​ភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល​នៅ​ថ្ងៃទី ២០ ខែកញ្ញា បានសម្រេច​បញ្ចុះ​ថ្លៃ​អគ្គិសនី​ដល់​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម​ដើម្បី​ពង្រីក​ផលិតកម្ម​រោងចក្រ និង​សហគ្រាស​សម្រាប់​ផ្នែក​ទាំង​ ២​ នេះ និង​ដើម្បី​បង្កើត​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។​

​ការសម្រេច​បែបនេះ ធ្វើឡើង​ ១​ ថ្ងៃ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​ជំរុញ​ក្រសួង​នេះ​ឱ្យ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ក្នុង​វិស័យ​ផលិតកម្ម​ដើម្បី​ជំរុញ​ផលិតភាព​នៅក្នុង​ស្រុក ចំពេល​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។​

​ក្រសួង​បញ្ជាក់ថា ការបញ្ចុះ​ថ្លៃ​អគ្គិ​​ស​នី​គឺធ្វើឡើង​ចំពោះ​បរិមាណ​អគ្គិសនី​ដែល​អ្នកប្រើប្រាស់​ប្រភេទ​ឧស្សាហ​កម្ម និង​កសិកម្ម ដែល​ភ្ជាប់​ពី​បណ្តាញ​តង់ស្យុង​មធ្យម និង​តង់ស្យុង​ខ្ពស់​ទូទាំងប្រទេស ដែល​រួមមាន​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​តាម​អត្រា​ថ្លៃ​មធ្យម​តាម​ពេលវេលា និង​តាម​អានុភាព និង​មាន​ដំឡើង​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​ដែល​ភ្ជាប់​ជាមួយ​បណ្ដាញ​ជាតិ ដែល​បាន​ប្រើប្រាស់​លើសពី​មធ្យមភាគ​ប្រចាំខែ​នៃ​ការប្រើប្រាស់ ៦​ ខែ​ចុងក្រោយ​។​

​ក្រសួង​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​​ព័ត៌មាន​ថា​៖ «​បញ្ចុះ​អត្រា​ថ្លៃ​ចំនួន​ ១០ ​ភាគរយ សម្រាប់​បរិមាណ​ថាមពល​ដែល​ប្រើប្រាស់​លើស​មធ្យមភាគ​ប្រចាំខែ ពីថ្ងៃ​ច​ន្ចដល់​ថៃ្ង​សៅរ៍ ចន្លោះ​ម៉ោង​ពី​ ៧ ​ព្រឹក ដល់​ម៉ោង​ ៩ ​យប់​។ បញ្ចុះ​អត្រា​ថ្លៃ​ចំនួន​ ២០​ ភាគរយ​សម្រាប់​បរិមាណ​ថាមពល​ដែល​ប្រើប្រាស់​លើស​មធ្យមភាគ​ប្រចាំខែ ពីថ្ងៃ​ចន្ទ​ដល់​ថៃ្ង​សៅរ៍ ចន្លោះ​ម៉ោង​ពី​ ៩​​ យប់ ដល់​ម៉ោង​ ៧ ​ព្រឹក និង​ ២៤​ ម៉ោង សម្រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យជាតិ​»​។​

​ក្រសួង​បាន​បន្ថែមទៀតថា​៖ «​រយៈ​​ពេល​អនុគ្រោះ​ថ្លៃ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការប្រើប្រាស់​ខាងលើ មាន​រយៈពេល ៣​ ខែ ចាប់ពី​ខែតុលា​ដល់​ខែធ្នូ ឆ្នាំ​ ២០២៣ និង​អាច​ពិនិត្យ​បន្ត​តាមរយៈ​ការជូនដំណឹង​មុន​ ៣០ ​ថ្ងៃ​តាម​លទ្ធភាព​ជាក់ស្តែង​របស់​អគ្គិ​ស​នី​កម្ពុជា​»​។​

​ក្រសួង​បញ្ជាក់ថា អ្នកប្រើប្រាស់​អគ្គិ​ស​នី​ក្នុង​ផ្នែក​ទាំង​ ២​ នេះ​ដែល​ភ្ជាប់​ពី​បណ្តាញ​តង់ស្យុង​មធ្យម និង​តង់ស្យុង​ខ្ពស់ ហើយ​ដែល​យល់ថា ខ្លួន​មានលទ្ធភាព​បង្កើន​ការប្រើប្រាស់ និង​មានបំណង​ទទួលបាន​ការអនុគ្រោះ​ថ្លៃ​នេះ ត្រូវដាក់​ពាក្យស្នើសុំ​ទៅ​អ្នក​ផ្គត់​​ផ្គង់​អគ្គិសនី​ក្នុង​តំបន់​របស់ខ្លួន​។​

​ក្រសួង​បន្តថា ការផ្តល់​ថ្លៃ​អនុគ្រោះ​នេះ​មិន​សំដៅ​ទៅលើ​ស្ថាប័នរដ្ឋ ផ្នែក​ពាណិជ្ជកម្ម និង​លំនៅឋាន​ទេ ដោយ​អ្នកប្រើប្រាស់​ក្នុង​ជំពូក​នេះ កំពុង​ត្រូវបាន​អគ្គិសនី​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ជួយឧបត្ថម្ភ​ធន​រួចហើយ​។​

​ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​រោងចក្រ​កាត់​ដេរ នៅ​ខេត្តតាកែវ កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា វិស័យ​ឯកជន​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ស្របពេល​រាជរដ្ឋាភិបាល​កំពុងធ្វើកា​រ​ជាមួយ​ពួកគេ​ដើម្បី​សម្រួល​ដល់​ការរីក​លូត​លាស់​របស់​ពួកគេ និង​បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​។​

​លោក​បាន​ថ្លែងថា​៖ «​ល្ងាច​មិញ [​ថ្ងៃទី​ ១៨] ខ្ញុំ​បានឱ្យ​ឯកឧត្តម កែវ រតនៈ ពិនិត្យមើល​លទ្ធភាព​អាច​សាក​ល្បង​នៅក្នុង​ ៣ ​ខែ​នេះ ជាពិសេស​ចុងឆ្នាំ​នេះ​យើង​អាច​ពិនិត្យមើល​ក្នុងការ​ផលិត​នៅក្នុង​ការអនុគ្រោះ​ថ្លៃ​អគ្គិ​​ស​នី​កម្រិត​ណាមួយ​សម្រាប់​សហ​​គ្រាស ប្រសិនបើ​មិនបាន​គ្រប់​សហគ្រាស ក៏បាន​ខ្លះ ពិសេស​សហគ្រាស​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ដែល​ផលិត​ច្រើន និង​ប្រើ​ថាមពល​ច្រើន​។ ដូច្នេះ​បើសិន​ថ្លៃ​ភ្លើង​ថោក​ពួកគាត់​នឹង​ពង្រីក​ផលិតកម្ម​ថែមទៀត​។ ឱ្យតែ​ពួក​គាត់​ពង្រីក ​(​ផលិតកម្ម​)​ ច្រើន នាំចេញ​ច្រើន​នោះ​នឹង​បង្កើត​ការងារ​ថែមទៀត​ជូន​ប្រជាពលរដ្ឋ​»​។​

​យោងតាម​លោក កែវ រតនៈ ដែលមាន​វត្តមាន​ក្នុង​ពិធី​នោះដែរ​បាន​ឆ្លើយ​​តប​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ថា តាម​អ្វីដែល​លោក​បាន​សិក្សា គឺ​នឹងមាន​ប្រមាណ ២១ ០០០​ សហគ្រាស ដែល​អាច​នឹង​បានទទួល​ការអនុគ្រោះ​បញ្ចុះតម្លៃ​អគ្គិសនី​នេះ​៕