លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី២០ នៃ​សមាគមជាតិ​កាកបាទក្រហម បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​បើកឱកាស​ឱ្យ​យើង​អាច​វាយតម្លៃ​បាន​លើ​កិច្ច​ការដែល​បានសម្រេច​រួមគ្នា​កន្លងទៅ និងពង្រឹង​បាន​វប្បធម៌​នៃ​ការរួម​កម្លាំង​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​មនុស្សធម៌​។​

​លោកស្រី​បានលើកឡើង​បែបនេះ ស្របពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ីអាគ្នេយ៍ ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២១-២២ ខែកញ្ញា ឆ្នាំ ២០២៣​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ប្រធាន​ប្រតិភូ មកពី​សហព័ន្ធ​អន្តរជាតិ នៃ​សមាគមជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ប្រចាំ​ប្រទេស​កម្ពុជា​-​ឡាវ​- ថៃ​-​វៀតណាម​, ប្រធាន​ប្រតិភូ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម ប្រចាំ​ទីក្រុង​បាងកក និង​ប្រធាន​ប្រតិភូ​នៃ​សមាគមជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ីអាគ្នេយ៍​ទាំង​ ១១​។

​អំឡុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ លោកស្រី ប៊ុន រ៉ានី បានអនុញ្ញាត​ទទួល​ជួប​ជាមួយ​ប្រតិភូ​និង​ថ្នាក់ដឹកនាំ​ខាងលើ កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា ដោយបាន​សម្តែង​នូវ​ក្ដី​សោមនស្ស រីករាយ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​។​

​សេចក្តីប្រកាស​ព័ត៌មាន​កាកបាទក្រហម​កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគមជាតិទាំង ១១ បាន​ដំណើរការ​ជា​បន្តបន្ទាប់​ពុំមាន​ការអាក់ខាន​ឡើយ​តាំងពី​ឆ្នាំ​ ២០០៣ បើទោះបី​មាន​ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩ ក៏ដោយ ក៏​គ្រប់ភាគី​បាន​រក្សា​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែរ​។

​លោកស្រី ប៊ុន រ៉ានី បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាសថា​៖ «​កិច្ចប្រជុំ ប្រចាំឆ្នាំ​ ២០២៣​ នេះ បាន​បើកឱកាស​ឱ្យ​យើង អាច​វាយតម្លៃ​បាន លើ​កិច្ច​ការដែល​យើង​បានសម្រេច​រួមគ្នា​ក្នុង​ឆ្នាំ​ ២០២២ និង​ពិនិត្យ​ការអនុវត្ត​សេចក្តីថ្លែងការណ៍ ឆ្នាំ​២០២២ តាមរយៈ កិច្ចសហប្រតិបត្តិការ និង​ការពង្រឹង​ភាពជា​ដៃគូ ការធានាបាន​ថា​បណ្តាញ​ការងារ​នានា នៅក្នុង​ភូមិភាគ​របស់​យើង​មាន​គណនេយ្យភាព ចំពោះ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​។ ជាមួយគ្នានេះ យើង​ពង្រឹង​បាន​វប្បធម៌​នៃ​ការ រួម​កម្លាំង​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ភូមិភាគ និង​ស្វែងរក​ដំណោះស្រាយ​ថ្មី​ក្នុង​វិស័យ​មនុស្សធម៌ ដែល​នឹង​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ថែមទៀត​»​។

​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ឆ្នាំ​ ២០២៣ មាន​សមាសភាព​ថ្នាក់ដឹកនាំ និង​ប្រតិភូ​ជំនាញ​ជិត ៦០​ នាក់ និង​យុវជន​ជា​អ្នកសង្កេតការណ៍ ៣៤​នាក់ មកពី​សមាគមជាតិ​ទាំង ​១១​។

​ក្នុងនាម​ម្ចាស់ផ្ទះ កាកបាទក្រហមកម្ពុជា ក៏បាន​អនុញ្ញាតឱ្យ​តំណាង សាខា​ទាំង ២៥ រាជធានី​-​ខេត្ត ជាង ៥០ ​នាក់ ចូលរួម​ជា អ្នកសង្កេតការណ៍​ផងដែរ ព្រោះ​អ្នក​ទាំងអស់នោះ គឺជា​កម្លាំង​នៅតាម​បណ្តា​ខេត្ត ដឹកនាំ​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាម​សហគមន៍ មូលដ្ឋាន ធ្វើ​សកម្មភាព​ដូច​ភ្លៀងរលឹម ដើម្បី​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។

​ជា​កិច្ច​ឆ្លើយតប ប្រធាន​ប្រតិភូ​ទាំងអស់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី ប៊ុន រ៉ានី ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ ចំពោះ​ការទទួល​ស្វាគមន៍ យ៉ាង​កក់ក្តៅ និង​បដិសណ្ឋារកិច្ច​ដោយផ្ទាល់ ដែល​នេះ​ជា​កាយវិការ​គួរ​ជាទីគោរព​ស្រឡាញ់ មាន​ភាពកក់ក្តៅ ប្រកបដោយ​មិត្តភាព និង​សាមគ្គីភាព​។

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ប្រធាន​ប្រតិភូ​ទាំងអស់ ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ ការរៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ដោយ​ឆ្លុះបញ្ចាំង ឱ្យឃើញ​ពី​ការដឹកនាំ​ដ៏​មាន​ថាមភាព​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​នៅតាម​សហគមន៍​»៕