
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត STPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ការបំពេញទស្សនកិច្ចនៅប្រទេសចិន គឺដើម្បីបញ្ជាក់ជំហរគោលនយោបាយការទូតរបស់កម្ពុជាជាមួយប្រទេសចិន ដែលរក្សានូវគោលនយោបាយដដែល ហើយក៏ជាឱកាសក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ រវាងកម្ពុជា និងចិន ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការឆ្លើយតបទៅក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនបានលើកឡើងថា ការទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ។
លោកបានសង្កត់ធ្ងន់ថា ៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រកាន់នូវជំហរនិរន្តរភាព និងសង្គតិភាព ជាមួយនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាគោលនយោបាយដែលឈរលើមូលដ្ឋានអធិបតេយ្យ ឯករាជភាពផ្អែកលើច្បាប់ និងត្រូវបានអនុវត្តដោយភាពច្នៃប្រឌិត វៃឆ្លាត និងផ្អែកលើមូលដ្ឋានជាតិ ការតម្កល់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយជាពិសេសគឺប្រកាន់ខ្ជាប់នូវគោលការណ៍បង្កើនមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយស្មើមុខស្មើមាត់»។
លោកហ៊ុន ម៉ាណែត បានបន្តថា ៖ «ខ្ញុំទៅទស្សនកិច្ចផ្លូវរដ្ឋនៅចិន ដើម្បីបញ្ជាក់ជំហរនៃគោលនយោបាយរបស់កម្ពុជា គេចង់ដឹងរដ្ឋាភិបាលថ្មីហ្នឹង ប្រកាន់គោលនយោបាយបែបម៉េច ជាពិសេសនៅក្នុងដំណើរការការទូតដំបូង។ គេថា កម្ពុជា ប្រកាន់គោលនយោបាយចិនមួយអាក្រក់។ ទៅស្រាវជ្រាវឡើងវិញទៅនៅអង្គការសហប្រជាជាតិ ហើយការដែលកម្ពុជាប្រកាន់ជំហរចិនមួយ តើមានអ្វីខុស?។ ១៨១ ប្រទេសរួមទាំងអាស៊ាន ប្រកាន់ជំហរចិនតែមួយដែរហ្នឹង»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះការប្រកាន់ជំហរនយោបាយរបស់ប្រទេសចិនតែមួយនេះ មិនធ្វើឱ្យបាត់ផលប្រយោជន៍ជាតិនោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី១៩ ខែកញ្ញា បញ្ជាក់ថា ជំហរគោលនយោបាយការបរទេសរបស់កម្ពុជា អព្យាក្រឹត អចិន្រៃ្តយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោក។
លោកថ្លែងថា៖«នយោបាយការបរទេសនេះ គឺសំដៅធានាឱ្យបាននូវផលប្រយោជន៍ស្នូល របស់ប្រជាជាតិកម្ពុជា គឺរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ លើកកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងតួនាទីរបស់កម្ពុជាក្នុងកិច្ចការតំបន់ និងពិភពលោក ឱ្យកាន់តែរឹងមាំឡើង តាមរយៈការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយការបរទេសបែបនេះ នឹងធ្វើឱ្យប្រជាជនកម្ពុជា មានមោទនភាព ចំពោះប្រជាជាតិខ្លួន ក្នុងឋានៈរដ្ឋអធិបតេយ្យមួយ ដែលទទួលបាននូវការគោរព ការប្រព្រឹត្តដោយស្មើភាព ស្មើសិទ្ធិជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោក»។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីត្រឡប់មកពីប្រទេសចិន កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងជំនួបជាមួយប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន លោក ហ៊ុន ម៉ាណែត ប្រាប់ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋទាំងនោះថា កម្ពុជាមានគោលនយោបាយការបរទេសមួយច្បាស់លាស់ ក្នុងលក្ខណៈឆ្លើយតបទៅនឹងនិរន្តរភាព និងសង្គតិភាព។
លោកថ្លែងថា៖«នយោបាយការបរទេសរបស់កម្ពុជា គឺជានយោបាយច្បាស់លាស់ដែលត្រូវបានអនុវត្តចំពោះមុខពិភពលោក និងប្រទេសចិនដាច់ដោយឡែក។ នៅចំពោះមុខប្រទេសចិន គឺជានយោបាយតាំងពីសម័យមុនរហូតមកទល់នឹងសម័យសម្តេចតេជោ និងមកទល់បច្ចុប្បន្ននេះ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅថ្ងៃទី១៦ ខែកញ្ញា បានបញ្ជាក់ដែរថា ភាគីកម្ពុជាបញ្ជាក់សាជាថ្មីនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះទេសចរចិន និងការប្ដេជ្ញាចិត្តក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព៕