
ប្រជាពលរដ្ឋពិនិត្យរកឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតកាលពីថ្ងៃទី២០កញ្ញា។ រូបថត គជប
ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)តាមរយៈលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី២០ ខែកញ្ញា បានធ្វើការបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ទាំង ១ ៦៥២ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២០ ខែកញ្ញា បានបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ មានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖«បញ្ជីបោះឆ្នោតចុងក្រោយនិងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត ក៏មានបង្ហោះផ្សាយនៅលើគេហទំព័រ voterlist.nec.gov.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ App(NEC KH)»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់បន្ថែមថា មុនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះមកដល់ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យ មើលឃើញឈ្មោះរបស់ខ្លួនដើម្បីឱ្យប្រាកដថា ពួកគាត់ពិតជាមានឈ្មោះនៅក្នុងបញ្ជីនោះពិតប្រាកដ និងបានកត់ត្រាបានត្រឹមត្រូវ ទាំងឈ្មោះ និងទិនុ្នន័យ ដូចទៅនឹងឈ្មោះ និងទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់បម្រើឱ្យការបោះឆ្នោតដែរ។
លោកបញ្ជាក់ទៀតថា បើពិនិត្យឃើញឈ្មោះនិងទិន្នន័យខុសពីឈ្មោះ និងទិន្នន័យនៅក្នុងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ពួកគាត់អាចមានសិទ្ធិស្នើសុំកែតម្រូវបាន ដែលមានរយៈពេល ១៩ ថ្ងៃ។
លោក សោម សូរីដា ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ទៀតថា បញ្ជីចុងក្រោយគឺជាបញ្ជីបោះឆ្នោត ដែល គ.ជ.ប បានផ្តល់សុពលភាពផ្លូវការចុងក្រោយបង្អស់ ឬជាបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែល គ.ជ.ប បានផ្តល់សុពលភាពតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ»។
បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
យោងតាមតារាងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ ដែល គ.ជ.ប បានឯកភាព ដែលប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១០ ៩៧៨ ២៥៨ នាក់ ក្នុងនោះស្រី ចំនួន ៥ ៦៨៦ ១៥៨ នាក់, ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ ចំនួន ១២៣ ០០២ នាក់, ប្រជាពលរដ្ឋផ្លាស់ចូល ចំនួន ៥៣ ៥៩៦ នាក់, ការប៉ាន់ស្មានប្រជាពលរដ្ឋ ត្រូវចុះឈ្មោះបោះឆ្នោត ចំនួន ២៨០ ៥៩៣ នាក់។
គ.ជ. បបញ្ជាក់ទៀតថា ចំនួនអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៩៦ ៧១០ នាក់,ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ចំនួន ៩ ៧១០.៦៥៥ នាក់ និងការិយាល័យបោះឆ្នោត មានចំនួន ២៤ ០៤២ ការិយាល័យ។
ដោយឡែក គ.ជ.ប នៅថ្ងៃទី២០ ខែកញ្ញា ក៏បានជូនដំណឹងដល់លេខាធិការដ្ឋានរាជធានីខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ឱ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា បានផ្ញើជូន គ.ជ.ប នូវសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដើម្បីតម្កល់ទុក សម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ក្នុងសេចក្តីជូនដំណឹងនេះ បានសរសេរថា៖«ការដាក់ពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) សាមីគណបក្សនយោបាយអាចថតចម្លងសេចក្តីចម្លងប្រកាសមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ទៅជាមួយពាក្យសុំ (ទ.១០០៧) និងត្រូវបំពេញលក្ខខណ្ឌផ្សេងទៀត កំណត់ដោយបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប»៕