​ភ្នំពេញៈ ​ក្រុមហ៊ុន​ជប៉ុន ប្រគល់​ឧបករណ៍​បំភ្លឺ​ផ្លូវ​សុវត្ថិភាព​ជាង​ ៣ ០០០ គ្រាប់​ ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រាប់​បំពាក់​នៅលើ​ទ្រូងផ្លូវ​ថ្នល់ ឬ​ស្ពាន ឬ​ត្រង់​កន្លែង​ដែល​ងាយ​បង្ក​គ្រោះថ្នាក់ ខណៈ​អ្នកជំនាញ​បាន​ដំឡើង​រួចរាល់​ជាង ​២ ០០០ ​គ្រាប់​នៅតាម​ ៧៥​ ទីតាំង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ២ លេខ ​៥ លេខ​ ៦ និង​លេខ ​៦១​។​

​ពិធី​ប្រគល់​ទទួល​ឧបករណ៍​បំភ្លឺ​ផ្លូវ Pikalotto នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពី​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នាយកដ្ឋាន​ផ្លូវថ្នល់ និង​អ្នកជំនាញ​ជប៉ុន​មកពី JICA កាល​​ពីថ្ងៃ​ទី ១៣ កញ្ញា បានរួម​គ្នា​ចុះ​ត្រួត​​ពិនិត្យ​ឧបករណ៍​បំភ្លឺ​ផ្លូវ Pikalotto LED Solar Light ដែល​បាន​ដំឡើង​រួចរាល់​នៅតាម​ទីតាំង​ដែល​ងាយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​។​

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ បានឱ្យដឹងថា លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សា​ធារ​ណ​ការ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ទទួល​ឧបករណ៍​បំភ្លឺ​ផ្លូវ Pikalotto និង​ឧបករណ៍​សម្រាប់​ខួង​ដំឡើង​ពី​ក្រុម​ហ៊ុន Fuji Construction Works Co., Ltd. ដោយមាន​ការចូលរួម​ពី លោក Sanui Kazumasa ប្រធាន​ទីភ្នាក់ងារ JICA ប្រចាំ​នៅ​កម្ពុជា កាល​ពីថ្ងៃ​ទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២៣ ។

​ឧបករណ៍​បំភ្លឺ​ផ្លូវ Pikalotto នេះ គឺ​ឧបករណ៍​សម្រាប់​បំពាក់​ទៅលើ​ទ្រូង​​ផ្លូវថ្នល់ ឬ​ស្ពាន ត្រង់​កន្លែង​ដែល​ងាយ​បង្ក​គ្រោះថ្នាក់ ដូចជា​កន្លែង​ផ្លូវ​កោង​ជាដើម ដើម្បី​ដាស់​ស្មារតី​អ្នកបើកបរ​នៅពេល​យប់ ឱ្យមើល​ឃើញ​ពី​ស្ថាន​ភាព​ផ្លូវ​បាន​ច្បាស់ និង​បង្កើន​ការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់​។

ក្រសួង​បញ្ជាក់ថា​៖ «​ឧបករណ៍​បំភ្លឺ​ផ្លូវ​ដែល​ទទួលបាន​ពី​ក្រុមហ៊ុន​មាន​ចំនួន​ ៣ ១០០​ គ្រាប់​ដែល​ ២ ៦៦៩​ គ្រាប់ ត្រូវបាន​ដំឡើង​រួចរាល់​ក្នុង​ ៧៥ ​ទី​តាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​២ លេខ ​៥ លេខ ​៦ និង​លេខ ​៦១​។ ដោយឡែក​ឧបករណ៍​ដែល​នៅសល់ និង​ឧបករណ៍​ខួង​ដំឡើង​ ២ ​គ្រឿង បាន​យកមក​ប្រគល់ជូន​ក្រសួង ដើម្បី​ទុក​ប្រើប្រាស់​ក្នុងពេល​បន្ទាប់​»​។​

​លោក គឹម បញ្ញា នាយក​​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​បាន​លើក​​ឡើង​ថា ដើម្បី​កាត់បន្ថយ​ការស្លាប់ និង​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍ កម្ពុជា​ត្រូវមាន​វិធានការ​ធំៗ​ចំនួន​ ៥ ក្នុងនោះ​គឺ​ការផ្សព្វផ្សាយ​អប់រំ ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ការ​មាន​សុវត្ថិភាព​យានយន្ត ការ​មាន​ផ្លូវ​ដែលមាន​សុវត្ថិភាព និង​ចុងក្រោយ​ការ​ផ្តល់នូវ​ជំនួយ​សង្គ្រោះបន្ទាន់​។​

​ជាមួយនឹង​ការបំពាក់​ឧ​បក​​រណ៍​នៅតាម​ដងផ្លូវ​នេះ លោក បញ្ញា យល់ឃើញថា វា​ស្របតាម​ចំណុច​ទី​៤ ដើម្បី​ធ្វើឱ្យ​ផ្លូវ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​​ដំណើរ ដែល​បាន​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ការស្លាប់ និង​​របួស​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​។

​ទោះជា​យ៉ាងណាក្តី​លោក គឹម បញ្ញា ក៏​នៅតែ​ចង់ឃើញ​ក្រសួង​សាធារណការ និង​ដឹក​​ជញ្ជូន និង​ដៃគូ​ពាក់ព័ន្ធ បន្ត​បំពាក់​ឧបករណ៍​ទាំងនេះ​ឱ្យបាន​ច្រើន និង​ត្រឹមត្រូវ​នៅតាម​តំបន់ ឬ​ចំណុច​ប្រឈម​ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដទៃទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​វាយតម្លៃ​ខ្ពស់​ដែល​ក្រុមហ៊ុន​តាមរយៈ​អង្គការ JICA ដែល​គាត់​បាន​ជួយ​ឧបករណ៍​សម្រាប់​ឱ្យ​អ្នកបើកបរ​នៅ​ពេលយប់​មើលឃើញ​ស្ថានភាព​ផ្លូវ​ច្បាស់ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​។ យើង​ចង់ឱ្យមាន​ការបំពាក់​ឱ្យបាន​ច្រើន​បន្ថែមទៀត​នៅតាម​ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចេញពី​ភូមិ ឬ​ផ្លូវ​ដែល​ប្រើប្រាស់​ល្បឿន​​លឿន ហើយ​ទន្ទឹមនឹង​ហ្នឹង​ដែរ យើង​ក៏​ត្រូវការ​ស្លាក​សញ្ញា គំនូស​​សញ្ញា ហើយ​យើង​ត្រូវការ​របាំង ឬ​ខឿន​បែងចែក​ទ្រូងផ្លូវ​ផងដែរ​»​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​គ្រោះ​​ថ្នាក់​ចរាចរណ៍ យោង​របាយ​​ការណ៍​របស់​គណៈកម្មាធិកា​រ​​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ ​២០២២​ កន្លងមក ករណី​គ្រោះ​​ថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​កើតឡើង​ចំនួន​ ២ ៩៧៦​ ករណី ដោយ​ក្នុងនោះ បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​មាន​ចំនួន​ ១ ៧០៩ ​នាក់ និង​រងរបួស​ជាង ៤ ​ពាន់​នាក់​។ ក្នុងនោះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បញ្ជូន​ទៅកាន់​តុលាការ​មាន​ចំនួន ​១ ០២៧ ​ករណី ដោយបាន​ដោះស្រាយ​ចំនួន ១២១​ ករណី និង​កំពុង​អង្កេត​ចំនួន ៦៦៤ ​ករណី​៕​