ភ្នំពេញៈ កាណាដា​-​កម្ពុជា បង្ហាញ​ការបើកចំហ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​វិស័យ​យោធា និង​ការចែករំលែក​បទពិសោធ​ន៍ នៃ​ការបន្ត​សហការគ្នា​លើ​ការផ្លាស់ប្ដូរ​ព័ត៌មាន​ចារ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​ការជួយ​បណ្តុះបណ្តាល​សមត្ថភាព​ក​ង​ទ័ព​កម្ពុជា​ពី​សំណាក់​កាណាដា​។​

​ការបង្ហាញ​ជំហរ​បែបនេះ​ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ ​២០២៣ ​នៅ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ រវាង​លោក ​វង្ស ពិ​សេន អគ្គ​​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​លោក ​ផូ​ល ផេ​ន (Paul Payne) នាយការិយាល័យ​សេនា​អនុព័ន្ធ​កាណាដា​ប្រចាំ​កម្ពុជា​ដែលមាន​និវេសនដ្ឋាន​នៅ​ប្រទេស​វៀត​​ណា​ម​។

យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការពារ​ជាតិ​នៅ​ថ្ងៃទី ​១៨ ខែកញ្ញា បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ​លោក ​វង្ស ពិ​សេន បាន​ប្រាប់​ភាគី​កាណាដា ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី ដែល​បាន​ត​ភ្ជាប់​តាំងពី​ឆ្នាំ ១៩៥២ មក​ម្ល៉េះ ដែល​ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ កម្ពុជា​ និង​កា​ណា​ដា មាន​កម្រិត​ទំនាក់ទំនង​ល្អ ជាពិសេស​ផ្នែក​ពាណិជ្ជកម្ម ខណៈ​វិស័យ​យោធា​វិញក៏មាន​សភាព​ល្អ​ផងដែរ​។​

​លោក​បន្តថា​៖ «​ក្នុង​ឆ្នាំ​ ២០២២ ​នាវា​កង​​ទ័ព​កាណាដា​បាន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំង ​២ កាន់តែ​ល្អប្រសើរ ហើយ​ទៅ​ថ្ងៃ​ខាងមុខ កងទ័ព​ប្រទេស​ទាំង ​២ នឹង​បន្ត​សហការគ្នា នៅក្នុង​ការផ្លាស់ប្ដូរ​ព័​ត៌​មាន​ចារកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម​»​។​

​លើសពីនេះ លោក​បាន​សំណូម​ដល់​ភាគី​កាណាដា ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​កងទ័ព ពិសេស​គាំទ្រ​សុំឱ្យ​ភាគី​កាណាដា ចូលរួម​គាំទ្រ​លើ​កិច្ចប្រជុំ​នានា ជា​​ពិសេស​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្នុងពេល​ខាងមុខ ជាមួយ​ជំនួប​ក្របខ័ណ្ឌ ទ្វេភាគី និង​ពហុភាគី​។ ក្រៅពីនេះ លោក​បាន​ជម្រាបជូន​ភាគី​កាណាដា ពី​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុ​ជាថ្មី ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ផ្តោតលើ​នយោបាយ​ការបរទេស​ឯករាជ្យ គោរព​ច្បាប់ កសាង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា និង​អង្គការ​អន្តរជាតិ​នានា​ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ​និង​វិបុលភាព​សម្រាប់​តំបន់ និង​អន្តរជាតិ​។​

​បើ​យោងតាម​ក្រសួងការពារជាតិ ជាមួយគ្នានេះ ភាគី​កាណាដា លោក​ផូ​ល ផេ​ន​បានបង្ហាញ​ក្ដី​អំណរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់លោក​នៅ​កម្ពុជា​នេះ ដោយ​លោក ចាត់ទុកថា ជាការ​ចូលរួម​ពង្រឹងពង្រីក​​ទំនាក់ទំនង​ផ្នែក​យោធា​នៃ​ប្រទេស​ទាំង ​២​។​

​លោក​ថា​៖ «​កម្ពុជា​និង​កាណាដា ធ្លាប់មាន​ទំនាក់​ទំនងជា​យូរ​មកហើយ​ដូច្នេះ​កាណាដា​បាន​បើកចំហ​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ ដែល​ធ្វើឱ្យ​វិស័យ​យោធា​នៃ​ប្រទេស​ទាំង​ ២​ មាន​ទំនាក់​ទំនង​កាន់តែ​ល្អប្រសើរ​ថែមទៀត​»​។

​បន្ថែម​ពីនេះ លោក​បាន​កោតសរសើរ ពី​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​ការចូលរួម​ផ្នែក​មនុស្សធម៌ និង​សន្តិភាព​ពិភពលោក តាម​​រយៈ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។ លើសពីនេះ​លោក​បានបញ្ជាក់​ពី​ការចែករំលែក​ជំនាញ​បច្ចេកទេស​មនុស្សធម៌ និង​គ្រោះមហន្តរាយ ក្នុងពេល​ខាងមុខ​ដល់​កងទ័ព​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា​យល់​ឃើញថា ជាការ​ល្អ​ដែល​ភាគី​កាណាដា និង​កម្ពុជា​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​រៀងៗ​ខ្លួន​ក្នុង​ការពង្រឹង​ទំនាក់ទំនង​​វិស័យ​យោធា ប៉ុន្តែ​លោក​សង្កេតឃើញថា សហប្រតិបត្តិការ​ផ្នែក​នេះ រវាង​ប្រទេស​ទាំង​ ២ ហាក់​នៅមានកម្រិត​នៅឡើយ​។

​លោក​បន្តថា កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង ​២ អាច​ត្រឹម​ផ្នែក​បណ្តុះបណ្តាល​ប៉ុណ្ណោះ ដោយសារ​កាណាដា​ជា​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក ដែល​ហាក់​មិនសូវមាន​ចំណងមិត្តភាព​ល្អជា​មួយ​កម្ពុជា​ផ្នែក​សន្តិ​​សុខ និង​យោធា​នេះ​ទេ ដែល​យុទ្ធសាស្ត្រ​ប្រទេស​ទាំង​ ២ ហាក់​មិនសូវ​ស្របគ្នា​៕