
កិច្ចប្រជុំរវាងភាគីអាស៊ាន និងចិន កាលពីថ្ងៃទី២០ កញ្ញា ។ រូបថត Asean
ភ្នំពេញៈអាស៊ាន និងចិន បានពិភាក្សាអំពីវិធីសាស្ត្ រដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដោយភាគីទាំង២ កត់សម្គាល់ថា នេះគឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទៅវិញទៅមកលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ការពិភាក្សានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែកញ្ញា រវាងអគ្គលេខាធិការរងអាស៊ាន លោក Tran Duc Binh និងលោក Gao Bao ប្រធានអធិការកិច្ចនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិននៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចពិភាក្សាផ្តោតលើការពង្រឹងវិស័យ STI រវាងអាស៊ាន និងចិន។
ភាគីទាំង២ បានបង្ហាញពីបំណងទៅវិញទៅមកក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យ STI តាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន ស្តីពីភាពជាដៃគូជិតស្និទ្ធនៃ STI សម្រាប់អនាគតឆ្នាំ ២០២១-២០២៥។
សេចក្តីប្រកាសព័ត៌មានលេខាធិការដ្ឋានអាស៊ានបញ្ជាក់ថា៖«ភាគីទាំង២ បានគូសបញ្ជាក់លើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យាបន្ទះឈីប (chip) បច្ចេកវិទ្យា 5G រថយន្តថាមពលថ្មី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ម៉ាស៊ីនឧស្សាហកម្ម Software ឧស្សាហកម្ម និងសម្ភារថ្មីៗ។ ការផ្លាស់ប្តូរទស្សនៈគ្នានេះ បង្ហាញពីជំហានដ៏សំខាន់មួយ ក្នុងការឆ្ពោះទៅរកការជំរុញទំនាក់ទំនងទៅវិញទៅមកក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងអាស៊ាន-ចិន»។
កាលពីឆ្នាំ២០១៨ កិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២១ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការ STI ចិន-អាស៊ាន ដែលបានដាក់ចេញនូវផែនការសម្រាប់កិច្ចសហប្រតិបត្តិការ STI នាពេលអនាគត។
កាលពីឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ក្នុងការដាក់ឱ្យអនុវត្តកម្មវិធីពង្រឹង STI ចិន-អាស៊ាន ភាគីទាំង២ បានអនុម័តផែនការសកម្មភាពអាស៊ាន-ចិនស្តីពីភាពជាដៃគូជិតស្និទ្ធនៃSTIសម្រាប់អនាគត ឆ្នាំ២០២១-២០២៥ ដែលបានបញ្ជាក់អំពីគោលបំណងយន្តការការងារ និងវិធានការសម្រាប់កិច្ចសហប្រតិបត្តិការ STI រវាងចិន និងអាស៊ាន។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦ កាលពីថ្ងៃទី៦ ខែកញ្ញា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) បានអំពាវនាវឱ្យរួមគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មដែលទើបចាប់ផ្តើម។
លោកបានថ្លែងថា ប្រទេសចិន នឹងធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីចាប់យកឱកាសនៃបរិវត្តកម្មពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ STI និងពន្លឿនការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មប្រពៃណី និងការអភិវឌ្ឍឧស្សាហកម្មដែលទើបចាប់ផ្តើមដើម្បីបញ្ចេញថាមពលកាន់តែច្រើនសម្រាប់នវានុវត្តន៍និងជំរុញកំណើនថ្មីនិងការប្រកួតប្រជែង។
លោក លី ឈាង បានថ្លែងថា ប្រទេសចិន នឹងផ្តល់ប្រាក់យ៉ាងហោចណាស់ ១០ លាន ដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការអនុវត្តគំនិតផ្តួចផ្តើមរួមគ្នាស្តីពីការជំរុញកម្មវិធីលើកកម្ពស់ STI ចិន-អាស៊ាន។
លោកថ្លែងថា៖«ប្រទេសចិន សង្ឃឹមថា នឹងចាប់ផ្តើមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្តីពីឧស្សាហកម្មជាមួយអាស៊ាន និងបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងលើយានយន្តថាមពលថ្មី និងថាមពលពន្លឺព្រះអាទិត្យ (PV)។
ប្រទេសចិននឹងបន្តរៀបចំវេទិកាសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI) ហើយនឹងធានាបាននូវភាពជោគជ័យនៃសប្តាហ៍ថាមពលស្អាតចិន-អាស៊ានលើកដំបូង។យើងសូមស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសអាស៊ាននៅក្នុងវេទិកាទាំងនេះ»៕