
យុវសិស្សនៅវិទ្យាល័យព្រែកលៀប (សាលារដ្ឋ) ពេលកំពុងសិក្សាកាលពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ ការជ្រើសរើសសាលាឯកជនឬសាលារដ្ឋឱ្យកូនរៀនគឺស្ថិតនៅលើការសម្រេចរបស់មាតាបិតា ឬអាណាព្យាបាលសិស្ស។ តែអាណាព្យាបាលសិស្សមួយចំនួនយល់ថា សាលារដ្ឋនៅតែជាជម្រើសដ៏ល្អសម្រាប់កូនៗពួកគាត់ ព្រោះមិនចំណាយលើការបង់ថ្លៃសិក្សា ហើយថាគួរតែមានការចូលរួមវិភាគទានខ្លះៗដើម្បីដោះស្រាយការលំបាករបស់សាលាក៏ដូចជាចូលរួមលើកកម្ពស់គុណភាពសិស្សបន្ថែមទៀត។
លោក យិន សុខុម រស់នៅភូមិ ១ សង្កាត់ ១ ក្រុងខេត្តព្រះសីហនុជាអ្នកលក់ផ្លែឈើដែលមានកូនស្រី ២ នាក់រៀន នៅវិទ្យាល័យឃ្លាំងលើក្រុងព្រះសីហនុបានថ្លែងថា កូនៗរបស់លោករៀននៅសាលារដ្ឋហើយលោកក៏តែងតែចូលរួមប្រជុំជាញឹកញាប់ រវាងមាតាបិតា អាណាព្យាបាលជាមួយនឹងលោកគ្រូ អ្នកគ្រូផងដែរ។
លោកបានបន្តថា ថ្វីដ្បិតតែសាលានេះមិនបានតម្រូវឱ្យមាតាបិតា អាណាព្យាបាលសិស្សជួយបង់វិភាគទានក្តី តែប្រសិនបើខាងសាលាមានសំណូមពរឱ្យជួយជាវិភាគទានបន្តិចបន្តួចគឺលោកនឹងចូលរួមព្រោះការជួយសាលាក៏ដូចជា ការជួយដល់កូនៗរបស់លោកដែរ។
លោកបានបញ្ជាក់ថា៖ «ការចំណាយលើកូនរៀននៅសាលារដ្ឋវាអស់តិចជាងការចំណាយលើកូនរៀននៅសាលាឯកជន គ្រាន់តែថាការស៊ីចាយទៅតាមហ្នឹងដែរសម្រាប់ឱ្យកូនទៅរៀន»។
លោក រស់ សុខុម ជាមន្ត្រីរាជការបម្រើការនៅស្ថាប័នរដ្ឋមួយក្នុងក្រុងព្រះសីហនុដែរនោះបានឱ្យដឹងថា លោកមានកូនរៀននៅសាលាឯកជនមួយដែលការបង់ថ្លៃសិក្សាក្នុង ១ ខែត្រូវចំណាយចំនួន ៤៩ ដុល្លារ តែបើរៀននៅសាលារដ្ឋវិញមិនត្រូវបង់លុយដូចសាលាឯកជនទេ។ក្នុងនាមជាមាតាបិតាសិស្សតែងចង់បណ្តុះបណ្តាលឱ្យកូនមានចំណេះដឹង។
លោកប្រាប់ថា សម្រាប់ថ្លៃបង់សេវាអ្វីផ្សេងៗគឺសាលាមិនតម្រូវឱ្យអាណាព្យាបាលបង់ទេ តែក្នុង ១ ឆ្នាំ ត្រូវចំណាយលើថ្លៃទិញពាក្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ឬហៅថាជាសេវារដ្ឋបាលអស់ប្រមាណ ១០០ ដុល្លារ។
លោកបានបន្តថា ថ្វីដ្បិតតែកូនរបស់លោករៀននៅសាលាឯកជនក្ដី តែប្រសិនបើលោកមានកូនរៀននៅសាលារដ្ឋក៏លោកត្រូវតែរួមចំណែកជួយដល់សាលាដែរក្នុងករណីមានសំណូមពរណាមួយទៅតាមលទ្ធភាពដែលអាចចូលរួមបាន។លោកថា ការចូលរួមជួយដល់សាលាមិនសំដៅតែលុយកាក់ទេ តែជាការផ្តល់ព័ត៌មានពីការសិក្សារបស់កូនទៅសាលា ការអប់រំកូន ការមានទំនាក់ទំនងជាមួយសាលាក៏ជាកិច្ចការដែលត្រូវចូលរួមជាមួយសាលាដែរ។
យុវជនឈ្មោះ ឃាង អ៊ួយអ័ង អាយុ ២០ ឆ្នាំ ជាអតីតសិស្សវិទ្យាល័យទួលទំពូងដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យមួយនេះកាលពីឆ្នាំ ២០២១ បានរៀបរាប់ថា កាលនៅរៀនវិទ្យាល័យទួលទំពូងលោកធ្លាប់ជាបេក្ខភាពជយលាភីម្នាក់ដែលតំណាងឱ្យសាលាក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ហើយរាល់ពេលប្រកួតគឺតែងតែមានការជ្រោមជ្រែងពីលោកនាយកវិទ្យាល័យ កុយ សេដា ជានិច្ច។
លោកបានឱ្យដឹងថា កាលនោះលោករៀននៅថ្នាក់អនុវិទ្យាល័យ គឺមិនមានការបង់ប្រាក់ច្រើនរៀងរាល់ខែទេ។តែបើខែណាខ្វះ លោកនាយកសំណូមពរឱ្យជួយចូលរួមបង់វិភាគទានតែ ១ ពាន់រៀលទៅ ១ ៥០០ រៀលប៉ុណ្ណោះដែលការបង់នោះ គឺជួយទៅតាមភាពជាក់ស្តែងហើយក៏មិនមែនរៀងរាល់ខែដែរ។
យុវជន អ៊ួយអ័ង បានបន្តថា កាលពីលោកនៅរៀនថ្នាក់ទី ១១ ឆ្នាំសិក្សា ២០២០ លោកនៅចាំបានថា មានការប្រមូលលុយបង់ថ្លៃភ្លើងប្រចាំខែដោយក្នុង ១ ខែ ចំនួន ២ ០០០ រៀល ប៉ុន្តែមិនធ្លាប់មានការប្រទាំងប្រទើសអ្វីទេ សូម្បីការរអ៊ូរទាំពីសិស្ស ឬឪពុកម្ដាយសិស្សក៏លោកមិនដែលបានឮដែរ ព្រោះថា នោះជាការចំណាយតិចតួចនិងធ្វើម្ដងម្កាលប៉ុណ្ណោះ។
យុវជន អ៊ួយអ័ង បានបញ្ជាក់ប្រាប់ថា៖ «សរុបមកវិញកាលខ្ញុំនៅរៀនគឺគ្មានការរអ៊ូនោះទេជុំវិញការប្រមូលវិភាគទានថ្លៃទឹកភ្លើង ហើយខ្ញុំក៏មិនដែលឃើញមានការថ្នាំងថ្នាក់នឹងសាលាដែរ។ការប្រើប្រាស់ទឹកភ្លើងនៅសាលារួមមាន កង្ហារ ៤ និងអំពូលភ្លើង ៤ ក្នុង ១ បន្ទប់»។
យ៉ាងណាក្ដី មួយរយៈចុងក្រោយនេះមានមតិមួយចំនួនបានរិះគន់លើវិទ្យាល័យទួលទំពូងដោយសារការតម្រូវឱ្យសិស្សបង់ថ្លៃទឹកភ្លើង។ ករណីនេះ លោកនាយករង ម៉ី សាម៉ុន ដែលរងការរិះគន់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ហេតុផលគឺថាវិទ្យាល័យបានអញ្ជើញមាតា-បិតាសិស្សនិងសហគមន៍ចូលរួមប្រជុំដើម្បីផ្សព្វផ្សាយអំពីការជួយឧបត្ថម្ភទៅតាមលទ្ធភាពហើយក្នុងអង្គប្រជុំក៏ឯកភាពគ្នាថាសុំជួយថវិកាក្នុងការជួយបង់ទឹកភ្លើងក្នុង ១ ខែ ចំនួន ២ ៥០០ រៀល។
ប៉ុន្តែចាប់តាំងពីដើមឆ្នាំ ២០២៣ មក ដោយសារការងាររវល់មមាញឹកផងនោះក៏ចេះតែទុកមិនបានប្រមូលថវិកាហើយសរុបរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ ២០២៣ គឺថវិកាដែលចូលរួមវិភាគទានសរុបអស់ ២ ម៉ឺនរៀលក្នុងសិស្សម្នាក់ៗ។ តែកូនសិស្សគាត់មិនឮថា ៨ ខែអស់ ២ ម៉ឺនរៀល បែរជាគាត់គិតថា ក្នុង ១ ខែអស់ ២ ម៉ឺនរៀលវិញ ហើយក៏យកព័ត៌មាននេះទៅប្រាប់ម្តាយឪពុក។ បន្ទាប់មក ឪពុកម្តាយសិស្សម្នាក់ ២ នាក់ក៏យកព័ត៌មាននេះទៅប្រាប់អ្នកកាសែតដោយផ្អែកសម្ដីពីភាគីម្ខាង ហើយមិនបានមកសួរបញ្ជាក់រកហេតុផលពីសាលាក៏កើតជារឿងទៅ។
លោកបានបន្តថា៖ «សម្រាប់សាលាត្រូវបង់ថ្លៃទឹកភ្លើងក្នុង ១ ខែជាង ៤ លានរៀល ដែលខាងក្រសួងក៏ដូចជាមន្ទីរអប់រំក៏បានឃើញវិក្កយបត្រទឹកភ្លើងនោះដែរ ឃើញថា អស់ច្រើនមែន។បច្ចុប្បន្នក្នុងបន្ទប់ ១ មានអំពូល ១២ និងប្រើកង្ហារចំនួន ៤ គ្រឿង ដើម្បីបើកឱ្យសិស្សអង្គុយរៀន ដូច្នេះភ្លើងក៏អស់ច្រើនដែរដែលក្នុង ១ ថ្ងៃ ត្រូវបើក ៨ ម៉ោង»។
លោកបានប្រាប់ថា សិស្សប្រុសស្រីក្នុងវិទ្យាល័យទាំងអស់ចំនួន ២ ៦០០ នាក់ មានអគារចំនួន ៥ ហើយក្នុង ១ ថ្ងៃ ត្រូវដំណើរការបង្រៀនមាន ៦០ បន្ទប់ទាំងព្រឹក និងល្ងាចដើម្បីបើកកង្ហារនិងប្រើអំពូលភ្លើង។តែបញ្ហាកន្លងមក មានការប្រជុំដោយមានសហគមន៍ មានលោកអភិបាលរងខណ្ឌ មានលោកតំណាងសាលារាជធានីភ្នំពេញនិងខាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញចូលរួមដោះស្រាយរួចរាល់ហើយ ដោយមានទាំងឯកសារបង្ហាញគ្រប់គ្រាន់ផងដែរ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញបានឱ្យដឹងថាវិទ្យាល័យទួលទំពូងបានអនុវត្តការបង់វិភាគទាននេះ ២ ឆ្នាំមកហើយ ហើយសម្រាប់ឆ្នាំ ២០២៣ នេះលោកនាយកវិទ្យាល័យបានប្រជុំជាមួយមាតាបិតាសិស្សតាំងពីដើមឆ្នាំពាក់ព័ន្ធនឹងការរួមវិភាគទាននេះ។
បញ្ហាទឹកភ្លើងនេះបើគ្រាន់តែប្រើសម្រាប់ទីចាត់ការសាលា គឺមិនអស់ប៉ុន្មានទេ ដែលក្នុង ១ ខែៗមិនដល់ ១ លានរៀលផង ប៉ុន្តែឪពុកម្តាយសិស្សជាច្រើនបានសំណូមពរថា មកដល់ដំណាក់កាលនេះទៅហើយខាងសាលាឯកជនគេប្រើដល់ម៉ាស៊ីនត្រជាក់អ៊ីចឹងសាលារដ្ឋគួរឱ្យមានជាកង្ហារអីទៅ ហើយសំណូមពររបស់គាត់បែបនេះគឺសមហេតុផលមែន។
លោកបានបញ្ជាក់ថា ក្រោយពីទទួលបានសំណូមពរហើយនោះ ខាងសាលាក៏បានអញ្ជើញមាតាបិតាសិស្សមកប្រជុំនិងមានការឯកភាពគ្នាពីការចូលរួមវិភាគទានថ្លៃទឹកភ្លើងនេះ។ប៉ុន្តែសាលាក៏មានថវិកាសម្រាប់ចំណាយថ្លៃទឹកភ្លើងខ្លះដែរ តែបង់មិនបានត្រឹម ៣ ខែប៉ុណ្ណោះ។ រីឯចំណូលរបស់សាលាបានពីសេវាផ្ញើកង់តូបលក់ដូរក្នុងបរិវេណសាលាគឺយកទៅកែលម្អបរិស្ថានសាលា រួមទាំងសេវាជួលសន្តិសុខហើយយកមកជួយបង្គ្រប់ថ្លៃទឹកភ្លើងទៀតនៅតែមិនគ្រប់។ក្នុងឆ្នាំនេះសិស្សមានចំនួនជាង ២ ពាន់នាក់តែសិស្សដែលមានលទ្ធភាពចូលរួមវិភាគទានមានតែ ១៧ ០០ នាក់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ទោះជាមានការឯកភាពពីឪពុកម្តាយសិស្សពីការចូលរួមបង់វិភាគទានក្តី តែលោកនាយកសាលាគាត់ក៏មិនចង់ទទួលថវិកាដែរ ព្រោះចាំមើលសិនបើចុងឆ្នាំនេះខ្វះបន្តិចបន្តួចគាត់ជួយបង្គ្រប់ តែមើលទៅវាច្រើនពេក គ្រាន់តែភ្លើងអស់ប្រហែល ៤ លានរៀល តែបើខែខ្លះមានវិក្កយបត្រទឹកទៀតគឺចន្លោះពី ៦ លានរហូតដល់ទៅ ៧ លានរៀលឯណោះ»។
លោក សេក សុជាតិ ជាអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវបានថ្លែងថា មិនថាឡើយតែសាលារដ្ឋ ឬក៏សាលាឯកជនទេ គឺជាថ្នាលបណ្តុះសមត្ថភាពមនុស្សជំនាន់ក្រោយ ហើយបញ្ហានេះយើងមិនអាចបដិសេធបានទេ។ក៏ប៉ុន្តែបើនិយាយពីកាតព្វកិច្ចរបស់ក្រសួងអប់រំក៏ដូចជាសាលារៀន និងគ្រូបង្រៀនគឺជាតួនាទីមួយចាំបាច់ដែលត្រូវតែមានភាពច្បាស់លាស់។
លោកបានបន្តថា ប្រសិនបើសាលាក៏ដូចជា គ្រូបង្រៀនដើរប្រាសចាកពីគន្លងសីលធម៌វិជ្ជាជីវៈ ហើយបែរជាទៅយកលុយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏ផលប្រយោជន៍របស់គ្រូមួយចំនួន អ៊ីចឹងវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់សង្គមទាំងមូល។
ទោះជាយ៉ាងណាក្ដី លោកបានបញ្ជាក់ថា៖ «ប្រសិនបើក្នុងករណីមានការព្រមព្រៀងគ្នារវាងអាណាព្យាបាលសិស្សជាមួយនឹងគ្រូបង្រៀននិងកូនសិស្សក្នុងការបំពាក់កង្ហារដើម្បីផាសុកភាពរៀនគឺជារឿងមួយល្អហើយ។ ដោយសារវាមានការឯកភាពគ្នា ហើយធ្វើដើម្បីប្រយោជន៍រួមគឺគ្មានបញ្ហាអីទេ ក៏ ប៉ុន្តែបើធ្វើតែប្រយោជន៍ក្រុមមួយ តែមិនមានការឯកភាពពីអាណាព្យាបាលនោះទើបជាបញ្ហា»៕