ភ្នំពេញៈ គម្រោងហាវែស III ជាគម្រោងដែលមានរយៈពេល ៥ ឆ្នាំ ដោយទទួលបានថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងរហូតដល់ ២៥ ម៉ឺនដុល្លារ សម្រាប់វិនិយោគិន និងអ្នកចែកចាយ រហូតដល់ ១៥ ម៉ឺនដុល្លារអាមេរិក សម្រាប់ស្ថាប័នផ្សេងទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលកសិកម្ម និងការធ្វើពិពិធកម្មទៅកាន់ទីផ្សារបែបទំនើប។ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផល និងការធ្វើពិពិធកម្មទៅកាន់ទីផ្សារបែបទំនើប ដូចជាផ្សារទំនើប ផ្សារកសិផល សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្តល់សេវា អាហារ និងភេសជ្ជៈ និងហាងទំនិញកសិកម្មតាមប្រព័ន្ធអនឡាញ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងបង្កើនភាពប្រកួតប្រជែង ភាពធន់ ដែលនឹងរួមបញ្ចូល យុវជន និងប្រជាជនដែលងាយរងគ្រោះ (ជនជាតិភាគតិច ឬជនជាតិដើម)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងហាវែស III របស់ USAID។
សេចក្តីប្រកាសព័ត៌មានបានបន្តថា វិស័យឯកជនដែលមានសិទ្ធិដាក់ពាក្យស្នើសុំហិរញ្ញប្បទាននេះ មានដូចជា សហព័ន្ធកសិកម្ម សហជីពកសិកម្ម សហគមន៍កសិកម្ម តួអង្គទីផ្សារបែបទំនើប អ្នកផ្តល់សេវា អ្នកវិនិយោគ ឬអង្គការមិនរកប្រាក់ចំណេញដែលមានបំណងសហការវិនិយោគលើស្តង់ដាសុវត្ថិភាពម្ហូបអាហារសម្រាប់សមាជិកសហគមន៍ ដែលជាស្ត្រី យុវជន និងប្រជាជនដែលងាយរងគ្រោះ។
គម្រោងចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣។ ការផ្តល់ហិរញ្ញប្បទាននេះ គឺដើម្បីបង្កើនការវិនិយោគដែលនឹងបង្កើនវិញ្ញាបនបត្រកសិកម្មប្រកបដោយចីរភាពដូចជា ការអនុវត្តកសិកម្មល្អនៅកម្ពុជា (CamGAP) ប្រព័ន្ធធានាគុណភាពសម្រាប់កសិកម្មសរីរាង្គ(PGS) អាហារសរីរាង្គ និរន្តភាពផលិតកម្មដំណាំស្រូវ (SRP) ជាដើម។
លោក លាង ឡេង ម្ចាស់សហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង និងទឹកប្រេងខ្យង បានប្រាប់ឱ្យដឹងថា សហគ្រាសរបស់លោក មានបំណងនឹងដាក់ពាក្យស្នើសុំហិរញ្ញប្បទានឥតសំណង របស់គម្រោងហាវែស III នេះបន្តទៀត ក្រោយពីសហគ្រាសលោកធ្លាប់ទទួលបានម្តងរួចមកហើយកាលពីគម្រោងហាវែស II ដោយទទួលបានទឹកប្រាក់ប្រហែល ៩ ម៉ឺនដុល្លារ ដើម្បីកែលម្អខ្សែចង្វាក់ផលិតកម្មរបស់សហគ្រាស។
លោកបានយកថវិកាដែលបានពីគម្រោងនេះ ទៅប្រើប្រាស់ដើម្បីទិញគ្រឿងបរិក្ខារ និងឧបករណ៍ទំនើបបម្រើឱ្យខ្សែចង្វាក់ផលិតកម្មក្នុងរោងចក្រ ខណៈដែលការស្នើសុំហិរញ្ញប្បទាននៅគម្រោងហាវែស III នេះ លោកនឹងយកថវិកាទៅទិញម៉ាស៊ីនច្រកទឹកម្ទេសទំនើប ដែលពន្លឿនដល់វេចខ្ចប់ទឹកម្ទេសបានលឿនជាងមុន។
លោកប្រាប់ថា៖ «កាលពីគម្រោងមុន ខ្ញុំទទួលប្រយោជន៍ច្រើនណាស់ ដោយការកែលម្អខ្សែចង្វាក់ផលិតកម្មរបស់សហគ្រាសខ្ញុំ បានធ្វើឱ្យការលក់របស់ខ្ញុំកើនឡើងពី ៣០ ទៅ ៤០ ភាគរយ»។
ម្ចាស់ភូមិកសិកម្មធម្មជាតិ កញ្ញា ប៊ុន សៀង ដែលធ្លាប់ទទួលបានហិរញ្ញប្បទានពីគម្រោងហាវែសនេះដែរ បានប្រាប់ថា ភូមិកសិកម្មធម្មជាតិ នឹងដាក់ពាក្យស្នើសុំគម្រោងហាវែស III នេះ ដើម្បីពង្រីក ការដាំដុះបន្លែផ្លែឈើធម្មជាតិ ដើម្បីបំពេញតម្រូវការទីផ្សារព្រោះគម្រោងហាវែសបានជួយច្រើនណាស់ដល់វិស័យកសិកម្មកម្ពុជា ជាពិសេសអនុវិស័យដំណាំបន្លែ ដែលបានកែប្រែមុខមាត់ថ្មី នៃការធ្វើកសិកម្មក្នុងស្រុក៕