ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើកទី៤ ដែលជាការបោះឆ្នោតអសកល ហើយអង្គបោះឆ្នោត គឺជាក្រុមប្រឹក្សាឃុំ សង្កាត់។
សេចក្តីសម្រេច ចុះថ្ងៃទី ១៨ ខែកញ្ញា ដែលចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ»។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី២០ ខែកញ្ញា ថា គ.ជ.ប ទើបតែបានឃើញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ហើយ គ.ជ.ប នឹងរៀបចំជានីតិវិធី ដើម្បីដាក់ជូនទៅភាគីពាក់ព័ន្ធទាំងអស់។ បន្ទាប់ពីការចូលរួមឯកភាពលើបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនេះហើយ គ.ជ.ប នឹងដំណើរការចុះបញ្ជីអង្គបោះឆ្នោត។
លោកបន្ថែមថា ប៉ុន្តែដោយសារការបោះឆ្នោតនេះ ជាការបោះឆ្នោតតាមបែបអសកល អង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ហើយពួកគាត់មានឈ្មោះក្នុងបញ្ជីរួចអស់ហើយ។ ដំណាក់កាលនៃការចុះឈ្មោះ អង្គបោះឆ្នោតនេះ គឺជាស្រង់ឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឆែកត្រួតពិនិត្យមើលឱ្យបានត្រឹមត្រូវ។
លោកហង្ស ពុទ្ធា ថ្លែងថា៖ «បន្ទាប់មកបានដល់ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយ។ អ៊ីចឹង មកទល់ម៉ោងនេះ យើងក៏មិនដឹងថា គណបក្សណាគាត់ចង់ឈរឈ្មោះដែរ។ អ៊ីចឹងទោះបីជាគណបក្សគាត់អត់មានអាសនៈនៅក្នុងឃុំ សង្កាត់ក៏ដោយ បើគាត់ចង់ឈរឈ្មោះ គឺជាសិទ្ធិរបស់គាត់ ឱ្យតែគាត់មានឯកសារត្រឹមត្រូវ»។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ដំណាក់កាលបន្ទាប់ គឺការឃោសនាបោះឆ្នោត។ ដោយសារក្រុមប្រឹក្សាឃុំ សង្កាត់បានកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ពួកគាត់ត្រូវធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «អ៊ីចឹង ប្រសិនជាប្រជាពលរដ្ឋឃើញការឃោសនាហើយគាត់យល់ថា គណបក្សនេះល្អ គណបក្សនោះមិនល្អ គាត់អាចជម្រាបទៅក្រុមប្រឹក្សាហ្នឹង ដែលជាតំណាងរបស់គាត់នៅថ្នាក់ឃុំ សង្កាត់ហ្នឹងឯង ឱ្យធ្វើការសម្រេចចិត្តយ៉ាងណាៗ នោះវាជាសិទ្ធិរបស់ក្រុមប្រឹក្សាហ្នឹង។ បន្ទាប់មក នៅថ្ងៃបោះឆ្នោត មានការប្រកាសលទ្ធបោះឆ្នោតអីៗហ្នឹង។ ប៉ុន្តែ យ៉ាងណាក៏ដោយ មកទល់ម៉ោងនេះ ប្រតិទិននៃការបោះឆ្នោតហ្នឹង មិនទាន់បានលម្អិតនៅឡើយទេ យើងទើបនឹងដឹងកាលបរិច្ឆេទ នៃការបោះឆ្នោតនៅឡើយទេ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២០ ខែកញ្ញា ថា ដ្បិតតែការបោះឆ្នោតនេះជាការបោះឆ្នោតអសកល អង្គបោះឆ្នោតក៏កើតចេញពីការបោះឆ្នោតសកលដែរ។
លោកថ្លែងថា៖ «អ៊ីចឹងនេះជាការបោះឆ្នោតដែលមានសារៈសំខាន់ដែរ សម្រាប់ដំណើរការប្រជាធិបតេយ្យកម្ពុជាថ្នាក់ក្រោមជាតិ ដែលជាអង្គប្រតិបត្តិនយោបាយនៅថ្នាក់ក្រោមជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យតាមច្បាប់របស់កម្ពុជា។ អ៊ីចឹង ការបោះឆ្នោតនេះមានសារៈសំខាន់ក្នុង Checks and balances(តុល្យភាពអំណាច)នៅក្នុងនយោបាយថ្នាក់ក្រោមជាតិ»៕