ភ្នំពេញៈអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្រ្តនយោបាយ បានបង្ហាញការគាំទ្រទៅលើមេដឹកនាំកម្ពុជា និងចិន ក្នុងការឯកភាពគ្នាលើការបន្ស៊ីរវាងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) របស់រដ្ឋាភិបាលចិន។
បើយោងតាមសេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការសាទរចំពោះការប្តេជ្ញាបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលប្រទេសទាំង២ ខណៈកម្ពុជាជាសមាជិកសំខាន់ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI) យូរមកហើយ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កាន់តែជិតស្និទ្ធនិងរលូនជាងមុន ហើយ BRI ជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
លោក ស៊ឺន សម បានថ្លែងថា៖ «BRI មានវត្តមាននៅកម្ពុជាយូរ មុនយុទ្ធសាស្ត្របញ្ចកោណទៅទៀត។ ដូច្នេះ របស់ដែលមានស្រាប់បូកនឹងយុទ្ធសាស្រ្តថ្មីរបស់នាយករដ្ឋមន្ត្រីថ្មី នឹងនាំមកនូវការអភិវឌ្ឍសម្រាប់កម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាគួរមានការប្រុងប្រយ័ត្នក្នុងការអនុវត្តជាជំហានៗ»។
លោកបន្ថែមថា យុទ្ធសាស្រ្តបញ្ចកោណ និងគម្រោង BRI មានធាតុដូចគ្នា ដើម្បីសម្រេចគោលដៅរួម ដែលនឹងនាំមកនូវប្រាក់កម្ចីសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងដោះស្រាយគោលដៅអភិវឌ្ឍន៍នានាសំដៅការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ចំណែកលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយវិញយល់ថា គោលដៅបន្ស៊ីគ្នាជាគំនិតល្អ និងជារឿងសាទរ ដែលមេដឹកនាំប្រទេសទាំង២ មានឆន្ទៈនិងសម្រេចបានក្នុងពេលនេះ ប៉ុន្តែលោកចង់ឱ្យរដ្ឋាភិបាលកម្ពុជាខិតខំពង្រឹងសមត្ថភាពផ្ទៃក្នុងប្រទេសជាមុនសិន មុនចាប់ដៃកសាងជាមួយចិន។
លោកសង្កត់ធ្ងន់ថា៖ «យើងមើលរដ្ឋាភិបាលមុន ក្នុងការសហការជាមួយចិន ក្នុងទំហំពាណិជ្ជកម្មដោះដូរជាមួយចិនខ្ទង់ ១ម៉ឺនលានដុល្លារ កម្ពុជានាំចេញបានតែ ២ពាន់លានដុល្លារជាង ធៀបនឹងចិនដែលទទួលផលពីកម្ពុជាធំ។ ដូច្នេះរដ្ឋាភិបាលត្រូវតែពង្រឹងយន្តការផលិតកម្មក្នុងស្រុក»។
លោក ឯម សុវណ្ណារ៉ា ក៏បានសំណូមពរឱ្យរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងនេះជាមួយចិនប្រកបដោយអព្យាក្រឹតនៅចំពោះមុខទំនាក់ទំនងជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម ចៀសវាងសម្ពាធផ្នែកការទូតនិងពាណិជ្ជកម្ម-សេដ្ឋកិច្ច ខណៈលោកយល់ថា កម្ពុជាទំនងអាចបន្ស៊ីយុទ្ធសាស្រ្តរបស់ខ្លួនបានខ្លះៗជាមួយ BRI ដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។
គួរជម្រាបដែរថា «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បានដាក់ចេញកាលពីខែសីហា ឆ្នាំ២០២៣ ដែលផ្តោតលើការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស,ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង,ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។
ចំណែកគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI) ជាយុទ្ធសាស្ត្រដែលបានដាក់ចេញដោយប្រធានាធិបតីចិនស៊ី ជីនភីង កាលពីឆ្នាំ២០១៣ ក្នុងន័យតភ្ជាប់គ្នារវាងប្រទេសចិនទៅនឹងបណ្តាប្រទេសដទៃទៀតនៅតាមបណ្តោយផ្លូវឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីលើកកម្ពស់និងសម្របសម្រួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រមទាំងវិស័យនានាទៀត។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននេះដែរ នៅក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទី១៧ ខែកញ្ញា លោកហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងបន្តប្រព្រឹត្តទៅដដែល ដែលកម្រិតនៃទំនាក់ទំនងប្រទេសទាំង២ក្លាយជាទំនាក់ទំនងដែកថែប។
លោកបានបន្តថា៖ «ចំណែកកិច្ចសហប្រតិបត្តិការ គឺបានក្លាយជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយយើងបានចុះអនុស្សរណៈជាមួយនឹងប្រទេសចិន ភ្ជាប់នឹងឯកសារមួយចំនួនធ្វើឱ្យមានការបន្ស៊ីគ្នារវាងយុទ្ធសាស្រ្តបញ្ចកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI) ដែលទាំងនេះសុទ្ធតែយុទ្ធសាស្រ្តដើម្បីទាញប្រយោជន៍សេដ្ឋកិច្ចផងដែរ»៕