ភ្នំពេញ : លោក គង់ ស៊ី​ដែន ជា​សិល្បករនិង​ជា​អ្នក​ឌីហ្សាញ​ផ្ទៃ​ក្នុងបាន​បង្ហាញ​ស្នាដៃ​តាម​រយៈ​ពិព័រណ៍​តែ​ឯង​ជា​លើក​ដំបូង​ក្រោម​ប្រធានបទ «​រស្មី​កាល​» ដែល​ឆ្លុះ​បញ្ចាំង​ពីការ​វិវឌ្ឍ​ទីក្រុង​និង​ទិដ្ឋភាព​ប្រទេស​កម្ពុជា​។

ពិព័រណ៍ «​រស្មី​កាល​» ​​បង្ហាញជូន​ពីកម្រង​ស្នាដៃ​ឌីជីថល​ថ្មីៗ​ជាច្រើន​រួមមានប្រអប់​ពន្លឺការ​បញ្ចាំង​វីដេអូ និង​បង្គុំ​វីដេអូ​ ដោយ​​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ​តាមរយៈ​ការ​​បង្រួមនិង​បំប្លែង​រូបថត​ក៏ដូចជា​វីដេអូ​​ឯកសារ​​អំពី​ការ​ផ្លាស់ប្តូរ​ទេស​ភាព​ទីក្រុង​ និង​ទេសភាព​នានា​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៨ មក​ដល់ ២០២៣ ​​ទៅជា​រូប​បង្គុំ​នៃ​ពណ៌ ​និង​ផ្ទៃ​មាន​ពន្លឺ​។

លោកស៊ីដែន​និយាយ​ថា​៖ ​ «រស្មីកាល ជា​ស្នាដៃ​តាម​រយៈ​ពន្លឺ​នៃ​ការបញ្ចាំង​វីដេអូ និង projector ដែលមាន​ចលនា​ និងវិវឌ្ឍ​ទៅ​តាម​ពេលវេលា​។ ខ្ញុំ​ចង់​បង្ហាញ​ពីការ​ផ្លាស់​ប្ដូរ​បម្រែ​បម្រួល​ទីក្រុង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​រហូត​ដល់​បច្ចុប្បន្ន​ដោយ​ផ្ដោត​លើ​ការ​ចង​ចាំ​របស់​ខ្ញុំ​»។

​​នៅពេល​ចូលដល់​បន្ទប់​វិចិត្រសាល​ភ្លាមទស្សនិក​ជន​ត្រូវបាន​ស្វាគមន៍​ជាមួយនឹង​ស្នាដៃ​ប្រអប់​ពន្លឺ​មួយមាន​ចំណងជើង​ដូចគ្នា​ថា​រស្មី​កាល។

នៅ​ចំ​កណ្តាល​នោះមាន​ទម្រង់​ស្រមោល​ដើមឈើ​ ១​ ដើម​លេចឡើង​នៅ​ពីលើ​រង្វង់​ធំ​មួយ​។ ពេល​សង្កេតមើល​បន្តិច​ទៅទើប​ឃើញ​មាន​រូបភាព​តូចៗ​ជាច្រើន​ដែល​អាច​ស្គាល់​បាន​ថា​ជា​រូប​បរិស្ថាន​ធម្មជាតិ និង​អគារ​សំណង់​ជាច្រើនគង​ពី​លើ​គ្នា​ទៅ​វិញ​ទៅមក​ជា​ច្រើន​ស្រទាប់​និង​ដោយ​បាន​ផ្លាស់ប្តូរ​ពណ៌​ផង​។

ទម្រង់​រង្វង់​នៅ​ចំ​កណ្តាល និង​រូបភាព​ដាំ​ក្បាល​នៅ​ផ្នែក​ខាងលើហាក់​បង្ហាញ​ពី​ទំនាក់​ទំនងជា​វដ្ត និង​បញ្ច្រាស​គ្នា​រវាង​ធម្មជាតិ​និង​ស្នាដៃ​បង្កើត​ឡើង​ដោយ​មនុស្ស​។​

លោក ស៊ីដែន​ ដែល​​ធ្វើការ​ជាមួយ​សម្ភារ​ផ្សេងៗ​ជាច្រើន​ទម្រង់​រួមទាំង​រូបថតវីដេអូបង្គុំពន្លឺ និង​សំឡេង​ បាន​និយាយ​ថា​៖ «ការ​ផ្លាស់​ប្ដូរ​របស់​ការ​បង្ហាញ​នីមួយៗ​មាន​រូបរាង​ផ្សេង​ៗដោយ​ការងារ​ខ្លះ​បាន​រំលេច​ពី​រូប​រាង​ពិត​នៃ​ទេសភាពព្រៃឈើ​អគារ​តាម​រយៈ​ការ​ប្រែប្រួល​ម្ដង​បន្ដិច​ៗ​រហូត​ដល់​រលាយ​បាត់​»។

សិល្បករដែលកើត​​ឆ្នាំ​១៩៩៧ នៅ​ភ្នំពេញ​រូបនេះ​បាន​​បន្ដថា​៖ «វីដេអូ​ខ្លះ​ទៀត​បង្ហាញ​ទេស​ភាព​បង្កប់​អត្ថន័យ​មួយ (landscape abstract) ដោយ​ច្របាច់​បញ្ចូល​គ្នា​បន្ដិច​ម្ដងៗ​រហូត​ដល់​បង្កើត​ជា​រូបភាព​នៃ​ទម្រង់​អគារ​សា​ឡើង​វិញ​»។

ការ​បញ្ចេញ​ពន្លឺ​ទាំង​អស់​មាន​ចំនួន ៧ តាម​រយៈ​វីដេអូពី projector ចំនួន​ ២ ការបញ្ចាំង​វីដេអូពី​ទូរទស្សន៍​​ចំនួន ២ ការ​បង្ហាញ​រូបភាព​ក្នុង​ប្រអប់​ពន្លឺ​ ១ និង​ការ​បញ្ចាំង​វីដេអូ​តាម projector ជាមួយ​ការដំឡើង​បង្គុំ​លើ​ខ្សាច់​ និង​កញ្ចក់ក៏ដូចជា​ផ្ទាំង​ស​។

​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វិចិត្រសាលស្នាដៃប្រផ្នូល គឺជា​គំនរ​ខ្សាច់​គ្របដណ្ដប់​ដោយ​បំណែក​កញ្ចក់​ថ្លា និង​កញ្ចក់​ឆ្លុះ​ជាច្រើននិ​ង​មាន​វីដេអូ​បញ្ចាំង​ពី​ពិតាន​មក​ចំ​ពីលើជះ​ប្លាត​ជា​បំណែក​ពន្លឺ​រាយប៉ាយ​ពាសពេញ​ជញ្ជាំងនិង​ពិតាន​បន្ទប់​។

រូបថតនិង​វីដេអូ​នៃ​អនុស្សាវរីយ៍​របស់ស៊ី​ដែនអំពី​ទីកន្លែង​នានា​មិនអាច​មើលឃើញ​យល់​ទៀត​ទេ​នៅក្នុង​ស្នាដៃ​នេះ​។វា​ក្លាយ​ទៅជា​បំណែក​ពន្លឺ​តូចៗដែល​នៅ​ជុំគ្នា​បាន​ដោយសារ​កម្លាំង​ចលនា​ជា​រង្វង់។ប៉ុន្តែ​ត្រូវ​បែក​ខ្ចាត់ខ្ចាយ​គ្នា​តាម​ការឆ្លុះ​បញ្ចាំង​របស់​ពួកវា​ទៅវិញ​។

ខណៈ​ពេលដែល​វត្ថុ​ទាំងអស់​នៅ​ស្ងៀម​ទ្រឹងវីដេអូ​បន្ត​ផ្លាស់ប្តូរ​រូបរាង​និង​វិល​រមួរបង្កើតបានជា​បទពិសោធ​ន៍​មួយ​​ដែល​នាំ​អារម្ម​ណ៍​អ្នក​ទស្សនា​​ស្ថិត​នៅក្នុង​បំពង់​ឆ្លុះ​មើល​កម្ទេច​ពណ៌ kaleidoscope។​

លោកស៊ីដែនបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​បន្ទាប់មក​ ខ្ញុំ​បញ្ចាំង​វីដេអូ​ដោយ​ជះ​ពន្លឺ​ទៅលើ​កញ្ចក់​បែក​ទាំង​នោះ​ ដែល​ធ្វើ​ឱ្យ​បែក​សាយ​ពន្លឺ​ពាស​ពេញ​លម្ហដោយ​បង្ហាញ​ពី​អត្ថន័យ​នៃការ​កសាង​អ្វី​មួយដែល​អាច​ជះឥទ្ធិពល​​ដល់​មជ្ឈ​ដ្ឋាន​នៅ​ជុំវិញ​ខ្លួន»។

លោក​បាន​ឱ្យ​ដឹង​ថាសិល្បៈ «​ប្រផ្នូល» កើត​ចេញ​ពីការ​ប្រទះ​ឃើញ​គំនរ​ខ្សាច់​នៅ​ក្បែរ​ការដ្ឋាន​សំណង់​អគារ​ ឬ​ផ្ទះ​នៅ​តាម​ទីក្រុង​ ជនបទ​ ដែល​ធ្វើ​ឱ្យ​អ្នក​សិល្បករ​នឹកឃើញ​ពីសារៈសំខាន់​នៃ​ខ្សាច់​ចំពោះ​សំណង់​អគារខណៈ​កញ្ចក់​បែក​បង្កប់​អត្ថន័យ​មិន​ធម្មតា​ ដោយ​ស្ដែង​ពី​អារម្មណ៍​អ្នក​សិល្បៈ​ចំពោះ​ភាព​ស្រពិច​ស្រពិល​នៃការ​កសាង​អ្វីមួយ​ដោយ​មិន​មាន​ភាព​ច្បាស់​លាស់​ថា​ តើវា​ល្អឬមិន​ល្អ​នោះទេ​។

នៅ​ជិត​ស្នាដៃប្រផ្នូលគឺជា​ស្នាដៃ​មួយ​ផ្សេងទៀត​ដែលមាន​ចំណងជើង​ថារស្មី​ស្រទន់ដែលមាន​ទម្រង់​ជា​សន្លឹក​ថាស​នៃ​វីដេអូ​ដែល​បាន​បញ្ចាំង​អណ្តែត​ក្នុង​លម្ហ​។រូប​និម្មិត​នៃ​វត្ថុ​ដូច​ភពឬ​អង្គ​មីក្រូ​នេះវិលវល់​យ៉ាង​ទន់ភ្លន់​ជាមួយនឹង​ចង្វាក់​នៃ​សំឡេង​អេឡិច​ត្រូនិក​។

អារម្មណ៍​នៃ​ម៉ាក្រូនិង​មីក្រូ​ចក្រ​វា​ល​ប៉ះទង្គិច​លាយឡំ​គ្នានៅពេលដែល​រូបភាព​បន្ត​ផ្លាស់ប្តូរ​និង​បំប្លែង​ហាក់ដូចជា​គំនូរ​មាន​ចលនា​។​

ការ​ទស្សនា​ពិព័រណ៍​នេះ​មិន​មានន័យថា ​អ្នក​ទស្សនា​អាច​ស្វែង​យល់​ពី​អារម្មណ៍​ទាំង​ស្រុង​របស់​សិល្បករ​ដែល​ចង់​បង្ហាញ​នោះទេ ដោយ​លោកស៊ីដែនបាន​អះអាង​ថាអ្នក​ទស្សនា​អាច​រីករាយ​នឹង​ពន្លឺ​ភ្លើង​ស្រស់​ស្អាតជាពិសេសប្រអប់​ពន្លឺដែល​រំលេច​យ៉ាង​ច្បាស់​នូវ​រូបភាព​ដើម​ឈើអគារផ្ទះ​លើ​ផ្ទៃទឹកពណ៌​ចម្រុះ​ ពី​វីដេអូ​ឯកសារ​របស់​សិល្បករ​ចងក្រងទុក​តាំងពី​ឆ្នាំ​២០១៨ មក​។

លោក​បាន​ឱ្យដឹង​ថា​៖ «​ភ្ញៀវ​បរទេស​ខ្លះ​មើល​ឃើញ​កញ្ចក់​បែក​ក្នុង​ស្នាដៃប្រផ្នូលថា​ជា​សញ្ញា​មិន​ល្អ​សម្រាប់​ជីវិត​របស់​គាត់​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​ជួប​ស៊យ ៧ឆ្នាំ​។ ប៉ុន្ដែ​អ្នក​ទស្សនា​ខ្លះ​ទៀតមើល​ឃើញ​ថាវា​រំលេច​នូវ​ពន្លឺ​ស្រស់​ស្អាត​ជះ​ទៅ​លើ​ជញ្ជាំង​»។

​ស៊ី​ដែន​បាន​បញ្ចប់​ការសិក្សា​ផ្នែក​រចនា​ខាងក្នុងពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈរាជធានី​ភ្នំពេញ ហើយ​បាន​ចូលរួម​វគ្គ​សិក្សា​សិល្បៈ​សហ​សម័យ​ជា​ច្រើន​នៅ​គម្រោង​សិល្បៈ ស​-​ស​។

លោក​​គឺជា​អ្នក​ទទួល​រង្វាន់ Dogma Prize ហូជីមិញ ២០២៣, Treeline Grant សៀមរាប ២០២០, និង​រង្វាន់ Java Creative Generation ៣ ភ្នំពេញ ២០២០​។

សិល្ប​ករ​រូប​នេះបាន​ចូលរួម​ពិព័រណ៍​ជា​ក្រុម ​រួមមាន​៖ «Creative Generation: Worlds Unknown Art Festival» នៅ Friends Futures Factory ២០២២, «Invisible Voices: Treeline Artist Grants» នៅTreeline ២០២០, «​លទ្ធភាពចម្លងដំណើរ​» នៅ​គម្រោង​សិល្បៈ​ស​-​ស ២០១៩, «​មុជ​» នៅ​គម្រោង​សិល្បៈ​ស​-​ស ២០១៨ និង​មហោ​ស្រព​រូបថត​ភ្នំពេញ ២០១៨​។

ពិព័រ​ណ៍ «​រស្មីកាល» បើក​សម្ពោធ​នៅថ្ងៃទី១៤ ខែ​កញ្ញា និង​បន្ដ​រហូត​ដល់​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅគម្រោង​សិល្បៈ​ ស-ស​។ សម្រាប់​ព័ត៌មាន​លម្អិត​ សូមទាក់​ទង​លេខ​ទូរស័ព្ទ ០៩២ ៩៦១ ៩៧៤៕