​ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​វគ្គប​ណ្ដុះ​បណ្តាល​ស្តីពី​ការបញ្ជា​រ៉ូ​បូត​ដល់​គ្រូ​បច្ចេកទេស​ជំនាញ​អគ្គិសនី អេឡិចត្រូនិក និង​មេកា​និក​ដើម្បី​ពង្រីក​សមត្ថភាព​នេះ​ឱ្យ​ស្របតាម​បដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល និង​ពង្រឹង​ការអនុវត្ត​កម្មវិធីសិក្សា​ផ្នែក​អប់រំ​បច្ចេក​ទេស​ឱ្យ​កាន់តែ​ប្រសើរ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​ការបញ្ជា​រ៉ូ​បូត​» នេះ គឺធ្វើឡើង​ចាប់ពី​ថ្ងៃទី ​២០ ដល់​ថ្ងៃទី​ ២២ ខែកញ្ញា នៅ​ខេត្តសៀមរាប​ដោយមាន​អ្នកចូលរួម ​៥៥​ នាក់​មកពី ​១៤​ វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​។​

​នាឱកាស​នោះ លោក ជួន ជីវិន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ក្រសួង​បង្កើត​វគ្គ​បណ្ដុះបណ្តាល​នេះ គឺ​ដើម្បី​បង្កើន​ចំណេះដឹង​និង​ពង្រីក​សមត្ថភាព​លើ​ជំនាញ​បច្ចេកទេស​ក្នុងការ​បញ្ជា​រ៉ូ​បូត​ស្របតាម​បដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល ៤.០​។​

​លោក​បាន​បន្តថា​៖ «​វគ្គប​ណ្តុះ​បណ្តាល​នេះ ក៏​អាចជួយ​បង្កើន​ស្វ័យប្រវត្តិកម្ម​ដល់​ផលិតកម្ម និង​ដើម្បី​ពង្រឹង​ការអនុវត្ត​កម្មវិធីសិក្សា​ផ្នែក​អប់រំ​បច្ចេកទេស​ជំនាញ​អេ​​ឡិច​ត្រូ​និក អគ្គិសនី និង​មេកា​​និ​ច ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ផងដែរ​»​។​

​ជាមួយគ្នានេះ​លោក ជួន ជីវិន ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក និង​មន្ត្រី​ទាំងអស់ នៃ​មជ្ឈមណ្ឌល​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ការអភិវឌ្ឍ​អប់រំ​បច្ចេកទេស ​(SEAMEO TED)​ ដែល​បាន​ខិតខំ​រៀបចំ​វគ្គប​ណ្តុះ​បណ្តាល​នេះ​ឡើង​ដោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ស្មារតី​សម្រេច​ចក្ខុ​វិស័យ និង​បេសកកម្ម​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ដោយ​ផ្អែកលើ​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន លោក ជួន ជីវិន បានបង្ហាញ​ក្តី​ស​ង្ឈឹ​ម​ថា សិក្ខាកាម​ទាំងអស់​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ ហើយ​សម្រួច​ជំនាញ​របស់ខ្លួន​តាមរ​យៈ​ការ​ចែករំលែក និង​ផ្ទេរ​ចំណេះដឹង​ដែល​ទទួលបាន​ទៅដល់​លោកគ្រូ អ្នកគ្រូ ដែល​ពុំទាន់​មានឱកាស​ចូលរួម​ឬ​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​នេះ ជាពិសេស គឺ​បង្រៀន​ក៏​ដូច​សិស្សានុសិស្ស​នៅតាម​សាលា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​

​ជុំវិញ​រឿងនេះ​លោក​គង់ សំនៀង​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី ​២១ ខែកញ្ញាថា លោក​គាំទ្រ​ចំពោះ​សកម្ម​ភាព​ដែល​ជួយ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ដល់​គ្រូ ជាពិសេស​លើ​ជំនាញ​បច្ចេកទេស​នានា​។​

​លោក​បាន​បន្តថា​៖ «​សារៈ​សំខាន់​នៃ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ដ​ល់​គ្រូ​នឹងធ្វើ​ឱ្យ​គ្រូ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​បន្ត​អប់រំ​ទៅកាន់​សិស្សានុសិស្ស​កាន់តែ​មាន​ភា​ព​ច្បាស់លាស់ ត្រឹមត្រូវ មិនតែប៉ុណ្ណោះ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស​ក៏​ជាការ​រួមចំណែក​អភិ​វឌ្ឍន៍​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ​​ភាព​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ទីផ្សារការងារ​នៅក្នុង និង​ក្រៅប្រទេស​ផងដែរ​»​។​

​បើតាម​ក្រសួង​អប់រំ ការអប់រំ​បច្ចេកទេស​បានក្លាយ​ជា​គោល​នយោបាយ និង​ផែនការ​អាទិ​ភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៃ​អាណត្តិ​ទី​៧​ ក្រោម​ការដឹកនាំ​របស់​លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ។ ហេតុនេះ​ដើម្បី​សម្រេច​គោលដៅ និង​គោលនយោបាយ​អភិវឌ្ឍន៍​​ជាតិ​នេះ ក្រសួង​អប់រំ ក៏បាន​ប្តេជ្ញា​បន្ត​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​តាមរយៈ​ការ​ពង្រឹងគុណភាព​នៃ​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​៕