ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព និង​ធ្វើការ​ប្តេជ្ញា​ថា នឹង​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ការប្តេជ្ញា​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ជាមួយ​លោក ឆឺ​ត​កៀក អាត់​ថា​ក័​រ (Cherdkiat ATTHAKOR) អគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាល​រសៀល​ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​បើតាម​ក្រសួង​ការងារ ក្នុងជំនួប​នោះ ភាគី​ទាំង​ ២ បាន​ផ្តោត​ខ្លាំង​លើ​ការ​ឯកភាពគ្នា បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ប្រទេស​ទាំង ២ ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ ដើម្បី​រក្សាបាន​ប្រយោជន៍​ជូន​ពលរដ្ឋ​សងខាង​។

​លោក ហេង សួរ បាន​ថ្លែងថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ថៃ ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​លើ​ផ្នែក​ការងារ​ដោយបាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​សម្របសម្រួល​ដល់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ និង​រស់នៅ​ប្រទេស​ថៃ​ដែល​បច្ចុប្បន្ន​មាន​ប្រមាណ​១,២​ លាន​នាក់​ផងដែរ​»​។

​ទន្ទឹមគ្នា​នេះដែរ លោក ឆឺ​ត​កៀក អាត់​ថា​ក័​រ អគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​កិច្ចសហការ និង​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នកជំនាញ និង​ពលរដ្ឋ​ថៃ​ដែល​កំពុងធ្វើការ​និង​ស្នាក់នៅ​កម្ពុជា​។​

​បើតាម​ក្រសួង​ការងារ ឯកអគ្គរាជទូត​ថៃ ក៏បាន​ឯកភាព​ជាមួយ​ក្រសួង​ការងារ​ថា​៖ «​ទូត​ថៃនឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដែល​ប្រទេស​ទាំងពីរ​ធ្លាប់បាន​សហការ​កន្លង​រួចមកហើយ ដើម្បី​រួមគ្នា​ផ្គត់ផ្គង់​កម្លាំង​ជំនាញ​ចូល​ទីផ្សារការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ថែមទៀត​»​។​

​ជុំវិញ​រឿងនេះ​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា នៅ​ថ្ងៃទី ​២២ ខែកញ្ញា បាន​លើកឡើងថា នេះ​ជា​រឿង​ល្អ​ដែល​ក្រសួង​និង​ភាគី​ថៃ បានធ្វើការ​ពង្រឹង​លើ​ការលើកកម្ពស់​វិស័យ​ការងារ​ទ្វេភាគី ខណៈ​ការ​ឯកភាពគ្នា​នេះ​នៅពេលនេះ គឺជា​ការ​សម្រួច​កម្លាំង​ប្រជាជន​កម្ពុជា​-​ថៃ​ឱ្យមាន​ចំណេះ​ជំនាញ​ច្បាស់លាស់ ដើម្បី​បំពេញតម្រូវការ​ការងា​រ​។

លោក​បន្តថា​៖ «​បច្ចុប្បន្ន​បើ​យើង​មើល​ប្រទេស​ថៃ ឃើញថា​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សំណង់​របស់គេ​មានការ​រីកចម្រើន​ខ្លាំង ចឹ​ង​ភាគី​ទាំងពីរ​គួរតែ​ផ្តោតលើ​ជំនាញ​ដែល​គេ​កំពុងមាន​តម្រូវការ​ខ្លាំង​។ ប៉ុន្តែ​ទន្ទឹមគ្នានេះ កម្ពុជា​ខ្លួនឯង​ក៏​គួរតែ​ផ្តោតលើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដែលមាន​តម្រូវការ​ជាក់ស្តែង​នៅ​កម្ពុជា​ផងដែរ ដូចជា វិស័យ​ឧស្សាហកម្ម វិស័យ​សំណង់ វិស័យ​កសិកម្ម ដែលជា​វិស័យ​ស្នូល​របស់​កម្ពុជា​»​។

​បើតាម​ក្រសួង​ការងារ ភាគី​ទាំងពីរ ក៏បាន​គូស​បញ្ជាក់ដែរថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទ្វេភាគី​ដែលមាន​ស្រាប់​នាពេលនេះ នឹង​ធ្វើឱ្យ​និយោជក​ថៃ មាន​ភាពងាយស្រួល​ជាង​មុន​ក្នុងការ​ទទួល​ពលករ​កម្ពុជា​ទៅធ្វើ​ការ ហើយ​ពលករ​កម្ពុជា ក៏​អាច​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ដែលជា​ការរក្សាបាន​ប្រយោជន៍​ទាំងសងខាង​ថែមទៀត​៕