
សមត្ថកិច្ចឃាត់អ្នកបើកបរគ្មានមួកសុវត្ថិភាពពីថ្ងៃ ១៨ កញ្ញា។ រូបថត ប៉ូលិស
ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនបានកំណត់ការចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ជាអ្វីដែលអង្គការជំនាញផ្នែកចរាចរណ៍បានគាំទ្រវិធានការនេះដើម្បីជួយកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់នៅតាមដងផ្លូវ។
យោងតាមសេចក្តីប្រកាសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែកញ្ញាបានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ តទៅ អធិការដ្ឋាននេះនឹងចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ។
ការប្រកាសបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា តទៅនឹងផ្តោតចំពោះតែយានយន្តដែលប្រព្រឹត្តល្មើស ជាករណីល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាការត្រួតពិនិត្យទូទៅដូចការត្រួតពិនិត្យរដ្ឋបាលទេ»។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
ចំណែកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងក៏បានចេញសេចក្តីជូនដំណឹងផងដែរកាលពីថ្ងៃទី ១៨ ខែកញ្ញា ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយខេត្តនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ តទៅ។
សេចក្តីជូនដំណឹងនោះបានលើកឡើងថា ដោយសង្កេតឃើញករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រៃវែងមានការកើនឡើង ដោយក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ បានកើនដល់ ៦៨ ករណី លើ ១២ ករណី កើនលើសចំនួន ៥៦ ករណីឬស្មើនឹង ៤៦៧ ភាគរយ បណ្តាលឱ្យមនុស្សស្លាប់ ២២ នាក់ របួសធ្ងន់ស្រាល ៩៧ នាក់ ខូចខាតរថយន្ ត២៦ គ្រឿង ម៉ូតូ ៧៩ គ្រឿង និងសម្ភារជាច្រើនទៀត។ ទាំងនេះជាក្តីបារម្ភមួយរបស់នគរបាលខេត្តព្រៃវែង បន្ទាប់ពីបានផ្អាកការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមក។
សេចក្តីជូនដំណឹងបន្តថា៖ «ដូចនេះដើម្បីលើកកម្ពស់ស្មារតីគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិ កាត់បន្ថយអត្រាអ្នកស្លាប់ អ្នករងរបួស ពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ទប់ស្កាត់ការប្រព្រឹត្តបទល្មើសផ្សេងៗលើដងផ្លូវ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសម្រេចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីម្តងទៀតចាប់ពីថ្ងៃ ទី ១ ខែតុលា ឆ្នាំ ២០២៣ តទៅ»។
ជុំវិញការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបញ្ជាក់ថា សមត្ថកិច្ចនឹងផ្តោតលើមុខសញ្ញា ៣ សំខាន់ៗក្នុងនោះរួមមាន អ្នកបើកបរលើសល្បឿនកំណត់ អ្នកបើកបរមានសារធាតុញៀន និងអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។
ប្រភពដដែលក៏បានអំពាវនាវដែរថា៖ «សូមប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយម៉ូតូ សូមពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយឱ្យបានត្រឹម-ត្រូវ រីឯអ្នកបើកបររថយន្តត្រូវមានបណ្ណបើកបរ ពាក់ខ្សែក្រវាត់ កុំដឹកទំនិញសំពីងសំពោង កុំកែច្នៃរថយន្តខុសបច្ចេកទេស និងសូមប្រើប្រាស់ល្បឿនតាមការកំណត់ ដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក»។
សូមរំឭកដែរថា កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការពង្រឹងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងប្រទេសដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមគោរពច្បាប់នេះ។
លោក ជួន ណារិន្ទ បានលើកឡើងនាពេលនោះថា ការពង្រឹងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ខណៈបច្ចុប្បន្នអត្រាគ្រោះថ្នាក់បង្កឱ្យប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកំពុងក្លាយជាក្ដីបារម្ភ។
ទាក់ទងនឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំកម្ពុជានៅថ្ងៃទី ១៩ ខែកញ្ញា បានគាំទ្រដោយលោកបានចាត់ទុកការចាប់ផ្ដើមរឹតបន្តឹងច្បាប់ជាថ្មីនេះថា ជាវិធានការមួយមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ទោះជាយ៉ាងណា លោកបានស្នើសុំឱ្យសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្តោតជាសំខាន់លើការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់ ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការនិយាយទូរស័ព្ទពេលបើកបរ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការមិនគោរពអាទិភាពជាដើម។
លោកបានបញ្ជាក់ថា៖«មួយវិញទៀតច្បាប់ពិន័យយកប៉ុន្មាន សមត្ថកិច្ចត្រូវយកទៅតាមការកំណត់របស់ច្បាប់។ បើយើងគិតថា យើងចង់អនុគ្រោះដល់ប្រជាពលរដ្ឋ អប់រំណែនាំ ហើយឱ្យគាត់បន្តដំណើរទៀតដោយយកក្នុងតម្លៃផ្សេងដែលមិនបានកំណត់នៅក្នុងច្បាប់ និងគ្មានបង្កាន់ដៃនោះ មានន័យថា យើងយកចូលក្នុងហោប៉ៅខ្លួនឯង ហើយការពង្រឹងច្បាប់មិនមានប្រសិទ្ធភាពឡើយ»។
ជាមួយគ្នានេះ លោក គឹម បញ្ញា ក៏ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តវិធានការនេះឱ្យបានទូលំទូលាយ និងជាប្រចាំនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ ដោយអនុវត្តទាំងថ្ងៃ និងយប់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ឱ្យបានយូរអង្វែង។
បើតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ ចំនួនទឹកប្រាក់ផាកពិន័យលើអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា ចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរ៉ឺម៉ក និងម៉ូតូកង់ ៤ ការផាកពិន័យមានចាប់ពី ៦ ម៉ឺនរៀល ដល់ ១ លានរៀល។ រីឯយានយន្តធុនស្រាលនិងយានយន្តធុនធ្ងន់ ចំនួនទឹកប្រាក់ដែលត្រូវផាកពិន័យមានចាប់ពី ១២ ម៉ឺនរៀល ដល់ជាង ២ លានរៀល៕