ភ្នំពេញៈ លេខាធិការដ្ឋានអាស៊ានបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់បន្ថែមទៀត។ នៅថ្ងៃទី ១៨ ខែកញ្ញា អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានជួបពិភាក្សាជាមួយលោក Zhang Shaogang អនុប្រធានក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងលោកស្រី Yang Yan Yan ប្រធាន CCPIT ប្រចាំខេត្តក្វាងស៊ី (Guangxi) ក្នុងឱកាសនៃពិព័រណ៍អាស៊ាន-ចិន (CAEXPO) លើកទី ២០ និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។
គេហទំព័លេខាធិការដ្ឋានអាស៊ានបញ្ជាក់ថា៖ «ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តដល់ CCPIT ឱ្យចែករំលែកឧត្តមានុវត្តន៍ (best practice) ក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទៅដល់ម្ចាស់អាជីវកម្មក្នុងតំបន់អាស៊ាននិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុឌីជីថល ជីវសាស្ត្រនិងអាកាសចរណ៍»។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី ១៨ ខែកញ្ញានោះ លោក កៅ គឹមហួន បានចែករំលែកវិស័យសំខាន់ៗដែលសហគមន៍ធុរកិច្ចអាចដើរតួនាទីសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ដូចជាការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ឌីជីថលភាវូបនីយកម្មនិងសេដ្ឋកិច្ចបៃតង។
កាលពីថ្ងៃទី ១៧ ខែកញ្ញា លោក កៅ គឹមហួន បានប្រកាសបើកជាផ្លូវការនូវពិព័រណ៍អាស៊ាន-ចិននេះហើយលោកក៏បានលើកឡើងផងដែរអំពីការអភិវឌ្ឍជាវិជ្ជមានរបស់ពិព័រណ៍អាស៊ាន-ចិនសម្រាប់ប្រជាជនក្នុងតំបន់។
ក្នុងកិច្ចប្រជុំជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលថ្ងៃទី ១៦ ខែកញ្ញា ក្នុងឱកាសនៃពិព័រណ៍នេះលោកអគ្គលេខាធិការអាស៊ានថ្លែងថា លោកទន្ទឹងរង់ចាំការគាំទ្រពីកម្ពុជាក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ានបន្ថែមទៀត។
នាឱកាសពិព័រណ៍នៅថ្ងៃទី ១៧ ខែកញ្ញា កម្ពុជានិងចិនបានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Artwell Tapioca នៃប្រទេសចិន និងក្រុមហ៊ុន ID Capital និង Advance Digital World Trade នៃប្រទេសកម្ពុជា ដើម្បីនាំចេញដំឡូងមីស្ងួតទៅចិនក្នុងរយៈពេល ៨ ឆ្នាំដែលបែងចែកចេញជា ៣ ដំណាក់កាល។
ក្នុងអំឡុងពេលពិព័រណ៍នេះដែរ លោក កៅ គឹមហួន បានចែករំលែកអំពីវិធីដែលភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន និងចិនអាចត្រូវបានពង្រីកបន្ថែមសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ លោក និងលោកChen Yun ប្រធានក្រុមហ៊ុនផ្លូវដែករបស់ចិនឈ្មោះ China Railway Group Limited (CREC) បានពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងតំបន់អាស៊ាន ព្រមទាំងការគាំទ្រសេវាកម្មដ៏មានសក្តានុពលពីក្រុមហ៊ុននេះដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
រីឯនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តក្វាងស៊ី លោក កៅ គឹមហួន បានទទួលស្គាល់គំនិតផ្តួចផ្តើមរបស់ខេត្តនេះ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ចិន ហើយបានបញ្ជាក់ថា ការតភ្ជាប់កម្រិតខ្ពស់រវាងខេត្តក្វាងស៊ី និងអាស៊ានបង្ហាញពីឱកាសបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់សួនឧស្សាហកម្ម Nanning Shuangding Eco-Industrial Park លោក កៅ គឹមហួន ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះក្នុងការដោះស្រាយបញ្ហាកាកសំណល់ និងបង្កើតថាមពលសម្រាប់គ្រួសាររាប់លាននាក់ក្នុងប្រទេសចិន។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តក្រុមហ៊ុននេះឱ្យកំណត់វិស័យដែលមានសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសវិស័យថាមពលបៃតង។ចំណែកនៅក្នុងកិច្ចប្រជុំជាមួយលោកស្រី Wei Zhaohui អគ្គលេខាធិការពិព័រណ៍អាស៊ាន-ចិន លោកគឹមហួន បានលើកឡើងថា ពិព័រណ៍នោះគឺជាមាគ៌ាអាជីវកម្មប្រកបដោយប្រសិទ្ធភាពសម្រាប់សហគ្រាសអាស៊ាន និងជាប្លាតហ្វមសម្រាប់សហគ្រាសធុនតូច និងមធ្យមអាស៊ានដើម្បីចូលក្នុងទីផ្សាររបស់ចិន៕