
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបថត ក្រសួងយុត្តិធម៌
ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឱ្យដឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រោងនឹងដាក់ដំណើរការនៅចុងខែកញ្ញា ឬដើមខែតុលាឆាប់ៗខាងមុខ ដែលមកដល់ពេលនេះក្រសួងកំពុងប្រមូលធាតុចូលសំខាន់ៗលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរនេះ។
លោក ជិន ម៉ាលីន បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី ២០ កញ្ញា បន្ទាប់ពីក្រសួងយុត្តិធម៌បានធ្វើវិបស្សនាលើកទី៦ ដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានពិនិត្យពិភាក្សា និងរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
សេចក្តីប្រកាសក្រសួងយុត្តិធម៌ឱ្យដឹងថា ក្រសួងបានធ្វើវិបស្សនាលើកទី៦ នេះ រយៈពេល ២ ថ្ងៃ ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនានេះ រៀបចំឡើងក្រោយពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក ជិន ម៉ាលីន បានឱ្យដឹងបន្ថែមថា វិបស្សនាធ្វើឡើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ នៃសេចក្តីព្រាងព្រះរាជក្រឹត្យពាក់ព័ន្ធអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោកសង្កត់ធ្ងន់ពីសារៈសំខាន់នៃអាជ្ញាធរជាតិនេះថា៖ «យន្តការនេះ មានសារៈសំខាន់ក្នុងការបង្ខិតសេវាយុត្តិធម៌ទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយមិនមានភាពស្មុគស្មាញលើនីតិវិធីមិនចំណាយពេលវេលាយូរ និងថវិកាច្រើន ហើយរក្សាការសម្ងាត់រវាងភាគីជម្លោះ ខុសពីការប្រើយន្តការតុលាការ»។
លោកបន្តថា នៅពេលអាជ្ញាធរនេះដំណើរការនឹងជួយសម្រួលដល់បន្ទុក និងការកកស្ទះសំណុំរឿងនៅតុលាការ ខណៈធនធានតុលាការកម្ពុជានៅមានកម្រិតទាំងហិរញ្ញវត្ថុ និងធនធានមនុស្ស។ លើសពីនេះយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងជួយឱ្យមានសុខដុមនីយកម្មក្នុងសហគមន៍ ខុសការប្រើតុលាការដែលកាត់សេចក្តីមានអ្នកឈ្នះ មានអ្នកចាញ់ បង្កជាវិវាទបន្ថែមបង្កបាតុភាពអាក្រក់និងអរិភាពក្នុងមូលដ្ឋាន។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានសាទរចំពោះយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានអាជ្ញាធរទទួលបន្ទុកបែបនេះ។
លោកថា យន្តការនេះអាចជួយដោះបន្ទុកពលរដ្ឋក្នុងការចំណាយថវិកា និងពេលវេលាក្នុងការដោះស្រាយវិវាទតាមរយៈតុលាការ ព្រមទាំងកាត់បន្ថយវិវាទក្នុងសហគមន៍កើតចេញពីការប្តឹងផ្តល់គ្នា ជាពិសេសចំណោមវិវាទរដ្ឋប្បវេណី។ ដោយឡែកបទល្មើសមជ្ឈិម បទឧក្រិដ្ឋ ព្រហ្មទណ្ឌ ត្រូវតែដោះស្រាយក្នុងរង្វង់តុលាការដដែល។ លោក អំ សំអាត បន្តថា៖ «ក្នុងការប្រើយន្តការនេះ យើងទាមទារការបណ្តុះបណ្តាលមន្ត្រីដើម្បីសម្របសម្រួល និងដោះស្រាយបាន។ បើគ្មានមន្ត្រីជំនាញទេ ផលវិបាកនឹងត្រូវកើតឡើង»។
លោកបន្ថែមថា រដ្ឋាភិបាលគួរគិតគូរតាមដានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះដើម្បីធានាបានយុត្តិធម៌ និងតម្លាភាព កាត់បន្ថយឱ្យបានអំពើពុករលួយដើម្បីឱ្យយន្តការនេះមានប្រសិទ្ធភាពខ្ពស់។គួរជម្រាបថា កាលពីថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០២៣ ក្រសួងយុត្តិធម៌បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយបានប្រមូលធាតុចូលសំខាន់ៗមួយចំនួន៕