ភ្នំពេញៈ ដោយមាន​ការគាំទ្រ​យ៉ាង​មុតមាំ ពី​រាជរដ្ឋាភិបាល ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ នៅ​ល្ងាច​ថ្ងៃទី​ ២០ ខែកញ្ញា ដើម្បី​អបអរសាទរ​ការដាក់​បញ្ចូល រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​ថ្លែង​កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា​ថា នៅ​ម៉ោង​ ៧​ ព្រឹក​ថ្ងៃទី​ ២០​ កញ្ញា ​នឹងមាន​ការ​វាយ​ជួង រគាំង និង​ទូងស្គរ​នៅតាម​ទីវ​ត្ត​អារាម ទី​សាសន​ដ្ឋា​ន និង​គ្រប់​ទីកន្លែង​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​ដើម្បី​បង្ហាញ​ប្រាប់​ព្រលឹង​ដូនតា​ខ្មែរ​ពី​ជោគជ័យ ដោយ​ការចូលរួម​អបអរសាទរ​នូវ​សមិទ្ធផល​ដែល​ដូនតា​បាន​បន្សល់ទុក​ទាំងអស់​គ្នា​។​

​លោក​មានប្រសាសន៍​ដូចនេះ ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨ ១០៤ ​នាក់ មកពី​រោងចក្រ សហគ្រាស​នានា ក្នុងស្រុក​បាទី ខេត្តតាកែវ​។ លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​«​នៅ​ស្អែក​ព្រឹក​យើង​មានការ​ទូងស្គរ វាយ​ជួង​នៅតាម​វត្ត​អារាម​និង​ទី​សា​ធា​​រណៈ​ហើយ​ពេល​ល្ងាច​យើង​នឹងមាន​រៀបចំ​កម្មវិធី​មួយ​នៅ​ស្តា​ត​អូឡាំពិក ដើម្បី​ធ្វើការ​អបអរសាទរ ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សាលា​រាជធានី​ភ្នំពេញ​និង​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​»​។​

​លោក​បាន​បន្តថា​៖ «​នេះ​ជាការ​រៀបចំ​អបអរសាទរ​មួយ​នៅក្នុង​ស្មារតី​ដែល​នេះហើយ​ជា​ជាតិ​និយម មិន​ថា បក្ស​ណា​ឬ​បក្ស​ណា​ទេ ពេល​បោះឆ្នោត​ខុសគ្នា ប៉ុន្តែ​នៅពេលដែល​យើង​លើក​តម្កើង​កិត្តិយស​ជាតិ លើកតម្កើង​កេរដំណែល​ដូនតា​យើង យើង​ត្រូវ​រួមគ្នា​ចិត្ត​មួយ​ថ្លើម​មួយ​ក្នុងនាម​កូន​ខ្មែរ​ទាំងអស់គ្នា​»​។​

​ជាមួយគ្នា​នោះដែរ លោក​ហ៊ុន​ ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​ព័ត៌មាន​ស្ថានីយទូរទស្សន៍ បណ្តាញ​សង្គម​នានា និង​តាម​បណ្តា​ខេត្ត​ត្រូវធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​ពី​ការប្រគំ​តន្ត្រី​នេះ​នៅ​គ្រប់​ទីកន្លែង ដូច​ទៅនឹង​ការផ្សាយ​ផ្ទា​ល់ពី​ការប្រកួត​កីឡា​កាលពី​ឆ្នាំមុន​ដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖ «​សង្គ្រាម​មិន​ត្រឹមតែ​នាំឱ្យ​ប្រជាពលរដ្ឋ​បែកបាក់​គ្នា​នោះទេ សូម្បី​សម្បត្តិ​ដូនតា​ខ្មែរ ក៏​ត្រូវបាន​ព្រាត់ប្រាស​ឆ្ងាយ​ពី​ប្រទេសជាតិ​ដែរ​។ តែ​សន្តិភាព បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រួបរួមគ្នា ហើយ​ព្រលឹង​ដូនតា​ក៏បាន​ត្រឡប់​មកកាន់​ប្រទេស​វិញ​ដែរ​។ សុខ​​សន្តិភាព មាន​សារៈសំខាន់​លើស​អ្វីៗ​ទាំងអស់ គ្មាន​សន្តិភាព​គ្មាន​ការងារ​នោះឡើយ​»​។​

​សូមបញ្ជាក់​ដែរ លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បាន​ដឹកនាំ​គណ​:​ប្រតិភូ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញា​​ធរ​ខេត្តព្រះវិហារ ចូលរួម​សម័យប្រជុំ​លើក​ទី​ ៤៥ របស់​គណៈ​ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទីក្រុង​រី​យ៉ា​ដ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ ​២០២៣​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រ​ សិល្បៈ កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា បានប្រកាសថា សម្រាប់​កិច្ចប្រជុំ​នេះ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ​សម្រេច​ចុះបញ្ជី​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​ចំនួន​ ៥៣ ​របស់​រដ្ឋ​ភាគី​នានា ដែល​បាន​ស្នើសុំ​ចុះបញ្ជី​។

កំពូល​តារាសម្ដែង​លោក ជេមស៍ ប៊ន ឬ​ ០០៧​។ រូបថត UNDP

​រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​រៀបចំ​ឯកសារ ដើម្បី​ស្នើសុំ​ចុះបញ្ជី​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ តាំងពី​ឆ្នាំ​ ២០១៨​ មក ហើយ​ទើបតែ​ឆ្នាំ​ ២០២៣​ គណៈ​ក​ម្មា​ធិ​ការ​នេះ​បានសម្រេច​ដាក់បញ្ចូល​ក្នុងសម័យ​ប្រជុំ​សម្រេច និង​បានអនុម័ត​ជា​ឯកច្ឆន្ទ ចុះបញ្ជី​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ នៅក្នុង​បេតិកភណ្ឌ​ពិភពលោក​។

​ក្រសួង​វប្បធម៌ បាន​បញ្ជាក់ថា​៖ «​នេះ​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រទេស និង​ប្រជា​ជនកម្ពុជា​គ្រប់រូប ដែល​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដ៏​ថ្លៃថ្លា​ត្រូវបាន​ទទួលស្គាល់ និង​បាន​ចុះ​ក្នុងបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់ពី​តំបន់​រមណីយ​​ដ្ឋា​ន​ប្រាសាទ​អង្គរ​ត្រូវបាន​ចុះបញ្ជី​នា​ឆ្នាំ​ ១៩៩២ ប្រាសាទព្រះវិហារ​ចុះបញ្ជី​នៅ​ឆ្នាំ ​២០០៨ និង​តំបន់​ប្រាសាទសំបូរព្រៃគុក​នៅ​ឆ្នាំ​ ២០១៧»​។​

​ក្រសួង​ព័ត៌មាន​ក៏បាន​ប្រកាស​នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា​ផងដែរ​ថា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដឹកនាំ​ប្រតិភូ​ត្រឡប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត មកកាន់​មាតុប្រទេស​វិញ នៅ​ល្ងាច​ថ្ងៃទី​ ១៩ ​ខែកញ្ញា ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​ការដាក់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​របស់លោក​ថា នា​យប់​ថ្ងៃទី ​១៨ ខែកញ្ញា លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គ​នាយកដ្ឋាន​ទូរទស្សន៍​ជាតិ អគ្គនាយកដ្ឋាន​វិទ្យុជាតិ និង​អគ្គនាយកដ្ឋាន​សារព័ត៌មាន កម្ពុជា រួម​នឹង​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​ដើម្បី​រៀបចំ​កិច្ចការងារផ្សព្វផ្សាយ​ផ្ទាល់​។

​លោក​ថា​៖ «​ថ្ងៃស្អែក​(១៩​ កញ្ញា​)​ ទូរទស្សន៍​ជាតិ វិទ្យុជាតិ និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​នឹង​ផ្សាយ​ផ្ទាល់ ហើយ​ស្ថានីយទូរទស្សន៍​និង​វិទ្យុ​ឯកជន​ផ្សេងទៀត នឹងធ្វើ​ការ​ផ្សាយ​ផ្ទាល់​និង​បន្ត​ផ្ទាល់​ពី​ព្រឹត្តិ​​ការណ៍​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​សូម​រំឭកថា រមណីយដ្ឋាន​បុរាណវិទ្យា​ប្រាសាទ​កោះ​កេរ ស្ថិតនៅក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ដែល​កម្ពុជា​ស្នើសុំ​ចុះបញ្ជី​ទៅ​អង្គការ​យូណេស្កូ​កាលពី​ឆ្នាំ​ ២០២១ ត្រូវបាន​ស្ថាប័ន​នេះ ព្រម​ដាក់ បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ​២០២៣៕