
កម្ពុជា ស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្រកម្ពុជា ពិសេសលើការងារសន្តិសុខ។ រូបថត ក្រសួងមហាផ្ទៃ
កម្ពុជា ស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសនោះលើការងារសន្តិសុខ។
សំណើនេះត្រូវបានលើកឡើងតាមរយៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ក្នុងឱកាសអនុញ្ញាតជូនលោក កៅ គឹមហួន អគ្គលេខាធិការ នៃសមាគមអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជុំវិញការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការងារផ្សេងៗ កាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើមលោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃបានធ្វើកន្លងទៅ។ ក្នុងនោះរួមមាន ការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។
លោក ស សុខា បញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃ បានត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។
ពាក់ព័ន្ធការងារសន្តិសុខ លោក ស សុខា បានសង្កត់ធ្ងន់ថា៖«រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះ កម្ពុជាបាននិងកំពុងធ្វើយ៉ាងណាកសាងនូវភាពសុខដុមរមនាក្នុងសង្គម»។
លើសពីនេះ កម្ពុជាបានដើរតួនាទី និងបំពេញកិច្ចការងារយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តចូលរួមថែរក្សាសន្តិសុខ សន្តិភាពក្នុងតំបន់ផងដែរ។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអបអរសាទរផងដែរ ចំពោះក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែកក្នុងការអនុវត្តរាល់យន្តការផ្សេងៗរបស់អាស៊ាន ដែលក្រសួងបានដឹកនាំក្នុងឆ្នាំ២០២២កន្លងទៅនេះ លើការងារពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។
ជាការឆ្លើយតបទៅនឹងសំណើនោះលោកបញ្ជាក់ថា នឹងបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក៏ដូចបណ្ដាសមាជិកអាស៊ានដទៃទៀតដែរ ដោយធ្វើយ៉ាងណាឱ្យមានលទ្ធភាពអនុវត្តបានជោគជ័យនូវបណ្ដាយន្តការតំបន់អាស៊ាននានា ដែលប្រទេសនីមួយៗមានភារកិច្ចទទួលខុសត្រូវ។
លោក កៅ គឹមហួន ថ្លែងថា៖«យើងត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែលមានកន្លងទៅនេះ។ ព្រោះការថែរក្សាបាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអាស៊ានទាំងអស់ មានកម្ពុជាផងនោះ បានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»៕

លោក ថោង ខុន ជួបពិភាក្សាជាមួយលោកស្រី Devyani Uttam Khobragade។ រូបថត សហការី