ភ្នំពេញៈ វេទិកា​តុមូល​ស្តីពី​«ការ​ប្រស្រ័យ​ទាក់​ទង​ដោយ​អហិង្សា ​និង​ការ​ដាក់​វិន័យ​បែប​វិជ្ជមាន​ក្នុង​គ្រួសារ»​ ​ជជែក​ពី​វិធី​សាស្ត្រ​ចិញ្ចឹម​កូន​បែប​វិជ្ជ​មាន​ ​ដើម្បី​កូនៗ​ ​លូត​លាស់​ធំធាត់​ប្រកប​ដោយ​សុខុ​មាល​ភាព​ល្អ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ ​ខណៈ​វេទិ​កា​ជំ​រុញ​ឱ្យ​អាណា​ព្យា​បា​ល​គ្រប់​រូប​ចូល​រួម​លើក​កម្ពស់​ការ​អនុវត្ត​​សកម្ម​ភាព​វិជ្ជ​មាន​នៅ​ក្នុង​គ្រួសារ​។​​

​នៅ​ថ្ងៃទី​២០​ ​ខែកញ្ញា​នេះ​ អង្គការ​បណ្តាញ​ទូរ​ស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ភ្លែ​ន​អន្តរ​ជាតិ​កម្ពុជា​ ​បាន​រៀប​ចំ​វេទិកា​តុមូល​ស្តីពី​ការ​ប្រស្រ័យ​ទាក់​ទង​ដោយ​អហិង្សា ​និង​ការ​ដាក់​វិន័យ​បែប​វិជ្ជមាន​ក្នុង​គ្រួសារ​ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​អាណា​ព្យាបាល​ ​និង​យុវជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​ ហើយ​កម្មវិធី​នេះ ​ក៏មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​។​​

​អង្គការ​បណ្តាញ​ជំនួយ​កុមារ​កម្ពុជា​ ​បាន​អះអាង​ថា ​វេទិកា​នេះ ​បង្កើត​ឡើង​ដើម្បី​បង្កើន​ចំណេះ​ដឹង ​និង​លើក​កម្ពស់​ការ​អនុ​វត្ត​​​​នៃ​ការ​ប្រស្រ័យ​ទាក់ទង​ដោយ​អហិង្សា ​និង​ការ​ដាក់​វិន័យ​វិជ្ជមាន​នៅក្នុង​គ្រួសារ​ ហើយ​ក៏​ដើម្បី​ចែក​រំលែក​ និង​រៀន​សូត្រ​ពីបទ​ពិសោធ​ន៍ល្អៗ​នៃ​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​ដើម្បី​កូនៗ ​លូត​លាស់​ធំធាត់​ប្រកប​ដោយ​សុខុ​មាល​ភាព​ល្អ​ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ផង​ដែរ​។​​

​លោក ​កូយ​ ​ចំរើន​ ប្រធាន​កម្មវិធី​នៃ​អង្គការ​បណ្តាញ​ជំនួយ​កុមារ​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា​ អ្នក​ដែល​ប្រើប្រាស់​ហិង្សា​លើ​កុមារ​មុនគេ ​គឺ​ភាគ​ច្រើន​ជា​ម្តាយ ​បន្ទាប់​មក​គឺ​ឪពុក​ ហើយ​ជា​បន្ត​បន្ទាប់ ​នឹង​បន្ត​ទៅ​ដល់​សមាជិក​ដទៃ​ទៀត ​ដែល​អាច​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ ​ដោយ​សារតែ​មើល​ឃើញ​ពី​លទ្ធផល​បែបនេះ​ហើយ ទើប​លោក ​អះអាង​ថា ​វេទិកាក្នុង​ពេលនេះ ​គឺ​ចង់​ឆ្លុះ​ប​ញ្ចាំង​អំពី​របៀប​ ឬ​វិធី​សាស្ត្រ​នៃ​កា​រប​ង្រៀ​ន​កុមារ​ ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​ដើម្បី​ឈាន​ទៅរក​ការ​ចិញ្ចឹម​កូន​បែប​វិ​ជ្ជ​មាន​។​​

​លោក ​បាន​បញ្ជាក់​ថា​៖​«​ធាតុ​សំខាន់​ដើម្បី​អាច​ជួយ​កុំឱ្យ​មាន ​ឬ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ លុះ​ត្រា​តែ​ប្តី​ប្រពន្ធ និង​សមាជិក​ក្នុង​គ្រួសារ​ ​យល់​អំពី​របៀប​នៃ​ការ​ចិញ្ចឹម​កូន​។ ​កាល​ណា​គាត់​យល់​អំពី​របៀប​ចិញ្ចឹម​កូន​នោះ ​នឹង​អាច​កាត់​បន្ថ​យ​អំពើ​ហិង្សា ​ព្រោះនៅ​ពេល​គាត់​ចេះ​គ្រប់គ្រង​កំហឹង​ ​មិន​កើត​មាន​អំពើ​ហិង្សា​ទេ​។ ​អ៊ីចឹ​ង​បាន​លើក​យក​ប្រធាន​បទ​នេះ​មក​ជជែក​»​។​

​លោក ​កូយ ​ចំរើន​​ បាន​និយាយ​ថា ​ការ​ដាក់​វិន័យ ​គឺ​ជា​រឿង​មួយ​ចាំបាច់​មាន​សម្រាប់​គ្រួសារ​ ប៉ុន្តែ​វិន័យ​ខ្លះ ដែល​មិន​​ល្អ ​ឬ​បែប​​ហិង្សា ​ដូច​ជា​ការ​ជេរ​ ការ​ស្តី ​និង​ការ​បន្ទោស​ ហើយ​វិន័យ​ទាំង​នេះ​នឹង​ភ្ជាប់​ជាមួយ​នឹង​កំហឹង ​ដែល​នាំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​បាន​។​

លោក ​បាន​ថ្លែង​ណែនាំ​ពី​របៀប​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​​ថា ​ភាព​អហិង្សា​ គឺ​ឪពុក​ម្ដាយ​ អាណា​ព្យាបាល​ ឬ​អ្នក​ថែទាំ​កូន ​មិន​គួរ​ប្រើ​ទម្រង់​ណា​មួយ​នៃ​អំពើ​ហិង្សា​លើ​កូន​ ​ឬ​កុមារ​ រួ​ម​មាន​អំពើ​ហិង្សា ​ផ្លូវ​កាយ ​ផ្លូវ​ចិត្ត​ ផ្លូវ​ភេទ​ និង​ការ​មិន​អើពើ​លើ​កុមារ​នោះ​ទេ​។​​

​លោក​ ​បាន​បន្តថា​ សមា​ជិក​គ្រួសារ ​គួរ​ប្រកាន់​ខ្ជាប់​ឥរិយា​បថ​អហិង្សា ​ដោយ​ប្រើ​ពាក្យ​ពេចន៍​ល្អៗ​ទៅកាន់​កូន​នៅ​ពេល​ពួក​គេ​មាន​កំហុស ​និង​ណែនាំ​​កូន​ដោយ​អហិង្សា ​ព្រោះ​ជា​វិធី​សាស្ត្រ​ល្អ​បំផុត​ដែល​ម្តាយ​ឪពុក​សម័យ​ទំនើប​គួរ​ប្រកាន់​ខ្ជាប់​។​ បន្ថែម​ពីនេះ​ លោក​ ណែនាំ​ឱ្យ​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ ​ដោយ​ការ​ស្ដាប់ ​បង្ហាញ​ហេតុ​ផល​ ពិភាក្សា ​និង​ការ​ស្វែង​រក​វិធី ​ឬ​របៀប​ណាមួយ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​តាម​បែប​វិជ្ជមាន​ដែល​ផ្តល់​តម្លៃ​ដល់​ការ​ចូល​រួម ​យល់​ព្រម​ និង​ការ​ចរចាគ្នា​ជា​មួយ​កុមារ​​។​​

​លោក ​កូយ ​ចំរើន​ ​ថ្លែង​ថា​ ការ​គោរព ​ការ​ផ្ដោត​លើ​ដំណាក់​កាល​លូតលាស់ ​និង​អភិ​វឌ្ឍន៍​កុមារ​ ដោយ​ផ្អែក​លើ​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដីពី​សិទ្ធិ​កុមារ​ ដែល​បង្ហាញ​ថា ​សិទ្ធិ​កុមារ ​​គឺជា​អ្វីៗ​ដែល​កុមារ​មាន​ និង​អ្វីដែល​មនុស្ស​ទទួល​ខុស​ត្រូវ​លើ​កុមារ​ ​ដើម្បី​ធានា​ថា ​ពួក​គេមាន​សុវត្ថិ​ភាព ​សុខ​ភាព​ល្អ ​សប្បាយ​រីករាយ ​ទទួល​ការ​អប់រំ ​និង​និយាយ​អ្វី​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ពួក​គេ​។​

​លោក​ ​បាន​បញ្ជាក់​ថា​​៖​«​យើង​ចង់​ឃើញ​សហ​គមន៍​យើង​១ មាន​បរិស្ថាន​សុវត្ថិភាព​ ចៀស​ផុត​ពី​ការ​រំលោភ​បំពាន​កុមារ​ក្នុង​គ្រួសារ​ ​និង​សាលា​រៀន​ ​ដោយ​ការ​ដាក់​វិន័យ​បែប​វិជ្ជមាន។​ នៅ​ផ្ទះ​ម្តាយ​ប្រើប្រាស់​វិធី​សាស្ត្រ​តាម​បែប​វិជ្ជមាន​ ពេល​កូន​ធ្វើ​លំ​ហាត់​ ​ចេះ​និយាយ​ល្អ​ជា​មួយ​។ ​បើ​កូន​ទារ​នេះ​ទារ​នោះ ចេះ​ពន្យល់​ហេតុ​ផល​ទៅ​គាត់​»​។​​

​លោក​ យី ​គឹម​ថា​ន ​នាយក​រង​ប្រចាំ​ប្រទេស​ទទួល​បន្ទុក​កម្ម​វិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរ​ជាតិ ​បាន​អះអាង​ថា ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ និង​អង្កេត​វិទ្យា​សាស្ត្រ​របស់​រដ្ឋាភិ​បាល ​កាល​ពី​ឆ្នា​២០២១ ​និង​ឆ្នាំ​២០២២ ​បាន​បង្ហាញ​ថា ​កុមារ​មាន​អាយុ​ពី​១ ឆ្នាំ ​ដល់​អាយុ​១៤ ​ឆ្នាំ ​មាន​បទ​ពិសោធន៍​ទទួល​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដល់​ទៅ​៦​៦ ​ភាគ​រយ​។​

​លោក ​បាន​បន្តថា ​បើ​ធៀប​នឹង​ការ​សិក្សា​របស់​ក្រសួង​កិច្ចការ​នារី​កាល​ពី​ឆ្នាំ​២០១៣ ​ដែល​មាន​តែ​៦០​ភាគរយ​ នោះ​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​ជិត ​១០ ឆ្នាំ​ កន្លង​មកនេះ ​អំពើ​ហិង្សា​លើ​កុមារ​ មិន​មាន​ធា្ល​ក់​ចុះ​នោះទេ ​ហើយ​បែរ​ជា​កើន​ឡើង​ទៅវិញ​ ស្រប​​ពេល​អាណា​ព្យា​បាល​ប្រមាណ ​២៧ ​ភាគរយ ​នៅ​តែយ​ល់​ថា ​ការ​អប់រំ​កូន​របស់​ពួកគេ​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ​គឺ​មាន​តែ​ការ​ដាក់​ទណ្ឌ​កម្ម​។ ​

​លោក ​យី​ ​គឹម​ថា​ន​ ថ្លែង​ថា​៖«​វេទិកាតុមូល​ក្នុង​ពេលនេះ ​គឺ​មាន​សារៈ​សំខាន់​ណាស់ ​ដើម្បី​អប់រំ​ទៅដល់​អាណា​ព្យាបាល និង​សាធារណ​ជន​ឱ្យ​ពួក​គាត់ ​បាន​ដឹងថា ​មិន​មែ​ល​ទាល់​តែ​ប្រើ​ទណ្ឌកម្ម​ទៅ​លើ​ក្មេង​ទើប​អាច​កែប្រែ​ក្មេង​បាន​នោះ​​ទេ​។ ​យើង​មាន​វិធី​សាស្ត្រ​ច្រើន​ណាស់ ​ហើយ​ក្នុង​វេទិកា​របស់​យើង ​គឺ​មាន​បង្ហាញ​ពីបទ​ពិសោធន៍​ ក៏ដូច​ជា​បង្ហាញ​ពី​វិធី​សាស្ត្រ​ផ្សេងៗ​ក្នុង​ការ​អប់រំ​កូន​តាម​បែប​វិជ្ជ​មាន​»​៕​