ភ្នំពេញៈឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេ​រិក​ប្រចាំ​កម្ពុជា ​លោក​Patrick Murphy បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ស្ថាន​ទូត​ចំនួន​ជាង ៦០ នាក់​ ទៅ​បំពេញ​ទស្សន​កិច្ច​ទៅ​ខេត្ត​សៀមរា​ប ​រយៈពេល​ ៥ ​ថ្ងៃ​ ចាប់ពី​​ថ្ងៃទី១៨​ ដល់​ថ្ងៃទី​២២ ​ខែកញ្ញា ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​លើ​ទំនាក់​ទំនង​ទ្វេភាគី ​ភា​ពជា​ដៃគូ ​និង​កម្ម​វិធី​ផ្សេងៗ ដែល​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជា​ជន ​និង​ប្រជា​ជន ​ក្នុង​អំឡុង​ពេល «​សប្តាហ៍​មិត្ត​ភាព​កម្ពុជា​-​អាមេរិក​ឆ្នាំ​២០២៣»​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្ថាន​ទូត​អាមេ​រិក​ បញ្ជាក់​នៅ​ថ្ងៃទី​២១ ​ខែកញ្ញា​ ថា​៖ «​កម្មវិធី​រយៈ​ពេល​[​ប្រមាណ​] ១​ សប្តាហ៍ ​ដែល​មាន​សកម្ម​ភាព​ការ​ងារ​នានា​នៅ​តាម​មូលដ្ឋា​ន ទ​ស្សន​កិច្ច​ផ្លូវការ និង​ការប្រស្រ័​យ​ជាមួយ​ដៃគូ​ក្នុង​មូលដ្ឋា​ន​នៅ​សៀម​រាបគឺជា​​ការ​បន្ត​មិត្ត​ភាព​កម្ពុជា ​អាមេរិក ​ឆ្នាំ២០២៣ ​ដែលជា​​ការអ​បអរ​ទំនាក់​ទំនង​យូរ​អង្វែង ​រវាង​ប្រជា​ជន​ និង​ប្រជា​ជន ​ហើយ​និង​ជា​ឱកាស​ក្នុង​ការ​ជំរុញ​បន្ថែម​ដល់​វិស័យ​សហ​ប្រតិ​បត្តិការ​នានា រវាង​សហ​រដ្ឋ​អា​មេរិក និង​ប្រទេស​កម្ពុជា​»​។​

​គណៈ​ប្រតិភូ​បាន​ប្រ​ស្រ័យ​ជា​មួយ​នឹង​ដៃគូ​នៅ​ខេត្ត​សៀម​រាប និង​អ្នកពា​ក់ព័ន្ធ​នៅក្នុង​វិស័យ​សុខភា​ព​សាធា​រណៈ អប់រំ ​វប្បធម៌​ ធុរកិច្ច ​យុវ​ជន ការ​ដោះមី​ន ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​និង​សន្តិសុ​ខ​ដើម្បី​បង្ហាញ​ឱ្យឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិ​បាល​សហរ​ដ្ឋអា​មេរិកចំពោះ​ប្រជា​ជន​កម្ពុជា​ទាំង​អស់​។​

​លោក ​Murphy​ បាន​ថ្លែងថា ៖ «​យើង​គឺជា​ស្ថាន​ទូត​អាមេរិក​នៅ​ទូទាំង២៥ ​រាជធា​នី ខេត្ត​នៅ​កម្ពុជា ​ហើយ​យើង​មាន​សេច​ក្តីរំ​ភើប​រីករាយ​ជា​ខ្លាំង​ក្នុង​ការនាំ​ក្រុម​បុគ្គលិក​ទាំង​អស់​របស់​យើង​មក​កាន់​ខេត្ត​ភាគ​ខាង​ជើង​នេះ ជាទី​ដែល​យើង​មាន​កម្ម​វិធី និង​ការងារ​ជា​ច្រើនជា​មួយ​ដៃគូ​នៅ​ក្នុង​មូល​ដ្ឋាន​»​។​

​សប្តាហ៍​មិត្ត​ភាព​កម្ពុជា​-​អាមេរិក ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ក្រសួងកា​របរ​ទេស​អាមេរិក​ ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​អន្តរ​ជាតិ​អាមេ​រិក​(USAID) ក្រសួង​ការពារ​ជាតិ​អា​មេរិក មជ្ឈ​មណ្ឌល​បង្ការ​និង​កម្ចាត់​ជំងឺ​អា​មេរិក​ ផ្នែក​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​អាមេរិក​ និង​ទីភ្នាក់​ងារ​ដទៃ​ទៀត​ដែល​មាន​តំណាង​នៅ​ស្ថាន​ទូត​អាមេ​រិក​។​

​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​ការ​ជួប​ជាមួយ​មន្ត្រី​រដ្ឋ​បាលខេ​ត្ត​សៀម​រាប ​ពលរដ្ឋ​អាមេរិក​ដែល​រស់​នៅ​ខេត្ត​សៀមរា​ប និស្សិត​សា​កល​វិទ្យា​ល័យ ដែលជា​​អ្នក​ទទួល​ផល​ពី​ការកែ​លម្អ​នៃ​កម្មវិធី​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា ហើយ​​និង​ការ​បើក​កម្មវិ​ធី​ដែល​ផ្តល់​អំណាច​ដល់​ស្ត្រី ​និង​យុវ​ជន​តាម​រយៈ​កីឡា​។​

​គណៈប្រ​តិភូ​របស់​ស្ថាន​ទូត​អាមេរិក ​ក៏បាន​រៀបចំ​ពិធី​ជួបជុំ​ដ៏​ធំ​មួយ ​នៅ​ថ្ងៃទី២០​ កញ្ញា នៅ​ខេត្ត​សៀមរាប​ ដើម្បី​អបអរ​ដល់​ដៃគូ​របស់​ស្ថានទូ​ត អ្នក​ធ្លាប់​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​របស់​រដ្ឋាភិបា​ល​អាមេរិក​ និង​សម​ភាគី​សំខាន់ៗ ​ដែល​មាន​នាទី​សំខាន់​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​យូ​រអង្វែង​ រវាង​ប្រទេស​កម្ពុជា និង​សហ​រដ្ឋអា​មេរិក​៕​