ភ្នំពេញៈអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី២០និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា។
សេចក្តីប្រកាសព័ត៌មានលេខាធិការដ្ឋានអាស៊ានបញ្ជាក់នៅថ្ងៃទី១៩ ខែកញ្ញា ថា លោកកៅ គឹមហួន នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីការជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងអាស៊ាន និងសហព័ន្ធអន្តរជាតិកាកបាទក្រហម និងចូលរួមក្នុងពិធីដាំដើមឈើ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖«ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលនៃកាកបាទក្រហមកម្ពុជាព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជា»។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់អាស៊ានជាមួយចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងការឆ្ពោះទៅរកដំណោះស្រាយសម្រាប់បណ្តាប្រទេសអាស៊ានទាំងអស់លើការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់។
នៅក្នុងឆ្នាំនេះ កាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ខែកញ្ញា បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមប៊្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានកាកបាទក្រហមកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី១១ ខែកញ្ញា ថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមប៊្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម សរុបប្រមាណ ៤០នាក់។
វេទិកាយុវជនទី២ ប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ដោយមានប្រតិភូយុវជនមកពីសមាគមជាតិទាំង១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ វេទិកានេះផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗដោយការអនុវត្តវិធីសាស្ត្រច្នៃរកដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គណៈប្រតិភូយុវជនទាំងអស់គ្រោងនឹងដាំដើមឈើចំនួន២ ០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នៅថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។
ការដាំដើមឈើនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការដាំដើមឈើដើម្បីដោះស្រាយវិបត្តិអាកាសធាតុ៕