅសល់លោកបានដាក់ក្តីសង្ឃឹមថានឹងអាចទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់បន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ពីដីដែលខ្លួនបានកាន់កាប់ចុងក្រោយថា នឹងអាចរស់នៅឬប្រកបអាជីវកម្មបានដោយទំនុកចិត្ត។ ប៉ុន្តែក្តីបារម្ភនេះបានកើតឡើងជាថ្មី បន្ទាប់ពីលោកបានទទួលសេចក្តីជូនដំណឹងដែលអាជ្ញាធរស្រុកពញាឮបានដាក់ចេញក្នុងការបង្កើតគម្រោងសួនច្បារសាធារណៈដែលគូសវាសលើដីរបស់លោកនិងពលរដ្ឋមួយចំនួនទៀត។
លោកបានបញ្ជាក់ថា៖«កាលពីកាត់ធ្វើផ្លូវថ្មី គឺខ្ញុំបានអស់ដីពាក់កណ្តាលហើយ ហើយក្រោយមកនេះ មកចោទខ្ញុំថា នៅលើដីចំណីផ្លូវទៀត ខ្ញុំម្តេចព្រម។ ម្តុំយើងនេះ នៅតាំងពីអើយ ហើយឥឡូវមកផាត់ពីមុខផង មកផាត់ក្រោយផង ដីវាមិនអស់។ពីដើមមកគឺផាត់ពីមុខទេ ហើយឥឡូវមកថា ដីខ្ញុំជាដីចំណីផ្លូវហើយមកចង់យករបស់ខ្ញុំទទេម្តេចកើត?»។
ជាមួយគ្នានេះ លោក ឆូវ ហៀង ក៏បានប្រាប់ដែរថា កាលពីគម្រោងធ្វើផ្លូវថ្មីកាត់ពីក្រោយផ្ទះលោកគឺមិនមានអាជ្ញាធរស្រុកប្រកាសពីគម្រោងសាងសង់សួនច្បារទេ។ដូច្នេះលោកសំណូមពរឱ្យពិចារណាទៅលើការកំណត់ទីតាំងផ្សេងឬគួរមានសំណងសមរម្យសម្រាប់ពលរដ្ឋរងផលប៉ះពាល់ព្រោះផ្លូវនិងគម្រោងសួនច្បារនេះគឺបានបង្កើតក្រោយទេ។
ឆ្លើយតបនឹងប្រតិកម្មនេះលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ខេត្តកណ្តាល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៨ កញ្ញាថា រដ្ឋបាលស្រុកកំពុងបន្តរកដំណោះស្រាយជាមួយអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធនានាដើម្បីឆ្លើយតបនឹងគម្រោងអភិវឌ្ឍន៍នេះ។ជាមួយគ្នានេះ លោកក៏មិនទាន់អាចបញ្ជាក់បានថា អ្វីជាដំណោះស្រាយ ខណៈលោក ក៏មិនទាន់អាចបញ្ជាក់ថា មានគ្រួសារប៉ុន្មានរងផលប៉ះពាល់ពីគម្រោងនេះផងនោះ ។
លោកបានបញ្ជាក់ថា៖«ខ្ញុំកំពុងសិក្សាអំពីផលប៉ះពាល់ដោយមានការចូលរួមពីខេត្តនិងមន្ទីរពាក់ព័ន្ធ។ចាំសិក្សាចប់សិន។ ប្រហែល១សប្តាហ៍ នឹងធ្វើការប្រជុំ»៕