ភ្នំពេញៈ សហគមន៍​ជនជាតិ​​ដើម​ភាគតិច​កួយ​ខេត្តព្រះវិហារ បាន​បន្ត​រកឃើញ​បទល្មើស​ព្រៃឈើ​ជិត ​៨៦ ​ករណី​ នៅ​ដែន​​ជម្រក​សត្វព្រៃ​ព្រះ​រកា​នៅ​ដើម​ខែកញ្ញា​នេះ ខណៈ​មន្ត្រី​មូល​ដ្ឋា​ន​បដិសេធ​ការរកឃើញ​នេះ និង​ស្នើឱ្យ​សហគមន៍​ដែល​ចុះ​ល្បាត ត្រូវមាន​កិច្ចសហការ​ជា​មួយ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​រួមគ្នា​អភិរក្ស​ធនធានធម្មជាតិ​ទាំងនោះ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហគម​ន៍​ជន​ជាតិ​ដើម​ភាគតិច​កួយ​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែង​​មានជ័យ ខេត្តព្រះវិហារ ចុះ​​ថ្ងៃទី ​២១ ខែកញ្ញា ឆ្នាំ ​២០២៣ បានឱ្យដឹងថា តាម​ការចុះ​ល្បាត​របស់​សហគមន៍​មូល​ដ្ឋា​ន​នៅ​ចន្លោះ​ថ្ងៃទី ​១ ដល់ ថ្ងៃទី ​៤ ខែកញ្ញា​កន្លងមកនេះ​បាន​បង្ហាញថា ស្ថានភាព​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​បាន​ប្រទះឃើញ​បទល្មើស​ថ្មី​ចំនួន ៨៦​ ករណី ក្នុងនោះ​មាន​ក្ដារ​បន្ទះ​ចំនួន ​៣១ ​សន្លឹក​ដែល​ជន​​ល្មើស​មិនទាន់​យក ឬ​ទុកចោល​។​

​ប្រភព​ដដែល​បញ្ជាក់ថា ឈើ​ដែល​ត្រូវ​រង​ការកាប់បំផ្លាញ​ទាំងនោះ សុទ្ធតែជា​ឈើ​ដែល​សហគមន៍​ទាញ​អនុផល​ជ័រ​ច្បោះ និង​ជា​ប្រភេទ​ឈើ​ដែលមាន​តម្លៃ​ខ្ពស់​។​

​លោក ធា ធី​ម យុវជន​សកម្ម​នៅ​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​ភូមិ​ប្រមេរ បានឱ្យដឹងថា បទល្មើស​ថ្មី​ចំនួន​ ៨៦​ ករណីនេះ​ ជា​គល់ឈើ​ដែល​ត្រូវបាន​ជនល្មើស​កាប់​ហើយ​ថ្មីៗ​។ ក្រុម​ឈ្មួញ​ទាំងនោះ បាន​ចូលមក​កាប់ និង​ដឹកឈើ ដោយ​គ្មាន​ការរារាំង​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ឬ​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ខណៈដែល​សហគមន៍​គ្រាន់តែ​សុំចូល​ទៅ​ល្បាត គឺ​សុទ្ធតែ​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​បរិស្ថាន​ផងដែរ​។​

​លោក​បាន​ឱ្យដឹងទៀតថា ឈើ​ដែល​ក្រុម​ជនល្មើស​លួច​កាប់​នេះ មិនមែនជា​លក្ខណៈ​ក្រុមហ៊ុន​នោះទេ គឺមាន​ដេប៉ូ​កែច្នៃ​ឈើ​ជា​អ្នកប្រមូល​ទិញ​ពី​ក្រុម​ជនល្មើស ដើម្បី​ធ្វើការ​ចែកចាយ​ចេញទៅ​លក់​តាម​ខេត្ត​ផ្សេងៗ​។ ចំពោះ​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​នេះ​ទៀត​​សោត កាលពីមុន​ចូលទៅ ស្ទើរ​​តែ​មើលមិនឃើញ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​ពេលនេះ មើល​ឃើញតែ​ដើម​ឈើ​បាន​កាប់​ផ្ដួល និង​ដុត​បំ​​ផ្លាញ​។​

​លោក ​ធី​ម ថ្លែងថា​៖ «​យើង​ចង់ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួងបរិស្ថាន សហការ​ជាមួយ សហគមន៍ សូមកុំ​បិទ​សិទ្ធិ កុំ​រារាំង​មិនឱ្យ​សហគមន៍​ចុះ​ល្បាត អ៊ីចឹង​! ទើប​អាច​សល់​ដើមឈើ​ធំៗ​ខ្លះ​នៅពេល​អនាគត​»​។​

​លោក អូត ឡាទីន មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បានឱ្យដឹង​ដែរ​ថា បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​រកឃើញ​ជាថ្មី នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ខណៈដែល​តំបន់​ទាំងនោះ​បាន​ចុះ​អនុក្រឹត្យ​ដោយ​រាជ​រដ្ឋាភិបាល ក្នុងការ​ដាក់​ជា​តំបន់​ដែន ជម្រកសត្វព្រៃ​។ អ្នក​ដែលមាន​តួនាទី​ធំ​ក្នុងការ​រក្សា​ការពារ​ដែនជម្រកសត្វព្រៃ​ព្រះ​​រកា​នេះ គឺជា​មន្ត្រី​បរិស្ថាន ដូច្នេះ​ប្រសិន​ជាមាន​ឆន្ទៈ​ក្នុងការ​ការពារ​ព្រៃឈើ​ពិតមែន មិនចាំបាច់​ទាល់​តែមាន​របាយការណ៍​ចេញ​រួមគ្នា​ជាមួយ​អាជ្ញាធរ​នោះទេ ទើប​អាច​ចាត់ទុកថា ជា​របាយការណ៍​ពិត​។

​លោក សុខ មុន្នី​រិ​ទ្ធ អភិបាល​រង​ស្រុក​ត្បែងមានជ័យ បាន​បញ្ជាក់ថា របាយការណ៍​របស់​ស​ហគ​មន៍ គឺ​ផ្អែក​តែ​ការចុះ​ល្បាត​របស់​ពួកគាត់ ដោយ​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​នោះទេ ដូច្នេះ​មិនអាច​ទទួលយក​របាយ​ការណ៍​ដែល​សហគមន៍​រកឃើញ​បទល្មើស​ព្រៃឈើ​ទាំង​​អស់នោះ​ឡើយ ខណៈ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន កំពុង ធ្វើការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការ​​អភិរក្ស​ធនធានធម្មជាតិ​ទាំង​នោះ បើទោះបី​មាន​ច្រក​ខ្លះ​ត្រូវបាន​ចន្លោះ​ក្នុងការ​គ្រប់គ្រង​ក៏ដោយ ប៉ុន្តែ​បាន​ព្យាយាម​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ការពារ​ព្រៃឈើ​ទាំងនោះ​។​ លោក ផៃ ប៊ុន​ឈឿន អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មិនអាច​សុំ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ២១៕