ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី ២១ ខែ​កញ្ញា​នេះ ដើម្បី​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ (UN) លើក​ទី​៧៨ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក រហូត​ដល់​ថ្ងៃទី ២៥ ខែ​កញ្ញា។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​កាល​ពី​ថ្ងៃទី ១៥ ខែ​កញ្ញា​ថា ខ្លឹមសារ​នៃសុន្ទរកថា​របស់​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​មហាសន្និបាត​នេះ នឹង​ផ្ដោត​លើ​ទិដ្ឋភាព​ចំនួន ៣ រួមមាន បរិបទ​ពិភព​លោក វឌ្ឍនភាព​សង្គម-សេដ្ឋកិ​ច្ចកម្ពុជា និង​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ចំពោះ​សកម្មភាព​បដិវត្តកម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព។

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ក៏​នឹង​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ឥស្សរជន​បរទេស​មួយ​ចំនួន ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក និង​គ្រោង​ជួប​ទ្វេភាគី​ដោយ​ឡែក​ពី​គ្នា​ជាមួយ​សមភាគី​មក​ពី​បណ្តា​ប្រទេស​នានា​ផង​ដែរ៕